ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta) សម្រាប់ថ្ងៃទី ១០ ខែសីហា ចំនួន ៤៤ ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ បំប្លែងថ្មីនេះ ដែលបានរកឃើញនៅកម្ពុជាសរុបកើនដល់ ៤២៩ នាក់ គិតចាប់ពីថ្ងៃទី ៣១ ខែមីនា មកទល់ថ្ងៃទី ១០ ខែសីហា។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ១១ ខែសីហានេះ បានឱ្យដឹងថា តាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទដែលតា នៅក្នុងប្រទេសកម្ពុជា លើអ្នកដំណើរមកតាមជើងហោះហើរចំនួន ១ នាក់ ពលករខ្មែរត្រឡប់មកពីប្រទេសវៀតណាម តាមច្រកបាវីតចំនួន ១២ នាក់ បុគ្គលិកសុខាភិបាលចំនួន ១ នាក់ មន្ត្រីរាជការចំនួន ១ នាក់ សិស្សចំនួន ៥ នាក់ និងអ្នកភូមិនៅក្នុងសហរមន៍ចំនួន ២៤ នាក់។

ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកឆ្លងវីរុសកូវីដ ១៩ ប្រភេទថ្មីទាំងចំនួន ៤៤ ករណីនេះ គឺស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្ដកំពង់ស្ពឺ សៀមរាប ព្រះវិហារ កោះកុង ឧត្ដមានជ័យ បន្ទាយមានជ័យ កំពង់ធំ និងខេត្ដស្វាយរៀង។

ក្រសួងបញ្ជាក់ថាគិតចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំនេះ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ ១៩ ប្រភេទដែលតា លើពលករត្រឡប់ពីប្រទេសថៃ និងវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍សរុបទាំងអស់ចំនួន ៤២៩ នាក់ (ស្រី្ត ២០៩ នាក់)។

បើតាមសេចក្ដីប្រកាសព័ត៌មាន យោងតាមលទ្ធផលខាងលើនេះបង្ហាញឱ្យឃើញថា វីរុសដែលតាបាននិងកំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍របស់យើង ជាពិសេសខេត្តឧត្ដរមានជ័យ រាជធានីភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្តាខេត្តមួយចំនួនទៀត។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបន្តក្រើនរំឭក និងអំពាវនាវដោយដល់សាធារណជន បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជាឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនកុំភ្លេចខ្លួនឱ្យសោះ ហើយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួន។ស្របតាមពាក្យស្លោកដែលថា«រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ ១៩ តាមបែបគន្លងថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ ១៩» សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្ដាច់នូវខ្សែចម្លងនៃវីរុសកូវីដ ១៩។

លោករដ្ឋមន្ដ្រីស្នើដល់ពលរដ្ឋបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវ ៣ ការពារ ( ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង ៣ កុំ(កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) តាមការណែនាំរបស់រាជរដ្ឋាភិបាល។

រីឯបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវនិងគោរពទៅតាមការណែនាំរបស់គណៈកម្មការគ្រប់គ្រងនៅទីតាំងនោះដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។

បើតាមក្រសួងសុខាភិបាល ការចម្លងនាបច្ចុប្បន្ននេះមានសម្ទុះកើនឡើងលើយុវវ័យដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភក្ដិ។ ហេតុនេះក្រសួងបានអំពាវនាវដល់យុវវ័យគ្រប់រូបចូលរួមអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានហ្មត់ចត់និងត្រឹមត្រូវលើ ៣ ការពារ ៣ កុំ៕