
ក្មេងប្រុសម្នាក់កំពុងចាក់វ៉ាក់សាំងបង្ការកូវីដនៅមជ្ឈមណ្ឌលគាំពារមាតា និងទារក។ ហេង ជីវ័ន
ភ្នំពេញៈ កុមារ និងយុវវ័យពិការ កំព្រា អនាថាគ្មានទីពឹង ដែលមានអាយុចាប់ពី ១២ ដល់ ១៧ ឆ្នាំនៅរាជធានីភ្នំពេញចំនួន ១ ៥៨៧ នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ បើគិតត្រឹមថ្ងៃទី ១០ ខែសីហា។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ថ្លែងពីម្សិលមិញថា មានយុវវ័យពិការ និងកុមារពិការអនាថា គ្មានទីពឹង កុមាររងគ្រោះ និងងាយរងគ្រោះនៅភ្នំពេញសរុបចំនួន ១ ៥៨៧ នាក់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដគិតត្រឹមថ្ងៃទី ១០ ខែសីហាក្នុងនោះមានកុមារីចំនួន ៦០៣ នាក់។
លោកស្រីថ្លែងថា៖ «កុមារកំព្រាក្នុងមណ្ឌលថែទាំជំនួសរដ្ន ក្នុងមណ្ឌលថែទាំជំនួស អង្គការសមាគមដៃគូ កុមារអនាថា កុមារពិការ កុមាររងគ្រោះ និងងាយរងគ្រោះ មានអាយុ ១២ ឆ្នាំដល់ក្រោម ១៧ ឆ្នាំទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅតាមមណ្ឌលសុខាភិបាលសាធារណៈក្នុងរាជធានីភ្នំពេញ»។ បើតាមលោកស្រី មុំ ចាន់ដានី បច្ចុប្បន្នពួកគេកំពុងបន្តទទួលបានការចាក់វ៉ាក់សាំងបណ្ដើរៗ តាមការស្នើសុំលេខរៀង ដើម្បីកាត់បន្ថយចំនួនចង្អៀត និងរក្សាគម្លាតសុវត្ថិភាព។
ពេលនេះលោកស្រីកំពុងឆ្លើយឆ្លងជាមួយបណ្តាអង្គការដៃគូ ដើម្បីធ្វើការប្រមូលទិន្នន័យបន្ថែមទៀត ព្រោះមានអង្គការដៃគូមួយចំនួនបាននិងកំពុងបិទខ្ទប់ ក្រោយរកឃើញមានជំងឺកូវីដ ១៩។
លោកស្រីថ្លែងថា៖ «ជាទូទៅយើងត្រូវការការស្ម័គ្រចិត្តពីកុមារ ហើយយើងធ្វើការសម្រេចចិត្តក្នុងនាមយើងជាអ្នកផ្តល់ឧត្តមប្រយោជន៍ដល់កុមារ តែពេលនេះចាក់អត់ទាន់បានទាំងអស់ទេ។ អ៊ីចឹងខ្ញុំសុំពេលដើម្បីធ្វើការអាប់ឌែតបន្ថែមទៀតថា តើមានចំនួនប៉ុន្មាន ព្រោះកិច្ចការងារហ្នឹងយើងធ្វើជាមួយអង្គការ»។
ដោយឡែកយុវវ័យ និងមនុស្សចាស់ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅដែលបាននិងកំពុងស្នាក់នៅមើលថែពីអង្គការ និងមណ្ឌលនានាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចរាល់អស់ហើយ។
លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ថ្លែងពីម្សិលមិញថា អ្នកដែលមានពិការភាពនៅចន្លោះអាយុ ១២ ដល់ ១៧ ឆ្នាំមានចំនួនមិនតិចជាង ៥ ០០០ ទៅ ៦ ០០០ នាក់នោះទេ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ តាមរយៈការជួយសម្រួលពីក្រសួងសង្គមកិច្ចក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ លោកថ្លែងថា៖ «ជនពិការមិនតិចជាង ៥ ទៅ ៦ ពាន់នាក់ទេ ដែលបានទទួលការចាក់វ៉ាក់សាំង ដោយមានការសម្របសម្រួលពីពួកយើងខ្ញុំ»៕