ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​លោក ជា វណ្ណដេត បាន​បញ្ជាក់ថា នៅ​សប្តាហ៍​ក្រោយ​ក្នុង​ខែ​សីហា​នេះ ក្រសួង​នឹងដាក់​លក់​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូវីដ​ ១៩ (RapidTest) ​ដែល​នាំចូល​មកពី​ប្រទេស​ចិន​ ចំនួន​ ២ ​លាន​គ្រឿង ​ក្នុង​តម្លៃ​ដើម​ ២ ​ដុល្លារ​ក្នុង​ ១ ​គ្រឿង ​ជូន​ដល់​ប្រជាពលរដ្ឋ​។

លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​មួយ​តាម​ប្រព័ន្ធ Zoom ជាមួយ​ប្រធាន​អង្គភាព​ព័ត៌មាន​មួយចំនួន​នៅ​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​ ៩ ខែសីហា​ឆ្នាំ​ ២០២១​។

លោក ជា វណ្ណដេត បានបញ្ជាក់​បន្ថែម​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ នៅ​ថ្ងៃទី​ ១០ ខែសីហា​ថា ពេល​នេះ​ក្រសួង​ប្រៃសណីយ៍​បាន​ត្រៀម​នាំមក​នូវ​ឧបករណ៍​តេស្ត​រហ័ស​ពី​ប្រទេស​ចិន​ចំនួន​ ២ ​លាន​គ្រឿង​ ដើម្បី​លក់​ជូន​ពលរដ្ឋ​តម្លៃ​ត្រឹម​ ២ ​ដុល្លារ ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​ការស្វែងរក​មេរោគ​កូវីដ​ ១៩ ក៏ដូចជា​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ឱ្យទាន់​ពេលវេលា​។

លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់ថា​៖ «​ឧបករណ៍​នេះ​ងាយស្រួល​ប្រើប្រាស់​ជាង​មុន ដោយ​លូក​តេស្ត​ចូល​រន្ធ​ច្រមុះ​រាក់ៗ ហើយ​មាន​គុណភាព​ខ្ពស់​ដដែល​»​។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដោយ​អនុវត្ដ​តាម​ការណែនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ​ ២០២១ និង​ដើម្បី​រួមចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​បាន​ទាន់​ពេលវេលា​​ក៏​ធ្លាប់បាន​នាំចូល​ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្ស៊ែន​កូវីដ​ ១៩ (Covid-19 Rapid Antigen Test) ពី​ប្រទេស​កូរ៉េ មក​ចែកចាយ​បន្ត​ក្នុង​តម្លៃ​ដើម​ ៣,៧ ​ដុល្លារ​អាមេរិក​ក្នុង​ ១ ​គ្រឿង​ផងដែរ​។

ក្រសួង​បញ្ជាក់ថា ឧបករណ៍​តេស្ត​រហ័ស​នេះ​នឹង​ត្រូវ​លក់​ជូន​ក្នុង​គោលដៅ​យកទៅ​ប្រើប្រាស់​​តែប៉ុណ្ណោះ ដោយ​មិន​ត្រូវយក​​ទៅ​លក់​បន្ត​ឡើយ​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍​​កាលពី​ថ្ងៃទី​ ២១ ខែកក្កដា បាន​បញ្ជាក់ថា កន្លងមក​ក្រសួង​បាន​​ចាត់វិធានការ​ជា​បន្តបន្ទាប់​ចំពោះ​ជន​ឆ្លៀតឱកាស​ដែល​បាន​យក​ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្ស៊ែន​កូវីដ​ ១៩ ​ទៅធ្វើ​អាជីវកម្ម​បន្ត​ដែល​ខុសពី​គោលការណ៍​កំណត់ថា ឧបករណ៍​នេះ​អាច​ទិញ​បានតែ​ក្នុង​គោលដៅ​ប្រើប្រាស់​ប៉ុណ្ណោះ​។

ក្រសួង​បញ្ជាក់ថា ជាក់ស្តែង​ក្រោយពី​បាន​ស៊ើបអង្កេត​ជាក់លាក់​រួចមក ក្រសួង​បានកំណត់​​មុខសញ្ញា​ជន​ឆ្លៀតឱកាស​ទាំងនោះ ហើយ​បាន​ចុះទៅ​ចាត់​វិធានការ​ភ្លាមៗ​នៅ​ទីតាំង​ចំនួន​ ៥ និង​រឹបអូស​បាន​ឧបករណ៍​តេស្ត​ចំនួន​ ៤ ២៥០ ​គ្រឿង ដែល​ឧបករណ៍​តេស្ត​ទាំងនោះ​បាន​បញ្ជា​​ទិញ​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

ការទិញ​ឧបករណ៍​តេស្ត​ពី​ក្រសួង​ប្រៃសណីយ៍​យក​ទៅ​ធ្វើ​អាជីវកម្ម​បន្ត​នេះ ពុំបាន​ផ្តល់​ផលប្រយោជន៍​អ្វី​ដល់​ពលរដ្ឋ​ឡើយ​ ក៏ប៉ុន្តែ​បែរជា​នាំឱ្យ​ពលរដ្ឋ​ខាត​ថវិកា​ស្របពេល​កំពុង​ជួប​ការលំបាក​ពី​ជំងឺ​កូវី​ ១៩​។

បច្ចុប្បន្ន​ក្រសួង​កំពុង​បន្ត​នាំចូល​ឧបករណ៍​តេស្ត​រហ័ស​នេះ​​មក​ចែកចាយ​ក្នុងតម្លៃ​ដើម​ត្រឹមតែ​ ៣,៧ ​ដុល្លារ​អាមេរិក ដោយ​ចែកចាយ​បន្ត​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃអាទិត្យ ដែលជា​មធ្យម​ក្នុង​ ១ ​ថ្ងៃ​ចំនួន​ ៣៥០ ​ប្រតិបត្តិការ​បញ្ហា​ទិញ​របស់​ក្រុមហ៊ុន​​សហគ្រាស រោងចក្រ ស្ថាប័ន​​ដោយ​ផ្ដល់​អាទិភាព​លើ​ទីតាំង​ដែល​កំពុង​ជួប​ហានិភ័យ​ខ្ពស់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​ ១៩​។ ​នេះ​បើតាម​ការបញ្ជាក់​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល ។

ជាមួយ​នេះ​ដែរ ក្រសួង​ប្រៃសណីយ៍​ក៏បាន​បញ្ជាក់ដែរថា នឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​​មាន​សមត្ថកិច្ច​ដើម្បី​កំណត់​មុខសញ្ញា​ជន​ឆ្លៀតឱកាស​ហើយ​​ចាត់វិធានការ​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​ដោយ​មិន​បណ្តោយ​​ឱ្យ​ជន​ឆ្លៀតឱកាស​ទាំងនោះ​បង្ក​នូវ​បញ្ហា និង​រំលោភបំពាន​លើ​គោលការណ៍​កំណត់​របស់​ក្រសួង​ឡើយ​៕

វីដេអូ៖