ភ្នំពេញៈ ក្រុមការងារ​ហ្វេសប៊ុក​របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ១៨ ​គណនី​ក្នុងចំណោម​ ៧៣ ​គណនី​ហ្វេសប៊ុក​ដែល​បាន​បញ្ជូន​ចូលមកក្នុង​គណនី​ហ្វេសប៊ុក​របស់​ក្រុមការងារ​នេះ​នៅក្នុង​ខែកក្កដា ឆ្នាំ​ ២០២១​។

លោក ស ខេង កាលពី​ថ្ងៃទី​ ៩ ខែសីហា​នេះ បាន​សរសេរ​សារ​នៅលើ​ហ្វេសប៊ុក​របស់​លោក​ដោយ​ស្នើសុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ​ចំពោះ​មតិយោបល់​ ឬ​សំណូមពរ​មួយចំនួនទៀត​ដែល​ក្រុមការងារ និង​ភាគី​ពាក់ព័ន្ធ​នៅ​មិនទាន់បាន​ដោះស្រាយ​ចប់សព្វគ្រប់​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ​ស្នើសុំ​ការយល់យោគ​អធ្យាស្រ័យ​ពី​បងប្អូន​ជនរួមជាតិ​ចំពោះ​ករណី​មួយចំនួនទៀត​ដែល​ក្រុមការងារ និង​ភាគី​ពាក់ព័ន្ធ​នៅ​មិនទាន់បាន​ដោះស្រាយ​ចប់សព្វគ្រប់​អាស្រ័យ​លើ​ករណីខ្លះ​ទាមទារ​ពេលវេលា និង​អនុវត្ត​ទៅតាម​នីតិវិធី​»​។

លោក ស ខេង បានឱ្យដឹងថា នៅក្នុង​ខែកក្កដា ឆ្នាំ​ ២០២១ ​នេះ​ក្រុម​ការងារ​តាមដាន​អំពី​ការដោះស្រាយ​មតិយោបល់​ ឬ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់លោក​បាន​ទទួល​សំណូមពរ និង​សំណួរ​របស់​ប្រជាពលរដ្ឋ​ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ គឺមាន​ចំនួន​ ៧៣ ​គណនី និង​បាន​ឆ្លើយតប និង​ដោះស្រាយ​ចំនួន​ ១៨ ​គណនី ក្រៅពីនោះ​គឺ​ស្ថិតក្នុង​ដំណាក់កាល​កំពុង​ដំណើរការ​ដោះស្រាយ​នៅឡើយ​។

លោក​បាន​ថ្លែងថា​៖ «​វឌ្ឍនភាព​ការងារ​នេះ​អាច​សម្រេចបាន​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការ​សហការគ្នា​ដ៏ល្អ​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួងមហាផ្ទៃ ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ និង​ក្រុមការងារ​គេហទំព័រ​ហ្វេសប៊ុក​របស់ខ្ញុំ​ទោះជា​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​បង្កឡើង​ដោយ​ជំងឺ​កូវីដ​ ១៩ ​ក៏ដោយ​»​។

លោក ស ខេង ក៏បាន​ថ្លែង​អំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ដែល​​បាន​លើក​ជា​មតិយោបល់ និង​សំណូមពរ​នានា​មកកាន់​លោក តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ដើម្បី​រួមគ្នា​ដោះស្រាយ​នូវ​បញ្ហា​នានា និង​រួមគ្នា​អភិវឌ្ឍ​សង្គមជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​។

លោក ជា សុគន្ធា ប្រធាន​ក្រុមការងារ​ដោះស្រាយ​មតិយោបល់ និង​សំណូមពរ​ពលរដ្ឋ​ដែល​បាន​បញ្ជូន ចូល​មកលើ​ហ្វេសប៊ុក​លោក ស ខេង ​បាន​ថ្លែងប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា ទោះបី​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ ១៩​ នៅ​បន្ត​រីករាលដាល​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្ដែ​ក្រុមការងារ​នៅ​បន្ត​ទទួលដោះស្រាយ​មតិយោបល់ និង​សំណូមពរ​ពលរដ្ឋ​ដែល​បាន​ផ្ញើមក​ដដែល​។

