ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ (​គ.អ.ក) ​បាន​ណែនាំ​ឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ទីរពេទ្យ​ទាំងអស់​ទូទាំងប្រទេស​មិនត្រូវ​អនុញ្ញាត​​ឱ្យ​អ្នកជំងឺ​កូវីដ​ ១៩ ប្រភេទ​ «​ដែលតា​» ​សម្រាក​ព្យាបាល​នៅ​តាម​ផ្ទះ​នោះ​​ទេ រីឯ​ការអនុញ្ញាត​ឱ្យចេញ​​ពី​ផ្នែក​ព្យាបាល​ជំងឺ​កូវីដ​ ១៩ បំប្លែង​ថ្មី គឺ​យ៉ាង​ឆាប់​បំផុត​រយៈពេល ២១ ​ថ្ងៃ​។

ការសម្រេច​យ៉ាង​ដូច្នេះ បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​​សម្រេច​រៀបចំ​មណ្ឌល​ចត្តាឡីស័ក និង​មណ្ឌល​ព្យាបាល​នៅ​​តាម​បណ្តា​រាជធានី-ខេត្ត ដើម្បី​ទទួលយក​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ព្រំដែន​គោក ហើយ​ភាគច្រើន​នៃ​ពលករ​ទាំងនោះ​ត្រូវបាន​រកឃើញថា មាន​ផ្ទុក​ជំងឺ​កូវីដ​ ១៩ ​បំប្លែង​ថ្មី ប្រភេទ​ដែលតា​។

លោក ម៉ម ប៊ុនហេង បាន​អះអាង​ក្នុង​លិខិត​ ១ ​ច្បាប់​ចុះថ្ងៃទី​ ៩ សីហា​ថា ការមិន​អនុញ្ញាត​បែបនេះ ដោយយោង​តាម​ការចាំបាច់​ក្នុង​ការគ្រប់គ្រង​ការព្យាបាល​ជំងឺ​កូវីដ​ ១៩ ជាពិសេស​ដោយ​ផ្អែក​ទៅតាម​ទិន្នន័យ​ផ្នែក​អេពីដេមីសាស្ត្រ​នៃ​ការឆ្លង​រាលដាល​នៃ​វីរុស​កូវីដ​ ១៩ បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែលតា ព្រមទាំង​ការសិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព​ចម្លង និង​រយៈពេល​សកម្ម​របស់​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​អ្នក​ជំងឺ​កូវីដ​ ១៩ ​ប្រភេទ​ដែលតា (​ដែល​បានបញ្ជាក់​ដោយ​មន្ទីរពិសោធន៍ ឬ​ស្ថិត​ក្នុងករណី​សង្ស័យ​) ទាំង​ចំពោះ​ករណី​នាំចូល​ពី​ក្រៅប្រទេស និង​ករណី​ក្នុង​សហគមន៍ ពុំ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ព្យាបាល​នៅតាម​ផ្ទះ​ទេ ដោយ​តម្រូវ​ឱ្យទៅ​ទទួល​ការព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ ១៩ ឬ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ដែល​បានកំណត់ អាស្រ័យ​ទៅតាម​កត្តា​សុខភាព​ជាក់ស្តែង​របស់​អ្នកជំងឺ​»​។

ជាមួយ​គ្នា​នេះដែរ លោក​រដ្ឋមន្ត្រី​សុខាភិបាល​ក៏​បាន​អះអាង​ថា អនុគណៈកម្មការ​បច្ចេកទេស និង​ព្យាបាល​នៃ​ គ.អ.ក បានកំណត់​នូវ​លក្ខខណ្ឌ​នៃ​ការបញ្ចប់​ការព្យាបាល​ជំងឺ​កូវីដ​ ១៩ ប្រភេទ​ដែលតា ដើម្បី​ដាក់ឱ្យអនុវត្ត​នៅតាម​រាជធានី-ខេត្ត​ទាំងអស់​ផងដែរ​។

យោងតាម​ការកំណត់​នូវ​លក្ខខណ្ឌ​នៃ​ការបញ្ចប់​ការព្យាបាល​ជំងឺ​កូវីដ​ ១៩ ​ប្រភេទ​ដែលតា​របស់​ក្រសួងសុខាភិបាល​បានឱ្យដឹងថា គ្រប់​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត មន្ទីរពេទ្យ​​ព្យាបាល​ជំងឺ​កូវីដ​ ១៩ និង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល​នៅ​ថ្នាក់ជាតិ និង​រាជធានី-ខេត្ត​ទាំងអស់​ត្រូវ​អនុវត្ត​នីតិវិធី​នៃ​ការព្យាបាល​ខុសគ្នា​ទៅនឹង​ការព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ធម្មតា​។

ក្រសួង​សុខាភិបាល​បាន​រៀបរាប់ថា រាល់​អ្នកជំងឺ​ប្រភេទ​ដែលតា​នឹងត្រូវ​បានធ្វើ​តេស្ត PCR នៅ​ថ្ងៃទី​ ១៦ បន្ទាប់ពី​ដឹង​លទ្ធផល​តេស្ត​វិជ្ជមាន​កូវីដ​ ១៩ ​ប្រភេទ​ដែលតា​នៅ​ថ្ងៃ​ដំបូង​។

