បាត់ដំបងៈ តុលាការ​ខេត្ត​បាត់ដំបង​បាន​ឃុំ​ខ្លួន​បុរស​ម្នាក់​នៅ​ពន្ធនាគារ​ខេត្ត​នៅថ្ងៃ​ទី ១១​ សីហា ​ពាក់ព័ន្ធករណី​​សម្លាប់​បុរ​ស​ចំណាស់​ម្នាក់​ ដោយ​ប្រើត្បូងចប​ ប្រព្រឹត្ត​កាល​ពីថ្ងៃទី ៨​ សីហា​ នៅ​ភូ​មិ​ចក​តូច​ ​ឃុំ​កកោះ ​ស្រុក​ម៉ោង​ឫស្សី​ ខេត្ត​បាត់​ដំបង។​

លោក​ ​កោ​ ​ស៊ុន​កាំង​ ​នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាត់​ដំបង​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​ ១១​ សីហា​ថា​ ​ជន​ឈ្មោះ​ ឡី ​លី ភេទ​ប្រុស ​អាយុ​ ២៧ ​ឆ្នាំ ​រស់​នៅ​ភូមិ​ចក​តូច​ ឃុំ​ក​កោះ​ស្រុក​ម៉ោង​ឫស្សី ត្រូវ​បាន​លោក​ចៅ​ក្រម​ស៊ើប​សួរ​សម្រេច​ចេញ​ដី​កា​ឃុំខ្លួន​ក្នុង​ពន្ធនា​គារ ​ហើយ​នៅ​វេលា​ថ្ងៃ​ត្រង់​នេះ​ (​ថ្ងៃទី​ ១១ ​សីហា)​។

លោក​ប្រាប់​ថា​៖​ «​ជន​ដៃ​ដល់​ត្រូវ​តុលាការ​ឃុំ​ខ្លួន ​​បន្ទា​ប់​ពី​តំណាង​អយ្យ​ការ​ចោទ​បទ​ឃាត​កម្ម​តាម​មាត្រា១​៩៩​នៃ​ក្រម​ព្រហ្មទណ្ឌ»​។​ ពាក់​ពន្ធ​នឹង​មាត្រា​១៩៩​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​នេះ ​ប្រសិន​ប្រើតុលាការ​រក​ឃើញ​ថា ​ជន​ត្រូវ​ចោទ​ពិត​ជា​បាន​ប្រព្រឹត្ត​មែន​នោះ​នឹង​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​ពី​ ១​០​ ទៅ​ ១៥​ ឆ្នាំ។​

លោ​ក​ ស​ គឹ​ម​ឡុង​ អធិការ​នគរបាល​ស្រុក​ម៉ោង​ឫស្សី​បាន​និយាយ​ដោយ​ស្រង់​តាម​សម្តី​អ្នក​ភូមិ​ថា​ ​ជន​ឈ្មោះ​ ឡី​ លី​ និង​ជន​រង​គ្រោះ​ឈ្មោះ​វ៉ាន់​ ​ប្រឹក្សា​ ហៅ​ញេស ​អាយុ​ ៥៥ ​ឆ្នាំ​ គឺ​ជា​មនុស្ស​រស់​នៅ​ក្នុង​ភូមិ​ចក​តូច ​ឃុំ​កកោះ​ស្រុក​ម៉ោង​ឫស្សី ​ជា​មួយគ្នា។​

លោក​បន្ត​ថា​ ជន​ដៃ​ដល់​ម្នាក់​នេះ​ត្រូវ​បាន​ប្រពន្ធ​របស់​គាត់​ចុះ​ចោល​ជាង ១ ​ឆ្នាំ​មក​ហើយ។​ ចំពោះ​មូល​ហេតុ​ដែល​នាំ​ឱ្យ​ប្រពន្ធ​រ​ត់​ចោល​នោះ​ក៏​ព្រោះ​តែ​ជន​សង្ស័យ​ជា​មនុស្ស​ញៀន​ស្រា​ ហើយ​វាយ​ដំ​ប្រពន្ធ​ទើប​ធ្វើ​ឱ្យ​នាង​ទ្រាំ​រស់​នៅ​ជា​មួយ​តទៀត​មិន​បាន។​

