ព្រះសីហនុ៖ លោក​ កុ​ល ​ផា​លី ស្នង​ការ​រង​ខេត្ត​ព្រះ​សីហ​នុ​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ​បាន​​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ១១​ ខែ​សីហា​ថា​ សមត្ថកិច្ច​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ខេត្ត​​ក្រោយ​ពី​មាន​ហេតុ​ការ​ណ៍អគ្គិ​ភ័យ​បណ្ដាល​ឱ្យ​មនុស្ស​ ៤ ​នាក់​របួស​ធ្ងន់ ​និង​ស្រាល​ ហើយត្រូវបានតុលាការ​ចោទ​ប្រកាន់​​ពីបទប៉ុន​ប៉ង​ឃាត​កម្ម​ដោយ​ចេត​នា​គិត​ទុក​ជា​មុន​។​

​លោក​ ​ផា​លី ​បានថ្លែង​ថា៖ ​«​លោក​ ​​កោ ​វណ្ឌី ​ប្រធាន​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​ ​និង​​ជា​ចៅ​ក្រម​ស៊ើប​សួរ​ក្នុង​សំណុំ​រឿង​នេះ​ ​បាន​សម្រេច​ចោទ​ប្រកាន់​បុរស​សង្ស័យ​ជា​ប្ដី​ឈ្មោះ​ កែវ​ ​ឆ្លូញ​ (​អាយុ​៥១ ​ឆ្នាំ​)​នោះ​ពី​បទ​ប៉ុន​ប៉ង​ឃាត​កម្ម​ ​ដោយ​មាន​ចេត​នា​គិត​ទុក​ជា​មុន​ តាម​បញ្ញតិ​មាត្រា ​១​៩​៩​ ​និងមាត្រា​​ ២០០ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​និង​បាន​បង្គាប់​​ឲ្យ​នាំ​ជន​សង្ស័យ​យក​ទៅ​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​ នៅ​ព​ន្ធ​នា​គារ​ខេត្ត​ព្រះ​សី​ហនុ​ ដើម្បី​រង់​ចាំ​ការ​ជំនុំ​ជម្រះ​ទោស​ជា​ក្រោយ​»​។​

​យោង​តាម​បទ​ចោទ​ប្រកាន់​ខាង​លើ​នេះ ​ជន​សង្ស័យ​នឹង​ប្រឈម​ការ​ផ្តន្ទា​ទោស​ជាប់​ពន្ធ​នា​គា​រ​​ពី ​១០​ ឆ្នាំ​ទៅ​ ១៥​ ឆ្នាំ​។​

កាល​ពីម៉ោ​ង ​២:​៣០​ នាទី​ទៀប​ភ្លឺ​ ​ថ្ងៃ​ទី​ ៨​ ​ខែសីហា ​ឆ្នាំ ​២០២១​ មាន​ករណី​គ្រោះ​អ​គ្គិ​ភ័យ​មួយ​កើត​ឡើង​ ​នៅ​ភូមិ​ព្រែក​ស្វា​យ​ ​ឃុំ-​ក្រុង​កោះរ៉ុង​ ​ខេត្ត​ព្រះ​សីហនុ​ ​បណ្ដាល​ឲ្យ​មនុស្ស​ក្មេង​ចាស់​ប្រុស​-​ស្រី ៤ នាក់​​បាន​រង​របួស​ធ្ងន់​​​នឹង​ស្រាល។​

​ក្នុង​ហេតុ​ការណ៍​នោះ​ សមត្ថ​កិច្ច​នគរ​បាល​មូល​ដ្ឋាន​និង​ក្រុម​សង្គ្រោះ​នៃ​ក្រុម​ហ៊ុន​ GTVC​ របស់​លោក​ ​ឧក​ញ៉ា​ ​ទៀ​ វិចិត្រ​ បាន​ជួយ​អន្ត​រាគមន៍​នាំ​ជ​ន​រង​គ្រោះ​៣នាក់​​ដែល​រង​របួស​ធ្ងន់​ទៅ​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​ពិនិត្យ​ព្យាបា​ល​។​

ចំណែក​ជន​រង​គ្រោះ​ម្នា​ក់​ទៀត​ ​ដែល​រង​របួស​ស្រាល ត្រូវ​បាន​ឃាត់​ខ្លួន​ភ្លាមៗ​ ​ក្រោយ​ពី​ស្ត្រី​រង​គ្រោះ​ជា​ប្រពន្ធ​ ​និង​កូនបាន​ចោទ​ប្រកាន់​ថា​ ​បាន​យក​ដប​សាំង​ចាក់​ស្រោច​ម​ក​លើ​ពួក​គាត់​ ​ជា​ប្រពន្ធ​ ​និង​កូន​ ​ហើយ​ដុត​ក្នុង​បំណង​សម្លាប់​ផ្ដាច់​ពូជ​។​

ការ​ចោទ​ប្រ​កាន់​នេះ​ ​មាន​ភាព​ស៊ី​ចង្វាក់​គ្នា​ទៅ​នឹង​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​មូលដ្ឋាន​ដែល​បាន​អះអាង​ថា​ អគ្គិ​ភ័យ​នោះ​មិន​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​ទេ​ ​គឺ​ឆេះ​តែ​ ​ពូក​ ខ្នើយ​ ​និង​ ភួយ​ មុង​ប៉ុណ្ណោះ ​ហើយ​នៅ​កន្លែង​កើត​ហេតុ​ ​សមត្ថ​កិច្ច​បាន​រក​ឃើញ​ដប​សាំង​ចំណុះ​ ១ ​លីត្រ​ ១​ ដប​ ​នៅ​លើ​គំនរ​ពូក​ ​ដែល​ឆេះ​នោះ៕​