កណ្តាលៈ ម្ចាស់​ក្រុមហ៊ុន​ពុះ​ដីឡូត៍ ដែល​បាន​ចាក់​អាចម៍ដី​លុប​ចូលទៅក្នុង​អូររកា ស្ថិតក្នុង​ភូមិ​ព្រែកដូនហែម ឃុំ​ព្រែក​អំពិល បាន​យល់ព្រម​ចុះកិច្ចសន្យា កាយ​អាចម៍ដី​ចេញពី​មាត់​អូរ​វិញ​ហើយ បន្ទាប់ពី​ក្រុម​គណៈកម្មការ​ចម្រុះ​បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ បន្ទាប់ពី​រកឃើញថា ក្រុមហ៊ុន​នោះបាន​ចាក់​អាចម៍ដី​រំលោភបំពាន​លើដី​ចំណី​អូររកា ដែលជា​ប្រព័ន្ធធារាសាស្ត្រ​ដ៏សំខាន់​នៅក្នុង​តំបន់​នេះ​។

លោក ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្ដាល​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១០ ​សីហា​ថា កាលពី​ថ្ងៃទី​ ៧ ខែ សីហា ឆ្នាំ​ ២០២១ គណៈបញ្ជាការ​ឯកភាព​ស្រុក​ខ្សាច់កណ្ដាល បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ចាក់​អាចម៍ដី​មួយកន្លែង ស្ថិតក្នុង​ភូមិ​ព្រែកដូនហែម ឃុំ​ព្រែកអំពិល ដែល​ត្រូវបាន​គេ​គ្រោង​រៀបចំ​ពុះ​ជា​ដីឡូត៍​សម្រាប់​លក់​។

នៅពេល​នោះ ក្រុមការងារ​គណៈបញ្ជាការ​ឯកភាព​បាន​រកឃើញ​ថា ក្រុមហ៊ុន​ពុះ​ដីឡូត៍​ឈ្មោះ ភឺន ផល្លា បាន​ចាក់​អាចម៍ដី​លុប​ចូល​ទៅក្នុង​អូរ​ប្រមាណ​ជា​ ៣-៤ ​ម៉ែត្រ និង​មាន​ប្រវែង​ជិត​ ២០ ​ម៉ែត្រ​។

លោក​បញ្ជាក់ថា​៖ «​នៅពេលនោះ ក្រុមការងារ​យើង​បាន​ហាមឃាត់​សកម្មភាព នៃ​ការចាក់​អាចម៍ដី​របស់​ក្រុមហ៊ុន​នោះ​ជា​បណ្ដោះអាសន្ន និង​បាន​បង្គាប់​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​នេះ កាយ​អាចម៍ដី​ដែល​បាន​ចាក់​លុប​ចូលក្នុង​អូរ​នោះ​ចេញ​វិញ​ឱ្យអស់ ដោយ​ទុក​រយៈពេល​ ១ ​សប្ដាហ៍ បើ​ពុំ​នោះទេ យើង​នឹង​ចាត់វិធានការ​តាមច្បាប់​រដ្ឋបាល​»​។

លោក​បន្ថែមថា​៖ «​នៅពេលនេះ ខាង​ភាគី​ក្រុមហ៊ុន​កំពុង​កាយ​អាចម៍ដី​ដែល​បាន​ចាក់​លុប​ចូលទៅក្នុង​អូរ​នោះ​ចេញ​វិញ​ជា​បណ្ដើរៗ​ហើយ​»​។

លោក ម៉ា ហេង មេភូមិ​ព្រែកដូនហែម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អូររកា​គឺជា​ប្រភពទឹក​យ៉ាងសំខាន់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សម្រាប់​យកមក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ដូចជា​យកមក​បរិភោគ​ដាំ​ស្ល ងូត និង​បោកគក់​ព្រមទាំង​ស្រោចស្រព​ទៅលើ​ដំណាំ​កសិកម្ម​ផ្សេងៗ និង​ជា​ប្រព័ន្ធ​រំដោះ​ទឹកជំនន់​ផងដែរ​។