លោក​បាន​ថ្លែងថា​៖ «​ចាប់តាំងពី​បង្កើត​ក្រុមការងារ​ដោះស្រាយ​មតិយោបល់​ ឬ​សំណូមពរ​ពលរដ្ឋ​តាម​ហ្វេសប៊ុក​សម្ដេច​ក្រឡាហោម ស ខេង កាលពី​ខែកក្កដា ឆ្នាំ​ ២០២០ ​រហូតមក​ក្រុមការងារ​បាន​ដោះស្រាយ​មតិយោបល់ និង​សំណូមពរ​ពលរដ្ឋ​ជាប្រចាំ​មិនដែល​អាក់ខាន​ឡើយ​។ ​យើង​មាន​សំណុំរឿង​មួយចំនួន​ជា​សំណុំរឿង​វិវាទ​ដីធ្លី​នៅ​មូលដ្ឋាន​គឺ​យើង​បាន​ស្នើសុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ផ្ទេរ​ទៅឱ្យ​មន្ដ្រី​មូលដ្ឋាន​ជា​អ្នកដោះស្រាយ​»​។

លោក​ ជា សុគន្ធា ថ្លែងថា សំណុំរឿង​ដែល​ក្រុមការងារ​មានការ​លំបាក និង​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ក្នុងការ​ដោះស្រាយ គឺ​ករណី​វិវាទ​ដីធ្លី​នៅ​ថ្នាក់មូលដ្ឋាន​រាជធានី ខេត្ដ ដែល​ត្រូវ​ផ្ទេរ​សំណុំរឿង​ទៅកាន់​អាជ្ញាធរ មូលដ្ឋាន ដើម្បី​សហការ​ជាមួយ​ក្រុមការងារ​ក្រសួងមហាផ្ទៃ​ក្នុងការ​ដោះស្រាយ​។

លោក អំ សំអាត នាយករង​អង្គការ​លីកាដូ ថ្លែងថា ការបង្កើត​ឱ្យ​មាន​ការទទួល​បណ្តឹង​ ឬ​សំណូមពរ​ពលរដ្ឋ​ដោយផ្ទាល់​តាម​ហ្វេសប៊ុក​របស់លោក ស ខេង បែប​នេះ ជា​វិធី​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ដោយ​មិនចាំបាច់​ចំណាយពេល​ធ្វើដំណើរ និង​ថវិកា​ច្រើន​មក​ដាក់​បណ្ដឹង ហើយ​ពលរដ្ឋ​អាច​លើក​ពី​បញ្ហា​អសកម្ម និង​ការព្រងើយកន្តើយ​ពី​មន្ត្រី​មូលដ្ឋាន​ជម្រាបជូន​ដល់​ថ្នាក់ដឹកនាំ​។

លោក​ថ្លែងថា​៖ «​តាម​លទ្ធផល​ឃើញថា ក្រុមការងារ​របស់​សម្តេចក្រឡាហោម ស ខេង បាននិង​កំពុង​ដោះស្រាយ និង​ឆ្លើយតប​បណ្តឹង និង​សំណូមពរ​របស់​ពលរដ្ឋ​បាន​មួយចំនួន​។ ​ប៉ុន្តែ​បញ្ហា​ទាក់ទង​ករណី​ធំៗ ដូចជា​ករណី​ទំនាស់​ដីធ្លី​នៅតាម​បណ្តា​ខេត្ត​ និង​រាជធានី​ជាច្រើន​នៅ​មិនទាន់​អាច​ដោះស្រាយ និង​ឆ្លើយតប​បានដែរ​»​។

លទ្ធផល​ប្រចាំឆមាស​ទី​១ ឆ្នាំ​ ២០២១ ​អំពី​ការទទួលយក និង​ការដោះស្រាយ​ចំពោះ​មតិយោបល់​ ឬ​សំណូមពរ​របស់​ពលរដ្ឋ​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់លោក​។ សរុប​មតិយោបល់​ ឬ​សំណូមពរ​ប្រជាពលរដ្ឋ​​ទូទៅ​មាន​ចំនួន​ ៦៦៥ ​គណនី​នៅក្នុង​នោះ​គឺ​បាន​ទទួលយក​ពិនិត្យ​ដោះស្រាយ​មាន​ចំនួន​ ៤២៤ ​គណនី និង​បាន​ដោះស្រាយ​រួចរាល់​ជូន​ប្រជាពលរដ្ឋ​មាន​ចំនួន​ ២៥៩ ​គណនី​៕