ប៉ៃលិន ផ្លែ​មៀន​ប៉ៃលិន[តាង៉ែ​ន]ប្រមាណ​ជាង ៤០ តោន ​បាននិងកំពុង​ខូច​បែក​ស្អុយដោយសារតែ​ជាប់គាំង​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង ព្រោះ​អាជ្ញាធរ​ថៃ​បិទ​ព្រំដែន​ហាមឃាត់​ការឆ្លងកាត់​យកទៅលក់។

ពលរដ្ឋ​ជា​ឈ្មួញកណ្តាល​កំពុង​ទទូច​សុំឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ ដើម្បីឱ្យ​អាជ្ញាធរ​ថៃ​ព្រម​បើក​ច្រកព្រំដែន​វិញ។

លោក ឌី​ន ដែន ជា​ឈ្មួញកណ្តាល​ម្នាក់​ដែល​នាំយក​ទំនិញ​កសិផល​ផ្លែ​មៀន​ប៉ៃលិន​ទៅ​លក់​នៅ​ប្រទេស​ថៃថ្លែង​ពី​ថ្ងៃទី ១១ សីហា​ថា ផ្លែ​មៀន​ប៉ៃលិន​ជាង ៤០ តោន ​បាន​បែក​ស្អុយរលួយ​ខូច​អស់​ជាង​ពាក់កណ្តាល​ហើយព្រោះតែ​ជាប់គាំង​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង ដោយសារ​អាជ្ញាធរ​ថៃ​បិទ​ព្រំដែន​មិនឱ្យ​ដឹក​ចូល។

លោក​ថា ការជាប់គាំង​នេះ មាន​រយៈពេល៣យប់ ៤ ថ្ងៃ​មកហើយ។ ហេតុនេះ​សូមឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ធ្វើយ៉ាងណា​ជួយ​សម្រួល​ឱ្យ​អាជ្ញាធរ​ថៃ យល់ព្រម​បើក​ច្រក​ឡើងវិញ​ឱ្យបាន​ឆាប់។

លោក​ថ្លែងថា៖ «មៀន​ទាំងអស់ ៩ ឡានចូល​បាន២ឡាននៅសល់ ៧ ឡាន ​ដែលមាន​ឡាន​កង់ ៦ ឡានតូច​អីហ្នឹង។ បើ​សរុបទៅ​វា​ចូល​ជាង ៤០ តោន មៀន​នៅលើ​ឡាន ហើយ​ឥឡូវ​វា​ខូច​អស់​ជាង២០តោន​ហើយ។ ព្រោះ​មៀន​យើង​ជា​ផ្លែឈើ​ស្រស់​ទុក​មិន​បានយូរ​ទេ វា​រលួយ វា​អីបណ្តើរៗទៅហើយ»។

បើតាម​លោក​ដែន នៅ​ថ្ងៃទី ១០ ខែសីហា រូបលោក​និង​ឈ្មួញ​ដទៃទៀត​ទាំងអស់ ១០ នាក់ បាន​យក​រថយន្ត​ដឹក​ផ្លែ​មៀន​ទៅ​ដាក់​មុខ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង​ ដើម្បី​ស្នើ​សុំឱ្យ​អាជ្ញាធរ​ជួយ​ទាក់ទង​សម្រួល​ជាមួយ​អាជ្ញាធរ​ថៃ។ ប៉ុន្តែ​មិន​ទទួលបាន​លទ្ធផល​អ្វី​ទាំងអស់។ លោក​ថា នៅ​ព្រឹក​ថ្ងៃទី ១២ ខែសីហា​នេះ លោក​នឹង​នាំគ្នា​ទៅ​ជួប​អាជ្ញាធរ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង ថែមទៀត​ដើម្បី​សុំឱ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​ចរចា​ជាមួយ​អាជ្ញាធរ​ថៃ​ឱ្យ​បើក​ច្រកព្រំដែន។

លោក ឯម វិសុទ្ធ​រង្សី អនុប្រធាន​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង ថ្លែង​នៅថ្ងៃទី ១១ សីហា​​ថា លោក​បាន​ទាក់ទង​ទៅ​ភាគី​ថៃ​ដើម្បី​ស្នើសុំ​ឱ្យមាន​ការបើក​ច្រកទ្វារព្រំដែន ប៉ុន្តែ​អាជ្ញាធរ​ថៃ បញ្ជាក់​មកវិញ​ថា​ មិនមាន​ច្បាប់ ឬ​កិច្ចព្រមព្រៀង​ដើម្បីឱ្យ​ទំនិញ​ផ្លែ​មៀន​ខ្មែរ​អាច​ឆ្លងកាត់​តាម​ច្រក​នេះ​បានទេ។

