កណ្តាលៈ ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​ ២ ​គ្រឿង​បុក​គ្នា​ឆេះ នៅ​សង្កាត់​រការខ្ពស់​ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​យប់​ថ្ងៃទី​ ៩ ខែសីហា ដែល​បាន​បណ្តាលឱ្យ​មនុស្ស​ ៣ ​នាក់​រងរបួស​ធ្ងន់​។

លោក យី វណ្ណដា អធិការ​នគរបាល​ក្រុង​តាខ្មៅ បានឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍​ ដឹង​នៅ​ថ្ងៃទី​ ១០ ​សីហា​ថា ករណី​រថយន្តបុក​គ្នា​ឆេះ​ ១ ​គ្រឿង និង​រថយន្ត​ ១ ​គ្រឿង​ទៀត​ត្រូវ​ខូចខាត និង​មាន​មនុស្ស​របួស​ ៣ ​នាក់​នោះ គឺ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ទាំង​ ២ ​ភាគី ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។

លោក​ប្រាប់ថា ក្រោយ​កើតហេតុ​ទាំង​ការិយាល័យ​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ខេត្តកណ្តាល ទាំង​សមត្ថកិច្ច​ក្រុង​តាខ្មៅ កំពុង​មមាញឹក​ស្រាវជ្រាវ​តាមរយៈ​ស្លាក​លេខ​រថយន្ត​ដែល​បន្សល់ទុក​នៅ​កន្លែងកើតហេតុ និង​តាមរយៈ​ប្រជាពលរដ្ឋ​ដែល​បាន​ជួយសង្គ្រោះ​អ្នករបួស​ដើម្បី​រក​ម្ចាស់​រថយន្ត​ទាំង​ ២ ​គ្រឿង​នោះ​។

លោក​ វណ្ណដា ​បញ្ជាក់ថា​៖ «​យើង​បាន​យក​ស្លាក​លេខ​រថយន្ត​ទៅឱ្យ​មន្ទីរ​សាធារណការ​ខេត្ត​ឆែក​រក​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ហើយ​។ ព្រោះ​ម្ចាស់​រថយន្ត សុទ្ធតែ​ត្រូវរបួស​ធ្ងន់​ទាំងសងខាង​»​។

លោក វណ្ណដា ​បាន​រៀបរាប់​ហេតុការណ៍​តាម​សម្តី​សាក្សី​នៅ​កន្លែងកើតហេតុ​ថា កាលពី​វេលា​ម៉ោងជាង​ ៨ ​យប់ ថ្ងៃទី​ ៩ ខែសីហា គេ​បានឃើញ​រថយន្ត​ម៉ាក​ឡិចស៊ីស NX200t ពាក់​ស្លាក​លេខ​ភ្នំពេញ 2BO-8772 ដោយមាន​បុរស​ម្នាក់​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវ ២១B ក្នុង​សង្កាត់ រកាខ្ពស់ ក្រុង​តាខ្មៅ​។

ស្របពេលនោះ​ក៏​មាន​រថយន្ត​ ១ ​គ្រឿង​ទៀត ពណ៌​សម្បក​ឪឡឹក ពាក់​ស្លាក​លេខ 3D-7735 ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ​ប្រហែល​ចំណុះ​ ១ ​តោន​ទៅ​ ១ ​តោន​កន្លះ ជិះ​ក្នុង​កាប៊ិន​មុខ​មាន​ស្រី​ម្នាក់​ប្រុស​ម្នាក់ មកដល់​ផ្លូវ​ប្រសព្វ​កំពុង​បើកបរ​ឆ្លងផ្លូវ​ស្រាប់តែ​ទៅបុក​ជាមួយ​រថយន្ត​ឡិចស៊ីស​ពេញទំហឹង​តែម្តង​។

លោក​បន្ត​តាម​សាក្សី​ថា នៅពេលនោះ បន្ទាប់ពី​បុក​ហើយ រថយន្ត​ឡិចស៊ីស នៅ​មិនទាន់​អស់​ល្បឿន ក៏​រេ​ចង្កូត​ទៅបុក​ផ្ទប់​នឹង​បង្គោល​ភ្លើង​ថ្ម​ ១ ​ដើម បណ្តាលឱ្យ​អ្នកបើកបរ​របួសធ្ងន់ កៀប​ជាប់​ក្នុង​រថយន្ត​។

ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរនោះ​បាន​នាំគ្នា​ជួយ​ឆ្កឹះ​ទាញ​បុរស​ជា​អ្នកបើកបរ​ចេញ​មក​ក្រៅ​រថយន្ត ហើយ​ក៏មាន​អណ្តាតភ្លើង​ឆាបឆេះ​រថយន្ត​ឡិចស៊ីស​នោះ​យ៉ាង​សន្ធោសន្ធៅ​តែម្តង​។

លោក​បន្តទៀតថា ចំណែក​ភាគី​ខាង​រថយន្ត​ម្ខាង​ទៀត ក៏​បែក​កញ្ចក់​មុខ និង​ត្រូវ​ប៉ះទង្គិច​យ៉ាងខ្លាំង​លើ​តួ​រថយន្ត​ទាំងមូល​ដែរ ដែល​ទាំង​ ២ ​នាក់​ប្តី​ប្រពន្ធ​នោះ ក៏ត្រូវ​គេ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ដូចគ្នា​ដែរ តែ​មិនដឹងថា មន្ទីរពេទ្យ​ណា​ទេ​។ ភ្លាមៗ​នោះដែរ សមត្ថកិច្ច​បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ ១ ​គ្រឿង​ទៅ​បាញ់​ពន្លត់​លើ​រថយន្ត​ដែល​ឆេះ​នោះ​រលត់​ទៅ​។

លោក​ថ្លែងថា​៖ «​តាម​ជំនាញ​សន្និដ្ឋាន​ដំបូង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង ដោយសារ​អ្នកបើកបរ​ប្រហែស​ទាំង​ ២ ​នាក់​។ អាឡាន​ឆេះ​ហ្នឹង​ដឹងថា ផ្លូវ​ឆ្លង​ដែរ នៅតែ​បើក​លឿន​។ អ៊ីចឹង​ដូចជា​មិន​យកចិត្ត​ទុកដាក់​ទាំង​ ២ ​ភាគី​»​។

លោក​បញ្ជាក់ថា ហេតុការណ៍​នេះ​សមត្ថកិច្ច​របស់លោក​បាន​ចំណាយពេល​ជាច្រើន​ម៉ោង ទម្រាំ​តែ​ធ្វើឱ្យ​សភាពការណ៍​បាន​ធូរស្រាល​វិញ​។ ចំណែក​រថយន្ត​ទាំង ​២ ​គ្រឿង ​ត្រូវ​ស្ទូច​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​នៅតាម​មន្ទីរពេទ្យ​ ដើម្បី​រក​ម្ចាស់​រថយន្ត​ទាំង​ ២៕