ត្បូង​ឃ្មុំៈ បុរស​ម្នាក់​ត្រូវបាន​តុលាការ​បង្គាប់​ឱ្យ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី ១០ សីហា ១ ថ្ងៃ​ បន្ទាប់ពី​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការកាប់​បុរស​ម្នាក់​ស្លាប់ ក្នុង​ទំនាស់​ពាក្យសម្តី នៅ​ភូមិ​ទ្រៀក ឃុំ​ដារ ស្រុក​មេមត់។

លោក ​ជា ជឿ​ង នាយការិយាល័យ​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ ឱ្យដឹង​នៅ​ថ្ងៃទី ១១ សីហា ថា ជន ឈ្មោះ ឃុ​ត ធីតា អាយុ ២៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ្រៀក ឃុំ​ដារ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ ចេញ​ដីកាឃុំខ្លួន​ ក្នុង​ពន្ធនាគារ​ខេត្ត ពីថ្ងៃ​ទី ១០ សីហា។

លោក​ថ្លែងថា៖ «រឿងនេះ​ យើង​បានទទួល​ដំណឹង​ពី​ការឃុំខ្លួន​នេះហើយ​ពី​តុលាការ»។

ពាក់ព័ន្ធ​ការឃុំខ្លួន​នេះ លោក​ ហុង គឹម​ហឿន ​អធិការនគរបាល​ស្រុក​មេមត់​ ប្រាប់​នៅ​ថ្ងៃទី ១១ សីហាថា ជនរងគ្រោះ​ក្នុង​អំពើ​មនុស្សឃាត​នេះ​ឈ្មោះ ស សុផល ភេទ​ប្រុស​អាយុ ២៦ ឆ្នាំ នៅ​ភូមិ​ទ្រៀក ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។

ករណីនេះ​បង្កឡើង​ដោយ​ទំនាស់​ពាក្យសម្តី​គ្នា។ លោក​ឱ្យដឹង​តាម​សម្តី​សាក្សី​ថា កាលពី​ព្រឹក​ថ្ងៃទី ៩ សីហា មាន​បុរស​ចំនួន ៥ នាក់​ បាន​ជួបជុំគ្នា​ផឹកស្រា​ ហើយ​ពេល​ពួកគេ​កំពុង​ផឹកស្រា​នោះ គេ​បានឃើញ​មានការ​និយាយ​ជជែក​គ្នា​លេង​តាម​ទម្លាប់​របស់​អ្នក​ហូប​ស្រា។

បើតាម​លោក​អធិការ ពួកគេ​បាន​បន្ត​ផឹក​រហូត​ដល់ពេល​រសៀល​ថ្ងៃ​ដដែល។ លោ​កប​ន្ក​ថា​ ក្នុង​វង់​ស្រា​នោះគេ​បានឃើញ​ឈ្មោះ​ ស សុផល (ជនរងគ្រោះ) ប្រកែក​គ្នា​យ៉ាង​តឹងសរសៃក​ ជាមួយ​ជនដៃដល់។

ពេលនោះ​ស្រាប់តែ​ជន​ឈ្មោះ ​ឃុ​ត ធីតា​ បាន​ស្ទុះ​ទៅយក​កាំបិត​ខ្វែវ​ដែល​នៅក្បែរនោះ​កាប់​លើ​អ្នករងគ្រោះ​ ១ ​កាំបិត ​ត្រូវចំ​ស្មា​ខាងស្ដាំ ដាច់​ឆ្អឹង​មុត​ដល់​សួត និង​បេះដូង ស្លាប់​នៅនឹងកន្លែង​តែម្តង។

លោក​បន្តទៀតថា​ ក្រោយពី​កើតហេតុ​ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​ប៉ុស្តិ៍នគរបាល​ឃុំ​ដារ ហើយ​នគរបាល​ប៉ុស្ដិ៍​បាន​ចុះ​អន្តរាគមន៍ភ្លាមៗ តែ​ជនសង្ស័យបាន​គេចខ្លួនបាត់។

សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ និង​ដាក់ពង្រាយ​កម្លាំង​តាមរក​ជនសង្ស័យ​ និង​បាន​ចុះ​តាមរក​ជនដៃដល់​ទាំងយប់​ថ្ងៃទី ៩ សីហា។ ប៉ុន្តែ​ដោយសារ​ភ្លៀង​ខ្លាំង​ជនសង្ស័យ​ក៏បាន​លួច​ចូល​ផ្ទះ​របស់គេ​វិញ​ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​តែម្តង។

លោក​បញ្ជាក់ថា ​ជនសង្ស័យ​ឈ្មោះ ​ឃុ​ត ធីតា ប្រាប់​សមត្ថកិច្ច​ថា រវាង​រូបគេ និង​ជនរងគ្រោះ ​គ្មាន​ទំនាស់​គំនុំ​អ្វី​ទេពី​មុនទេ​។ ប៉ុន្តែ​គេ​កាប់​ជនរងគ្រោះ​ ដោយសារ​ការ​ប្រកែក​និយាយ​មិន​ចុះសម្រុង​គ្នា​ពេល​ផឹកស្រា៕