
ជនបែកថ្នាំ ដែលត្រូវតុលាការសម្រេចឃុំខ្លួន ដែលត្រូវជននេះបាញ់សម្លាប់។ រូបថត នគរបាល
បាត់ដំបងៈ ចៅក្រមស៊ីបសួរសាលាដំបូងខេត្តបាត់ដំបង លោក គី ទីម៉េង បានសម្រេចឃុំខ្លួនជន បែកថ្នាំមានសតិមិនសូវគ្រប់ម្នាក់ ពាក់ព័ន្ធនឹងបទឃាតកម្ម ប្រើកាំភ្លើងកែច្នៃ បាញ់សម្លាប់ម្តាយរបស់ខ្លួនដាក់ពន្ធនាគារ នៅព្រឹកថ្ងៃទី ១១ ខែសីហា។
លោកស្រី ជា ចាន់រស្មី អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅព្រឹកថ្ងៃទី ១១ ខែសីហាថា ជនត្រូវចោទឈ្មោះ ឈឿម សំណាង អាយុ ២៦ ឆ្នាំ ត្រូវបានចៅក្រមសម្រេចឃុំខ្លួន នៅក្នុងពន្ធនាគារខេត្តហើយ។
លោក ដួង សារ៉ន អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបងម្នាក់ទៀត ថ្លែងនៅថ្ងៃទី ១០ ខែសីហាថា ករណីឈ្មោះ ឈឿម សំណាង ដែលមត្ថកិច្ចបញ្ជាក់ថា ជាជនបែកថ្នាំ ហើយបានបាញ់សម្លាប់ម្តាយរបស់ខ្លួន ដោយកាំភ្លើងកែច្នៃនោះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី ១០ ខែសីហា។
លោកថ្លែងថា៖ «តំណាងអយ្យការបានបន្តនីតិវិធីហើយបានចោទប្រកាន់ពីបទ ឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនទៅចៅក្រមបន្តនីតិវិធីនៅល្ងាចថ្ងៃដដែល»។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡថ្លែងថា ជនសង្ស័យរូបនោះ បែកថ្នាំមានសតិមិនដឹងខុសត្រូវ ហើយយកកាំភ្លើងកែច្នៃបាញ់សម្លាប់ម្តាយបង្កើតរបស់ខ្លួន ហើយសមត្ថកិច្ចបានចាប់ខ្លួនបានភ្លាមៗនៅយប់កើតហេតុថ្ងៃទី ៨ ខែសីហា។
បើតាមលោកវរសេនីយ៍ឯក ប៉ាង ហៀង ជនសង្ស័យ ឈ្មោះ ឈឿម សំណាង ភេទប្រុសអាយុ ២៦ ឆ្នាំ ចំណែកជនរងគ្រោះត្រូវជាម្តាយមានឈ្មោះ ធីវ មុនី អាយុ ៦២ ឆ្នាំ អ្នកទាំង ២ រស់នៅភូមិកូនព្រហ្ម ឃុំធិបតី ស្រុកគាស់ក្រឡ ។
បើតាមលោក ប៉ាង ហៀង នៅមុនពេលកើតហេតុ ក្នុងយប់ថ្ងៃទី ៨ ខែសីហា ជនសង្ស័យបានទៅគោះទ្វារឲ្យម្តាយរបស់គេបើកទ្វារ នៅវេលាម៉ោងជិត ១១ យប់។ ក្រោយពេលបើកទ្វារភ្លាមជនសង្ស័យបានបាញ់សំដៅជនរងគ្រោះ១គ្រាប់ត្រូវចំដើមដោះខាងឆ្វេងបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
លោកថ្លែងថា៖ «នៅយប់នោះជនសង្ស័យមិនដឹងមកពីណា មានទាំងកាំភ្លើងខ្យល់សម្រាប់បាញ់ត្រីមានគ្រាប់ព្រួញដែកប្រវែងប្រមាណ៣តឹក មកដល់ផ្ទះបានគោះទ្វារឲ្យម្តាយរបស់ខ្លួនបើទ្វារ ដែលនៅក្នុងផ្ទះនោះក្រៅពីម្តាយគាត់នៅមានក្មេងម្នាក់ផងដែរ រីឯឪពុកមិននៅផ្ទះទេ។ អ៊ីចឹងពេលបើកទ្វារទៅជនសង្ស័យតម្រង់កាំភ្លើងបាញ់ទៅលើជនរងគ្រោះតែម្តង» ។
ក្រោយពេលបាញ់សម្លាប់ម្តាយហើយ រូបគេបានរត់ទៅពួននៅផ្ទះរបស់ខ្លួនដែលនៅក្បែរនោះ តែត្រូវសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួនដើម្បីសួរនាំ ក្រោយពីក្មេងស្រីម្នាក់ ដែលស្នាក់នៅជាមួយជនរងគ្រោះ បានរត់ទៅប្រាប់ឪពុកជនសង្ស័យ។
លោកថ្លែងថា៖«ជនសង្ស័យឆ្លើយថា បាញ់ម្តាយរបស់ខ្លួនពិតមែន មូលហេតុដោយសារតែម្តាយរបស់គេជាអាប។ មានន័យថា គេថា ខ្លួនគេហ្នឹងជាមនុស្សត្រឹមត្រូវ ឯម្តាយគាត់នោះជាអាប អីចឹង គេមិនអាចរស់នៅជាមួយបានទេ ទើបបានជាគេបាញ់សម្លាប់»៕