ភ្នំពេញៈ ក្រសួង​សុខភិបាល​ចេញ​សារាចរ​ណែនាំ​ដល់​ក្រសួង ស្ថាប័នរដ្ឋ រដ្ឋបាល​រាជធានី-ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​រួមចំណែក​ដល់​ការកាត់បន្ថយ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្ដិ​នៃ​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ ១៩ ​កាលពី​ថ្ងៃទី​ ១០ ខែសីហា បានចេញ​សារាចរ​ណែនាំ​ស្ដីពី​វិធានការ​នៃ​ការរួមចំណែក​កាត់បន្ថយ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

តាមរយៈ​សារាចរ​នេះ ស្ថាប័នរដ្ឋ ក្រុមហ៊ុន សហគ្រាស រោងចក្រ និង​ទីតាំង​ដែលមាន​អង្គការ​ចាត់តាំង ត្រូវធ្វើ​តេស្ត​ជាប្រចាំ​ទៅលើ​មន្ត្រី​ និង​បុគ្គលិក​របស់ខ្លួន ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បន្ត​ចែកចាយ​ឧបករណ៍​តេស្ត​រហ័ស​ក្នុងតម្លៃ​ដើម​។

តំបន់​ដែលមាន​ផ្ទុះ​ជំងឺ​កូវីដ​ ១៩ ជា​តំបន់​បិទខ្ទប់​ត្រូវបាន​កំណត់​ធ្វើការ​វាយតម្លៃ​លើ​ប្រជាពលរដ្ឋ ដែល​មាន​ការពាក់ព័ន្ធ និង​ធ្វើតេស្ត​រហ័ស ឬ​តេស្ត​ PCR ស្របតាម​បទដ្ឋាន​បច្ចេកទេស​សុខាភិបាល​។ កន្លែង​យក​សំណាក​សាធារណៈ​ដោយ​មន្ត្រី​សុខាភិបាល​មូលដ្ឋាន​ ឬ​ក្រុម​អ្នកស្ម័គ្រចិត្ត​សម្រាប់​ប្រជាពលរដ្ឋ​មិនមាន​លទ្ធភាព​ទិញ​ឧបករណ៍​តេស្ត​រហ័ស ត្រូវ​រៀបចំ​នៅតាម​ស្រុក ខណ្ឌ ឬ​ឃុំ សង្កាត់​។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បន្ត​លក់​ឧបករណ៍​តេស្ដ ២ ​ខែ​ទៀត ដើម្បី​ធ្វើឱ្យមាន​ភាពសម្បូរណ៍ និង​បន្សំ​ទៅនឹង​តម្លៃ​ទីផ្សារ​។ បន្ទាប់មក​ក្រសួង​នឹងធ្វើ​ការងារ​នេះ​ឱ្យទៅ​អង្គភាព​ណាមួយ​ទទួល​ខុសត្រូវ ឬ​ទុក​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​ក្នុងតម្លៃ​សមស្រប​។

មន្ទីរពេទ្យ​ឯកជន​ និង​គ្លីនិក​ទាំងអស់​ត្រូវ​ផ្តល់​សេវា​ធ្វើតេស្ត​រហ័ស​ដល់​ប្រជាពលរដ្ឋ​ក្នុងតម្លៃ​ទាប​សមស្រប​ដោយ​ប្រើប្រាស់​ឧបករណ៍​តេស្ដ​រហ័ស​ដែល​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល​។ ឱសថស្ថាន និង​ឱសថស្ថាន​រង​ត្រូវ​លក់​ឧបករណ៍​តេស្ត​រហ័ស​ក្នុងតម្លៃ​សមស្រប ដើម្បីឱ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ទិញ​យកមក​ធ្វើតេស្ត ដោយមាន​ការត្រួតពិនិត្យ​ឱ្យបាន​ហ្មត់ចត់​ដោយ​ក្រុមការងារ​សិក្សា និង​ស្រាវជ្រាវ​រក​ឱសថ និង​បរិក្ខារ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​។

មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ទាំងអស់​ត្រូវ​ប្រើប្រាស់​ឧបករណ៍​តេស្ដ​រហ័ស​ផ្តល់ជូន​ដោយ​ក្រសួងសុខាភិបាល​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ទប់ស្កាត់​កុំឱ្យ​ឧបករណ៍​របស់​រដ្ឋ​មាន​នៅលើ​ទីផ្សារ​៕