ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន តាមរយៈ​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ (​គ.វ.ក-១៩) នៅ​ថ្ងៃទី​ ១១ សីហា បាន​ពង្រីក​ការចាក់​វ៉ាក់សាំង​ដូស​ទី​៣ ដល់​មន្ត្រី​កាកបាទ​ក្រហមកម្ពុជា​ថ្នាក់ជាតិ កងកម្លាំង​នគរបាលជាតិ អ្នក​សារព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ និង​មន្ត្រីរាជការ​ថ្នាក់ក្រោម​ជាតិ​នៃ​ខេត្ត​ចំនួន​ ១៧ ​បន្ថែមទៀត​។

តាម​សេចក្ដី​ជូនដំណឹង​បន្ថែម​ស្ដីពី​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ (​អាស្ដ្រាហ្សេនីកា​) ដូស​ជំរុញ ឬ​ដូស​ទី​៣ គ.វ.ក-១៩ បានឱ្យ​ដឹងថា យោងតាម​អនុសាសន៍​របស់លោក​ហ៊ុនសែន គ.វ.ក-១៩ បានចេញ​សេចក្តី​ជូនដំណឹង​ចុះ​ថៃ្ង​ទី​ ៧ ខែសីហា ឆ្នាំ​ ២០២១ ស្តីពី​ការចាក់​វ៉ាក់សាំង អាស្ត្រាហ្សេនីកា​ដូស​ទី​៣ ​ដល់​គ្រូពេទ្យ​ជួរមុខ និង​មន្ត្រីរាជការ​នៃ​ខេត្ត​ចំនួន​ ៧ ​ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ និង​សេចក្តី​ជូនដំណឹង​ស្ដីពី​ការចាក់​វ៉ាក់សាំង អាស្ត្រាហ្សេនីកា​ដូស​ទី​៣ ​នៅ​រាជធានី​ភ្នំពេញ​។

គ.វ.ក-១៩ បញ្ជាក់ថា​៖ «​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូដ​ ១៩ ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ដោយមាន​ការយល់ព្រម​ដ៏ខ្ពង់ខ្ពស់​ពី​សម្ដេច​តេជោ នាយករដ្ឋមន្ដ្រី គ.វ.ក-១៩​ ​នឹង​ពង្រីក​ការចាក់​វ៉ាក់សាំង​ដូស​ទី​៣ នេះ​ជូន​ដល់​មន្ត្រីរាជការ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដែលជា​គោលដៅ​អាទិភាព​ជា​បន្តបន្ទាប់​ទៀត​»​។

បើតាម​សេចក្ដី​ជូនដំណឹង ការចាក់​វ៉ាក់សាំង ដូស​ទី​៣ ​ដល់​មន្ត្រី​កាកបាទក្រហម​ថ្នាក់ជាតិ​ត្រូវធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក​ចាប់ពី​ថ្ងៃទី​ ១៨ ដល់​ថ្ងៃទី​ ២០ ​សីហា ឆ្នាំ​ ២០២១​។

កម្លាំង​នគរបាល​ថ្នាក់ជាតិ​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​អាស្ដ្រាហ្សេនីកា​ដូស​ទី​៣ នៅ​មន្ទីរពេទ្យ​ ១៦ ​ឧសភា​តាម​កាលបរិច្ឆេទ និង​ការរៀបចំ​ចាត់ចែង​របស់​អនុគណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ​។

ចំណែក​ការចាក់​វ៉ាក់សាំង​ដូស​ទី​៣ ដល់​មន្ត្រីរាជការ​ថ្នាក់ក្រោម​ជាតិ​នៃ​ខេត្ត​ចំនួន ១៧ ​គ.វ.ក-១៩ បាន​ជូនដំណឹង​ដល់​មន្ត្រីរាជការ​ថ្នាក់ក្រោម​ជាតិ មន្ត្រី​ជាប់កិច្ចសន្យា និង​អាជ្ញាធរ​មូលដ្ឋាន​ (​រួមទាំង​បុគ្គលិក​សុខាភិបាល​ឯកជន​) ក្រោម​ឱវាទ​រដ្ឋបាលខេត្ត​ចំនួន​ ១៧ ​រួមមាន ខេត្តកណ្ដាល ព្រះសីហនុ កំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត ក្រចេះ មណ្ឌលគិរី ព្រៃវែង រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ កែប និង​ខេត្ត​ត្បូងឃ្មុំ​ឱ្យទៅ​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ តាម​ពេល​កំណត់​នៅតាម​ទីតាំង​ដែល​រៀបចំ​ដោយ​រដ្ឋបាលខេត្ត​នីមួយៗ​។