លោក​ថ្លែង​ថា​៖​ «​បើ​តាម​ខ្ញុំ​ចុះ​សួរ​អ្នក​ភូមិ​គេ​គ្រប់​គ្នា​ប្រាប់​ថា ​ជន​ម្នាក់​នេះ​ដើរ​បង្ក​រឿង​ក្នុង​ភូមិ​ស្ទើរ​រាល់​ថ្ងៃ។​គាត់​មាន​តែ​ឪពុក​ តែ​ឪពុក​នោះ​ទៅ​មាន​ស្រី​ចោល​គាត់​រស់​នៅ​តែល​តោល​ម្នាក់​ឯង​»​។​

​​លោក​បន្ត​តាម​សម្តី​អ្នក​ភូមិ​ទៀត​ថា ​នៅ​ថ្ងៃ​ទី ៨​ សីហា​ ជន​សង្ស័យ​បាន​ផឹក​ស្រាស​អស់ ១​ លីត្រ ក៏​​ស្រវឹង​ទោ​រ ហើយ​បាន​ដើរ​ប្រាប់​អ្នក​ភូមិ​ថា​តាញេស​បាន​រួម​ភេទ​ជា​មួយ​ប្រពន្ធ​របស់​គាត់​បាន​៧ដង។

​មួយ​សន្ទុះ​ក្រោយ​មក​ស្រាប់​តែ​អ្នក​ភូមិ​នាំគ្នា​ឆោ​ឡោ​ថា​ ឈ្មោះ​លោក​តាញេស​ ត្រូវ​បាន​ឈ្មោះ ​ឡី ​លី​ វាយ​ត្រូវ​ក្បាល​នឹង​ត្បូង​ចប​ ​និង​កាប់​នឹង​ចប​ស្លាប់​បាត់​ហើយ ​ខណៈ​ជន​រង​គ្រោះ​កំពុង​សម្រាន្ត ​លក់​ក្នុង​ខ្ទម​ពេល​ថ្ងៃ​ត្រង់។​

លោក​បន្ថែម​ថា​ ក្រោយ​កើត​ហេតុ​ ប្រជា​ពលរដ្ឋ​បាន​រាយ​ការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ឃុំ​កកោះ​ចុះ​ទៅឃាត់​ខ្លួន​ជន​សង្ស័យ​តែ​ម្តង។​ បន្ទាប់​មក​លោក​បាន​ចុះ​ទៅ​ស្រាវ​ជ្រាវ​សួរ​ប្រជា​ពល​រដ្ឋ​ហើយ ​ពល​រដ្ឋ​ប្រាប់​ថា​ ជន​រងគ្រោះ​ជា​មនុស្ស​ស្លូត​បូត​ហើយ​ក៏​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​របស់​ជន​សង្ស័យ​ដែរ។​ មាន​តែ​ជន​សង្ស័យ​ទេ​ ដែល​តែង​តែ​បង្ក​បញ្ហា​ស្រែក​ឡោឡា​ជេរ​បញ្ចោ​ដល់​ពួក​គេ​ដែល​រស់​នៅ​ក្នុង​ភូមិ។

​បើ​តាម​លោក​ គឹម​ឡុង​ ថា​៖​ «​អ្នក​ភូមិ​ថា​ជន​ល្មើស​ញៀន​ថ្នាំ​ហើយ​បែក​ថ្នាំ​ តែ​ខ្ញុំ​បាន​ពិនិត្យ​ទឹក​នោម​មិន​ឃើញ​មាន​ផ្ទុក​សាធារ​ធាតុ​ញៀន​ក្នុង​ខ្លួន​ទេ​»​៕​​