ភ្នំពេញៈ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​ព្រមាន​ដល់​មន្ត្រី​ជំនាញ និង​មន្ត្រី​ច្រកទ្វារព្រំដែន​ទាំងអស់​ត្រូវ​រក្សា​នូវ​​ការងារ​សម្ងាត់ និង​ចៀសវាង​ការចូល​ឆែក​មើល​ប្រព័ន្ធ​ទិន្នន័យ​មុខសញ្ញា​អន្តោប្រវេសន៍​ក្នុង​ន័យ​មិនល្អ​។

ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​បទកំណត់ ស្តីពី​ការគ្រប់គ្រង និង​ការប្រើប្រាស់​ប្រព័ន្ធ​ទិន្នន័យ​មុខសញ្ញា​អន្តោប្រវេសន៍​តាម​ប្រព័ន្ធ​ហ្ស៊ូម (Zoom) នៅ​ថ្ងៃទី​ ១០ ខែសីហា​នេះ លោក គៀត ច័ន្ទថារិទ្ធ បានឱ្យដឹងថា ក្នុងករណី​បែកធ្លាយ​ទិន្នន័យ​ណាមួយ ប្រធាន​អង្គភាព​ត្រូវមាន​ចំណាត់ការ​ដល់​មន្ត្រី​រូប​ណា​ដែល​ប្រព្រឹត្តល្មើស​នឹង​បទ​វិន័យ​នេះ​។

លោក​បាន​ថ្លែង​ដោយបាន​ណែនាំ​ឱ្យ​ក្រុមការងារ​ធ្វើ​បច្ចុប្បន្នភាព​មុខសញ្ញា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ឱ្យបាន​ទៀងទាត់ និង​រក្សា​ការសម្ងាត់​នូវ​ការងារ​ជំនាញ ជាពិសេស​ការរក្សា​ទុក​នូវ​ទិន្នន័យ​ទាំងអស់​ជា​ឯកសារ និង​រក្សាទុក​ក្នុង​ប្រព័ន្ធ​អេឡិចត្រូនិក​។

ជាមួយ​គ្នា​នេះ លោក​បាន​ណែនាំ​ដល់​នាយកដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់ ចំណុះ​ឱ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ត្រូវ​សហការ​ផ្តល់ព័ត៌មាន​ចាំបាច់​ដល់​នាយកដ្ឋាន​ជនបរទេស​ដែល​មិនមែន​អន្តោប្រវេសន្ត និង​បច្ចេកវិទ្យា​ផងដែរ​។

លោក កែវ វណ្ណថន អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១០ ខែសីហា ឆ្នាំ ២០២១ នេះ ឱ្យដឹងថា កន្លងមកនេះ មិន​ដែលមាន​បញ្ហា​បែកធ្លាយ​ទិន្នន័យ​ចេញទៅ​ក្រៅ​នោះទេ ឬ​ដាក់​ទោសទណ្ឌ​លើ​មន្ត្រី​ជំនាញ ឬ​មន្ត្រី​ច្រកព្រំដែន​ណាមួយ​នោះទេ​។

លោក​បាន​ឱ្យដឹង​ទៀតថា ការគ្រប់គ្រង និង​ការប្រើប្រាស់​ប្រព័ន្ធ​ទិន្នន័យ​មុខសញ្ញា​អន្តោប្រវេសន៍ ត្រូវតែ​រក្សា​ការសម្ងាត់ ព្រោះ​ការងារ​ប៉ូលិស កំពុងតែ​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​ដែល​ត្រូវបាន​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​ទិន្នន័យ​នោះ​ទៅក្នុង​ប្រព័ន្ធ បើសិន​ជា​ធ្វើឱ្យ​បែកធ្លាយ ជនល្មើស​នឹង​រត់គេច​ខ្លួន​បាត់​។

លោក កែវ វណ្ណថន ថ្លែងថា​៖ «​មន្ត្រី​ជំនាញ​ត្រូវតែ​រក្សា​ការសម្ងាត់ កាលណា​បែកធ្លាយ​ទៅ មន្ត្រី​ជំនាញ​នោះ​ត្រូវតែ​ទទួលខុសត្រូវ និង​ត្រូវ​ពិន័យ​ទៅតាម​លក្ខន្តិកៈ​របស់​ប៉ូលិស បើជា​ករណី​ធ្ងន់ធ្ងរ​ត្រូវ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ជាដើម ប៉ុន្តែ​កន្លងមក​មិន​ដែលមាន​នោះទេ​»​។

លោក កែវ វណ្ណថន ពន្យល់ថា ប្រព័ន្ធ​ទិន្នន័យ​មុខសញ្ញា​អន្តោប្រវេសន៍ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​យូរណាស់​មកហើយ នៅ​គ្រប់​ច្រកចេញចូល​ព្រំដែន​កម្ពុជា​ទាំងអស់​។ រាល់​មុខសញ្ញា​ជនសង្ស័យ​ដែល​ត្រូវ​តាម​ចាប់ខ្លួន មន្ត្រី​ជំនាញ​នឹង​បញ្ចូល​ជនសង្ស័យ​នោះ​ទៅក្នុង​ប្រព័ន្ធ​នេះ វា​នឹង​លោត​ឱ្យ​ដោយ​ស្វ័យប្រវតិ្ត នៅពេលដែល​ជនសង្ស័យ​នោះ​ឆ្លងកាត់​ព្រំដែន​ណាមួយ ដែលមាន​ភាពងាយស្រួល​សម្រាប់​នគរបាល​ចាប់ខ្លួន​។

លោក កែវ វណ្ណថន បាន​ថ្លែង​ឱ្យដឹងទៀតថា បច្ចុប្បន្ននេះ​មាន​ជនសង្ស័យ​អន្តរប្រវេសន៍​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ជាច្រើន ត្រូវបាន​បញ្ចូល​ទៅក្នុង​ទិន្នន័យ​នេះ ដើម្បី​តាម​ចាប់ខ្លួន​៕