ភ្នំពេញៈ ក្រុមការងារ​ក្រសួងមហាផ្ទៃ​បាននិងកំពុង​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនការមេ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ឱ្យស្រប​ទៅនឹង​ផែនការមេ​របស់​រាជរដ្ឋាភិបាល​ (e-government) ដើម្បី​ធ្វើ​ទំនើបកម្ម​សេវាសាធារណៈ សម្រាប់​ដាក់ជូន​ថ្នាក់ដឹកនាំ​ក្រសួង​សម្រេច​។

លោក​ ហោ សំអាត អគ្គលេខាធិការរង និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១០ ខែសីហា​ថា ក្រសួង​ជាច្រើន​បាននិងកំពុង​ធ្វើ​ផែនការមេ ដូចជា​ក្រសួងមហាផ្ទៃ​ដែរ ដោយ​ក្នុងនោះ​ក្រសួង​សេដ្ឋកិច្ច​កំពុង​រៀបចំ​ផែនការមេ Digital Economy និង​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​រៀបចំ​ផែនការ​មេ e-government និង​ក្រសួងមហាផ្ទៃ​កំពុង​រៀបចំ​ផែនការមេ Digital People​។

លោក​បន្តថា ដើម្បី​បន្ស៊ី​គ្នា​ជាមួយ​នឹង​ផែនការមេ​របស់​រដ្ឋាភិបាល រដ្ឋាភិបាល ក៏បាន​កំណត់ឱ្យ​ក្រសួង​នីមួយៗ​ត្រូវធ្វើ​ផែនការមេ​មួយ ដែលមាន​លក្ខណៈ​បន្ស៊ី​គ្នា និង​មាន​ភាពងាយស្រួល​ក្នុង​ការផ្លាស់ប្តូរ​ទិន្នន័យ​ទៅវិញទៅមក ដែល​គេ​ហៅថា រដ្ឋាភិបាល​ឌីជីថល​។ លោក​ថ្លែងថា​៖ «​សំខាន់​មួយទៀត នៅពេល​ដែល​យើង​មាន​ផែនការមេ​ច្បាស់លាស់ និង​នៅពេលដែល​យើង​បាន​អនុវត្ត វា​នឹងមាន​ផែនទី​បង្ហាញផ្លូវ (Road Map) មួយ​ក្នុងការ​ចាប់ផ្តើម​ណាមួយ​មុន និង​មួយណា​ក្រោយ​ដែល​វា​អត់​មាន​លក្ខណៈ​ស្ទួន និង​មិន​ច្រំ​ដែល​ប្រកបដោយ​យុទ្ធសាស្ត្រ​»​។

លោក​ថា សេចក្តី​ព្រាង​ផែនការមេ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ត្រូវបាន​រៀបចំឡើង សម្រាប់តែ​រយៈពេល​ពី ៥ ទៅ ១០ ​ឆ្នាំ និង​មិនទាន់​បានសម្រេច និង​ចេញ​ជា​ផែនការមេ​ពេញលេញ​នៅឡើយ​ទេ ព្រោះ​ស្ថិតនៅក្នុង​ដំណាក់កាល​ពិភាក្សា​ក្នុង​ក្រុមការងារ ប៉ុន្តែ​នៅពេលដែល​បញ្ចប់​នឹង​លើក​ទៅ​ដាក់ជូន​ថ្នាក់ដឹកនាំ​ក្រសួង​សម្រេច​។

បើតាម​លោក ហោ សំអាត រដ្ឋាភិបាល​មាន​យុទ្ធសាស្ត្រ​ចតុកោណ​ក្នុង​ការអនុវត្ត​ដោយ​ក្នុងនោះ​មាន​មុំ​មួយ គឺ​បដិវត្តន៍​ឧស្សាហកម្ម​ ៤.០ ដោយនៅ​ក្នុងនោះ​មាន​សសរស្តម្ភ​ចំនួន​ ៣ បន្ថែមទៀត គឺ Digital Government, Digital Economy និង Digital People​។

លោក ហោ សំអាត ពន្យល់ថា People Digital ដែល​ក្រសួង​កំពុង​រៀបចំ​នេះ សំដៅ​ដល់​មនុស្ស​ទាំងអស់​ចេះ​ប្រើប្រាស់​ទិន្នន័យ​ផ្សេង​ដោយ​ក្នុងនោះ ប្រជាពលរដ្ឋ​ដែល​ចង់​ធ្វើ​អត្តសញ្ញាណប័ណ្ណ ឬ​ធ្វើ Passport មិនបាច់​មកជួប​មុខមន្ត្រី​ទេ​ពួកគាត់ អាច​ប្រើប្រាស់ ឬ​ចុះឈ្មោះ​ទៅលើ​ទិន្នន័យ​ចុះ​នៅតាម​ផ្ទះ ឬ​នៅតាម​ឃុំ​រង់ចាំ​ថ្ងៃ​មក​ទទួល​ជាការ​ស្រេច​។

លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ និង​ជា​សមាជិក​ក្រុមការងា​រដ្ឋាភិបាល​ឌីជីថល បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹងថា សេចក្តី​ព្រាង​ផែនការមេ​បច្ចេកវិទ្យា​នេះ ដូច​ទៅនឹង​ច្រកចេញចូល​តែមួយ​របស់​រដ្ឋាភិបាល​ដែរ គឺ​កាត់បន្ថយ​ការប្រើប្រាស់​ក្រដាស​ច្រើន ដោយមាន​ប្រព័ន្ធ​សម្រាប់​ប្រើប្រាស់​បច្ចេកវិទ្យា​ចុះឈ្មោះ សម្រាប់​បម្រើសេវា​សាធារណៈ និង​អនុញ្ញាតឱ្យ​ក្រសួង​មួយចំនួន​អាច​យក​ទិន្នន័យ ទៅ​ប្រើប្រាស់​បាន​ផងដែរ ដោយ​មិនចាំបាច់​ប្រើប្រាស់​ក្រដាស​ច្រើន​នោះទេ​។

លោក​ ហ៊ុយ វណ្ណៈ​ ថ្លែងថា​៖ «​នេះ គឺជា​ការធ្វើ​ប្រព័ន្ធ​នីយកម្ម តភ្ជាប់​ជាមួយនឹង​អន្តរក្រសួង​ផ្សេងទៀត ពីព្រោះ​ការចុះបញ្ជី​ទាំងអស់​មាន​ទាំង​ការចុះបញ្ជី​ពាណិជ្ជកម្ម ពន្ធដារ និង​ធនាគារ​ជាដើម សុទ្ធតែ​ប្រើ​អត្តសញ្ញាណប័ណ្ណ បើ​យើង​ប្រើ​អត្តសញ្ញាណប័ណ្ណ​មួយ ដោយ​ហ្វូតូកូពី​ក្រដាស​សម្រាប់​ស្ថាប័ន​មួយ យើង​ស្រមៃ​មើល តើ​ក្រដាស​កម្ពស់​ប៉ុន្មាន​»​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​យល់ឃើញថា កម្រិត​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​នាពេល​បច្ចុប្បន្ននេះ ដែល​នេះ​គឺជា​ឱកាស​សម្រាប់​ក្រសួង​ស្ថាប័ន​ជាតិ ក្នុង​ការផ្តល់​សេវាសាធារណៈ និង​លើក​ផែនការ​នានា នៅ​មូលដ្ឋាន​សម្រាប់​យកមកអនុវត្ត ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ព័ត៌មានវិទ្យា​។

លោក​ សន ជ័យ​ បាន​បន្តថា​៖ «​បើ​ពិនិត្យមើល​ជាក់ស្តែង អាជ្ញាធរ​នៅ​មូលដ្ឋាន​មួយចំនួន​នៅ​មិនទាន់​ប្រើប្រាស់​បច្ចេកវិទ្យា និង​ព័ត៌មាន​បាន​ច្រើន​នោះទេ​។ ប៉ុន្តែ បើ​មាន​អ្នកចេះ​ប្រើប្រាស់​ច្រើន វា​គឺជា​ឱកាសល្អ ក្នុង​ការពង្រីក​ការផ្តល់​សេវាសាធារណៈ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ព័ត៌មាន​នេះ នៅតាម​ឃុំ​សង្កាត់​នោះ​»​។

ក្រុមការងារ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​ ៩ ខែសីហា ឆ្នាំ​ ២០២១ បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​លើ​ការរៀបចំ​ផែនការមេ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។ ក្រុមការងារ​នេះ​ត្រូវបាន​ក្រសួងមហាផ្ទៃ សម្រេច​បង្កើត​ក្រុមការងារ​រដ្ឋាភិបាល​ឌីជីថល បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​ ២០២១ ដែលមាន​សមាសភាព​ប្រធាន​ ១ ​រូប អនុប្រធាន ២ ​រូប ព្រមទាំង​សមាជិក​ ១២ ​រូប ហើយ​មាន​លេខាធិការដ្ឋាន​មួយ​ជា​ជំនួយការ​ដែល​ដឹកនាំ​ដោយ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ​៕