
សមត្ថកិច្ចក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញបានឃាត់ខ្លួនធ្វើការអប់រំណែនាំ អ្នកល្មើសនឹងបម្រាមគោចរ កាលពីយប់ថ្ងៃទី ១០ ខែសីហា។ រូបថត នគរបាល
ភ្នំពេញៈ សមត្ថកិច្ចបានឃាត់យានយន្តចំនួន ៩៩០ គ្រឿង ធ្វើការអប់រំនិងពិន័យមនុស្សចំនួន ៤ ១៥៤ នាក់ និងបញ្ជូនទៅតុលាការ ១៣ នាក់ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដកាលពីថ្ងៃទី ១១ ខែសីហា។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក) ចេញនៅព្រឹកថ្ងៃទី ១២ ខែសីហានេះ បានឲ្យដឹងថា សមត្ថកិច្ចបានបញ្ជូនមនុស្ស ១៣ នាក់ ទៅតុលាការ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល នៅថ្ងៃទី ១១ ខែសីហា និងបានធ្វើការឃាត់យានយន្តចំនួន ៩៩០ គ្រឿង និងបានធ្វើការអប់រំពិន័យមនុស្សចំនួន ៤ ១៥៤ នាក់។
ក្នុងសេចក្តីជូនដំណឹង បានឲ្យដឹងថា នៅក្នុងថ្ងៃដដែលនេះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ២ ០៥៨ ករណី ទៅលើទីតាំងសរុបចំនួន ១ ៣៦៥ កន្លែង និងពិន័យជាប្រាក់បានចំនួន ២៦ ០០០ ០០០ រៀល៕