អូរ​នេះ​មាន​ទទឹង​ប្រមាណ​ជាង ៤០ ​ម៉ែត្រ និង​បណ្តោយ​លាតសន្ធឹង​ពី​ព្រំប្រទល់​ភូមិ​ព្រែកហ្លួង​នៃ​ឃុំ​ព្រែកហ្លួង​ទៅដល់​ភូមិ​ព្រែកក្របៅ​ ៣ ដោយ​ឆ្លងកាត់​ភូមិ​ព្រែក​ដូនហែម​នៃ​ឃុំ​ព្រែកអំពិល​។ ប៉ុន្តែ​ក្រោយពី​តម្លៃ​ដី​នៅក្នុង​តំបន់​នេះ ចាប់ផ្ដើម​មាន​ហាងឆេង​ខ្ពស់​រហូត​ដល់​ ១ ​ម៉ែត្រការ៉េ ចាប់ពី ៧០-១០០ ​ដុល្លារ ក៏​ស្រាប់តែ​មាន​ករណី​ចាក់​អាចម៍ដី​រំលោភ​ចូលទៅក្នុង​អូរជា​បន្តបន្ទាប់​ដែល​ធ្វើឱ្យ​ខូច​ទ្រង់ទ្រាយ​ដើម​នៃ​មាត់​អូរ ប៉ះពាល់​ដល់​បរិស្ថាន ជីវចម្រុះ និង​គុណភាព​ទឹក​។

លោក​ ហេង បាន​និយាយថា​៖ «​កន្លងមក អាជ្ញាធរ​ភូមិ-ឃុំ បាននាំគ្នា​ហាមឃាត់​ដែរ មាន​ខ្លះ​ក៏បាន​កាយ​ចេញ​វិញ ខ្លះ​ក៏​មិន​កាយ​ទេ ប៉ុន្តែ​សកម្មភាព​នោះបាន​ស្ងប់ស្ងាត់​មួយរយៈ បន្ទាប់ពី​ខាង​មន្ទីរ​ធនធាន​ទឹកបាន​ចុះមក​ផ្សព្វផ្សាយ​អប់រំ​ណែនាំ និង​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​»​។

កាលពី​ ១ ​សប្ដាហ៍​មុន ករណីនេះ​បាន​ចាប់ផ្ដើម​កក្រើក​ឡើង​វិញ ដោយ​ក្នុង ១ ​ថ្ងៃៗ មាន​រថយន្ត​ដឹក​ដី​ធំៗ រាប់សិប​គ្រឿង​បាន​ដឹក​អាចម៍ដី​ចាក់​លុប​ចូលទៅក្នុង​អូរ ដើម្បី​រំលោភ​យក​ជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​។

ជាមួយ​គ្នា​នេះ លោក ភឺន សុក្រិត្យ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ព្រែកអំពិល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អ្នក​ដែល​បាន​ចាក់ដី​រំលោភ​ចូល​អូររកា​នោះ​ត្រូវបាន​គេ​ល្បី​តគ្នា​ថា មាន​ងារ​ជា​ឧកញ៉ា​ផង និង​ជា​ទាហាន​ពាក់​ផ្កាយ​ ២ ​ផង ឈ្មោះ ភឺន ផល្លា​។ ទោះជា​យ៉ាងណា​ក៏ដោយ ករណី​នោះ​ត្រូវ​បាន​រដ្ឋបាល​ស្រុក​ខ្សាច់កណ្ដាល​ចុះ​ផ្អាក​សកម្មភាព និង​តម្រូវឱ្យ​កាយ​អាចម៍ដី​ចេញ​វិញ​ហើយ​។

លោក​ថ្លែងថា​៖ «​កាលពី​ព្រឹក​មិញ​ (​ថ្ងៃទី​ ១០ ​សីហា​) ខ្ញុំ​ឃើញ​គេ​យក​អេស្កាវ៉ាទ័រ ២ ​គ្រឿង​ចូល​កាយ​ដី​ពី​ក្នុង​អូរ​នោះ​វិញ​ហើយ​»​។ ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​លោក ភឺន ផល្លា បាន​ទេ​កាលពី​ម្សិលមិញ​៕