លោក​ថ្លែងថា៖​ «ពលរដ្ឋ​គាត់​សំណូមពរ​ឱ្យ​ខាងយើង​ចរចា​ជាមួយ​ថៃ​ដើម្បី​បាន​នាំចេញ​ផ្លែ​មៀន (តា​ង៉ែ​ន) ទៅ​លក់​នៅ​ប្រទេស​ថៃ។ អ៊ីចឹង​ខាង​ខ្ញុំ​បាន​ទាក់ទង​សម្រួល​ហើយ​តែ​គេ​មិន​ព្រម។ខាង​ថៃ​គេ​ទទួល​តែ[ទំនិញ]ណា​ដែល​គេ​អត់​មាន​ប៉ុណ្ណោះ អ៊ីចឹង​មានតែ​ស្នើសុំ​ទៅ​ថ្នាក់លើ​ឱ្យជួយ​អន្តរ​គម​ន៍»។

អភិបាលស្រុក​កំរៀង លោក សុខ គឹម​ខុន ថ្លែង​នៅថ្ងៃទី ១១ សីហា​ថា ក្នុង​រឿងនេះ​លោក​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ដាក់ពាក្យ​ស្នើសុំ​ទៅខាង​អាជ្ញាធរខេត្ត​ដើម្បី​ជួយ​អន្តរាគមន៍ ព្រោះ​អាជ្ញាធរ​ស្រុក​មិនអាច​ទាក់ទង​ស្នើសុំ​អាជ្ញាធរ​ថៃ​សម្រួល​បើក​ច្រកទ្វារព្រំដែន​បានទេ។

លោក​ថ្លែងថា៖​«ពួកគាត់​ជា​អាជីវករ​តា​ង៉ែ​ន​មៀន​ហ្នឹង គាត់​ដឹង​ហើយ ប៉ុន្តែ​គ្រាន់តែ​ថា​បងប្អូន​គាត់​បំពាន ព្រោះ​ខាង​ថៃ​គេ​ហាមឃាត់​មិនឱ្យ​មៀន​យើង​ចូលទៅក្នុង​ទឹកដី​គេ​ទេ។ តាំងពីណា​ពី​ណី​មកវា​អត់​ដែលមាន​ទេ នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ រាប់​ចាប់ពី​ខេត្តកោះកុង​រហូត​ទៅដល់​ខេត្តព្រះវិហារ គឺ​ថៃ​មិនឱ្យ​មៀន​ខ្មែរ​យើង​ចូល​ទៅតាម​ច្រក​ណាមួយ​ទេ»។

លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង​ថ្លែង​នៅថ្ងៃទី ១១ សីហា​ថា អាជ្ញាធរខេត្ត​បាត់ដំបង​បាន​ព្យាយាម​ទាក់ទង និង​ប្រជុំ​ជាមួយ​អាជ្ញាធរ​ថៃ​ជាច្រើនលើក​មកហើយ ដើម្បី​ស្នើសុំ​បើក​ច្រក ព្រំដែន​ឱ្យ​ពលរដ្ឋ​អាច​នាំយក​ទំនិញ​ផ្លែ​មៀន​ទៅ​លក់​នៅ​ប្រទេស​ថៃ។ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​ថៃ​បដិសេធ។

លោក​ថ្លែងថា៖​ «រឿង​ហ្នឹង​គឺ​ស្ថិតនៅលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​ទេ។អ៊ីចឹង​ខាងយើង​បើទោះបីជា​ចរចា​ពិភាក្សា​យ៉ាងណាក៏ដោយ ក៏​គេ​ថា គេ​មិនអាច​ឱ្យចូល​បាន។ យើង​មិនដឹង​ធ្វើ​ម៉េច ដោយសារ​អី ដោយសារ​ទីផ្សារ​នៅលើ​ភាគី​ថៃ»។

បើតាម​លោក សឿ​ម ប៊ុន​រិ​ទ្ធិ កន្លងមកនេះ​អាជីវករ​ទាំងសងខាងបាន​ព្រមព្រៀងគ្នា​ថា​នឹង​ទិញ​ទំនិញ​ពី​ថៃ ទិញ​ពី​អាជីវករ​ខ្មែរ។ប៉ុន្តែ​អាជីវករ​ថៃ​មិនបាន​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ថៃ​ឱ្យ​បានដឹង​ច្បាស់​ថា អាច​ចូល​បាន​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង​បាន​ឬ​យ៉ាងណា​នោះទេ។ ហេតុនេះពេល​អាជីវករ​ខ្មែរ​នាំ​ទំនិញ​មកដល់​ច្រកទ្វារ​ដែល​ច្បាប់​ថៃ​កំណត់​មិនឱ្យ​ចូល​ទើប​នាំឱ្យមាន​ការជាប់គាំង។

លោក​ថ្លែងថា៖ «ច្បាប់​ស្រុក​គេ គេ​មិនមែន​ចេះតែ​ថា ឱ្យតែ​មាន​ច្រក​ដឹង​តែ​នាំ​អី​ចូលទៅ​ខាងគេ​បាន​នោះទេ។ គេ​មានកំណត់​ច្រកព្រោះ​គោលការណ៍​របស់​អាជ្ញាធ​រ និង​សមត្ថកិច្ច​ថៃ​ហ្នឹង​កន្លងមក​គេ​ឱ្យ​នាំចូល​តែ​ច្រក​មួយ​ទេគឺ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ហើយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង​មិនដែល​ឱ្យចេញ​ទេ»៕

វីដេអូ៖