រីឯ​ការចាក់​វ៉ាក់សាំង​ដូស​ទី​៣ ​ដល់​អ្នកសារព័ត៌មាន​នៅ​ភ្នំពេញ​ត្រូវ​ទៅ​ចាក់​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ចាប់ពី​ថ្ងៃទី​ ៨ ដល់​ថ្ងៃទី​ ១៥ ខែកញ្ញា ឆ្នាំ​ ២០២១​។ គ.វ.ក-១៩ បញ្ជាក់ថា អ្នក​ដែល​អាច​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ ​ដោយ​ប្រើប្រាស់​វ៉ាក់សាំង​អាស្ត្រាហ្សេនីកា​អំឡុង​ពេលនេះ ត្រូវជា​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ ឬ​ស៊ីណូវ៉ាក់​រួចរាល់​ទាំង​ ២ ​ដូស​ហើយ​ត្រូវមាន​គម្លាត​ពី​ ៦ ​ទៅ​ ៨ ​ខែ​ បន្ទាប់ពី​ដូស​ទី​១​។ ចំពោះ​អ្នក​បាន​ចាក់​វ៉ាក់សាំង​អាស្ត្រាហ្សេនីកា​ទាំង​ ២ ​ដូស​រួចហើយ គ.វ.ក-១៩ ប្រាប់​ឱ្យ​អនុវត្តតាម​សារ​សំឡេង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ៩ ខែសីហា ឆ្នាំ​ ២០២១ និង​រង់ចាំ​ការណែនាំ​នៅពេល​ក្រោយ​ទៀត​។

គ.វ.ក-១៩ បាន​អំពាវនាវ​ដល់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម ឬ​ស៊ីណូវ៉ាក់​ដូស​ទី​១ និង​ដូស​ទី​២ ​រួចរាល់​ហើយ​ដល់​វេន​អាច​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ ​សូម​ទៅ​ចាក់​វ៉ាក់សាំង​អាស្ត្រាហ្សេនីកា​ដូស​ទី​៣ ​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា​នៅតាម​ទីតាំង និង​កាលបរិច្ឆេទ​នៃ​សេចក្តី​ជូនដំណឹង​នេះ​។

បើតាម​ គ.វ.ក-១៩ កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​ ១០ ខែកុម្ភៈ ដល់​ថ្ងៃទី​ ១០ ខែសីហា​​ ឆ្នាំ​ ២០២១ ​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​មាន​អាយុ ១៨ ​ឆ្នាំ​ឡើងទៅ​បាន​ចំនួន​ជាង ៨ ​លាន​នាក់ ស្នើ​នឹង​ ៨០,៣៨% បើ​ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ​ ១០ ​លាន​នាក់​។ ចាក់​ដល់​កុមារ​យុវវ័យ​អាយុ​ពី​ ១២ ​ឆ្នាំ​ទៅ​ក្រោម​ ១៨ ​ឆ្នាំ​បាន​ជាង ៣៥ ​ម៉ឺន​នាក់ ស្មើនឹង ១៨,២៦% បើ​ធៀប​នឹង​ប្រជាជន​គោលដៅ​ប្រមាណ ២ ​លាន​នាក់​។ សរុប​លទ្ធផល​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​បាន​ជាង ៨,៣ ​លាន​នាក់​ស្មើនឹង ៥២,៤៨ ​ភាគរយ​នៃ​ប្រជាជន​សរុប​ ១៦ ​លាន​នាក់​៕