បន្ទាប់មក បើ​ក្នុងករណី​លទ្ធផល​បន្ត​វិជ្ជមាន​នោះ​ត្រូវ​បន្ត​ឱ្យ​សម្រាក​ព្យាបាល​នៅ​កន្លែង​សម្រាក​ព្យាបាល​បន្តទៀត​ ដើម្បី​រង់ចាំ​ធ្វើតេស្ត PCR រៀងរាល់ ៤៨ ​ម៉ោង​ទៅ ៧២ ​ម៉ោង​ម្តង រហូត​ទទួលបាន​លទ្ធផល​តេស្ត PCR អវិជ្ជមាន​ ២ ​ដង បន្តបន្ទាប់​គ្នា​ក្នុង​រយៈពេល ៧២ ​ម៉ោង​។

ប៉ុន្តែ​បើ​ក្នុងករណី​តេស្ត PCR ថ្ងៃទី​ ១៦ ទទួលបាន​លទ្ធផល​អវិជ្ជមាន​វិញ នោះ​អ្នកជំងឺ​ទាំងនោះ គឺ​នៅតែ​ត្រូវ​បន្ត​ឱ្យ​សម្រាក​ព្យាបាល​នៅ​កន្លែង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​ដដែល​ដើម្បី​ធ្វើតេស្ត​ PCR ​ជាថ្មីទៀត នៅ​ថ្ងៃទី​ ១៩ ដោយ​រាប់​ចាប់​ពីថ្ងៃ​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​ដំបូង​។

ក្រសួង​បាន​បញ្ជាក់ថា​ «​ចំពោះ​​អ្នកជំងឺ​កូវីដ​ ១៩ ដែលតា​ប្រភេទ​​ថ្មី គឺ​ចាំបាច់​ត្រូវ​អនុញ្ញាត​ឱ្យ​ចេញពី​ផ្នែក​ព្យាបាល​ជំងឺ​កូវីដ ១៩ យ៉ាង​ឆាប់​បំផុត នៅ​ថ្ងៃទី​ ២១ និង​បន្ត​ព្យាបាល​ទៅតាម​ផលវិបាក​នៃ​ជំងឺ ឬ​បញ្ចប់​ការព្យាបាល​យ៉ាង​ឆាប់​បំផុត​នៅ​ថ្ងៃទី​ ២១ ដោយ​បន្តធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ​នៅផ្ទះ​»​។

លោក ហែន ភារៈ វេជ្ជបណ្ឌិត​ផ្នែក​ផ្លូវដង្ហើម​ដែលមាន​បទពិសោធ​ជាង​ ២០ ​ឆ្នាំ បាន​លើកឡើង​ថា ការដាក់ចេញ​វិធានការ​ថ្មី​សម្រាប់​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ដែលតា​ប្រភេទ​ថ្មី គឺ​ជំហាន​មួយ​ដែល​ត្រឹមត្រូវ និង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីករាលដាល​វីរុស​ថ្មី​នេះ​ចូលក្នុង​សហគមន៍​។

លោក​បន្តថា វីរុស​ដែលតា​គឺជា​វីរុស​មួយ​ដែល​គ្រោះថ្នាក់ និង​អាច​សម្ងំ​ក្នុង​ខ្លួន​បានយូរ​ជាង​វីរុស​ធម្មតា ដូច្នេះ​ការរក្សា​អ្នកជំងឺ​ប្រភេទ​នេះ ឱ្យបាន​កាន់តែ​យូរ ដើម្បី​ផ្តាច់​ចេញពី​សហគមន៍ គឺជា​ការចូលរួម​ក្នុង​ការកាត់ផ្តាច់​ការឆ្លង​ក្នុង​សហគមន៍​។

លោក​បាន​បញ្ជាក់ថា​៖ «​ព្រោះ​ដែលតា​នេះ យើង​ពិបាក​គ្រប់គ្រង ដោយសារ​វា​ថ្មី ហើយ​អត្រា​ស្លាប់​វា​ច្រើន បើ​គិតពី​វ៉ាក់សាំង​យើង​មិនសូវមាន អ៊ីចឹង​មានតែ​វិធានការ​នេះ​ទេ​។ ​ប្រភេទ​​ដែលតា នេះ​គឺ​ការដឹង​ពី​រោគសញ្ញា​គឺ​យូរ ហើយ​ទម្រាំ​ដឹង​​គឺ​វា​នឹង​វិវឌ្ឍ​ទៅ​ធ្ងន់ធ្ងរ​ ឬ​ក៏​ជា​ទៅ​​តាម​ស្ថានភាព​របស់​មនុស្ស​»​។

ដើម្បី​ជា​ការចូលរួម​ជាមួយ​​រដ្ឋាភិបាល លោក ហែន ភារៈ ក៏បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ បើទោះជា​បាន​ចាក់​វ៉ាក់សាំង​ចំនួន​ ២ ​ដូស​រួច​ក៏ដោយ ក៏​មិន​ត្រូវមាន​ការធ្វេសប្រហែស​នោះដែរ​។ ទន្ទឹមនឹងនេះ ត្រូវ​ចូលរួម​ទប់ស្កាត់ និង​កាត់ផ្តាច់​ការចម្លង​ជំងឺ​នេះ​ទាំងអស់​គ្នា ព្រោះ​ជំងឺ​កូវីដ​ ១៩ នឹង​បំប្លែង​ខ្លួន​ជានិច្ច​ទៅតាម​ប្រភេទ​ហ្ស៊ែន​របស់​មនុស្ស​នៅក្នុង​ប្រទេស​នីមួយៗ​៕