ភ្នំពេញៈ​ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ​ចំនួន​ ៣ ​លាន​ដូ​ស​បន្ថែមទៀត ដែលជា​ការ​បញ្ជាទិ​ញរ​បស់​រាជរដ្ឋាភិ​បាល​ក​ម្ពុ​ជា​បាន​ដឹក​ពី​ប្រទេស​ចិន​ មកដល់​កម្ពុជា​ហើយ​ នៅ​ម៉ោង​ប្រមាណ ១០ ព្រឹកថ្ងៃ​ទី ១២ ខែសីហា​នេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ថ្លែង​ក្នុងពេល​ធ្វើជា​អធិបតី​ទទួលវ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់៣លាន​ដូ​ស​នេះ​ថា ថ្ងៃនេះ​រាជរដ្ឋាភិបាល​បានសម្រេច​ផែនការ​ជោគជ័យ​ក្នុង​ការបញ្ជាទិញ​វ៉ាក់សាំងបង្ការ​ជំងឺ​កូ​វីដ ១៩ ហើយ​វ៉ាក់សាំង​បាន​ដឹក​មកដល់​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​ការចាក់​ជូន​ប្រជាពលរដ្ឋ​តាម​ផែនការ​ជា​បន្តបន្ទាប់​មិនដែល​អាក់ខាន​ឡើយ។

លោកស្រីបាន​​ថ្លែងថា៖ «វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​នេះ ថ្ងៃនេះ​មកដល់ ៣ លាន​ដូ​ស យើង​នៅសល់​ប្រហែល ២ លាន​ដូ​ស​ទៀតនឹង​ដឹក​មកដល់​នៅ​សប្ដាហ៍​ទី៣ ឬ​ដើម​សប្ដាហ៍​ទី៤ នៃ​ខែសីហា​នេះដើម្បី​គម្រប់​ចំនួន ១៦ លាន ៥ សែន​ដូ​ស​នៃ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់»។

លោកស្រីបាន​បញ្ជាក់ថា សរុប​វ៉ាក់សាំង​ទាំងអស់ ទាំង​វ៉ាក់សាំង​ដែល​កម្ពុជា​ទើប​ទទួលបាន៣លាន​ដូ​ស​ទៀត​នេះ កម្ពុជា​បានទទួល​វ៉ាក់សាំង​សរុប​ជាង ២៤ លាន​ដូ​ស​រួចមក​ហើយ។

តាមរយៈ​វ៉ាក់សាំង​ទាំងនេះ​បាន​ជួយ​ឱ្យ​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងបាន​ចំនួន​ជាង ៨ លាន​នាក់​មកហើយ​នៃ​ប្រជាជន​គោលដៅ ១០ លាន​នាក់។ ដោយឡែក​ការចាក់​វ៉ក់​សាំង​ដល់​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី ១២ ឆ្នាំ ទៅ​ក្រោម ១៨ ឆ្នាំ បាន​ចំនួន​ជាង ៣៥ ម៉ឺន​នាក់​ផងដែរ ក្នុងចំណោម​ប្រមាណ ២ លាន​នាក់។

កម្ពុជា​ត្រូវបាន​អង្គការ​សុខ​ភាព​ពិភព​លោក និង​អង្គការ​សហ​ប្រជាជា​តិចាត់ទុកជា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​មួយ​ដែល​បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ពលរដ្ឋ​បាន​ច្រើន​ជាង​គេក្នុង​នោះមាន​​ចាក់​ជូន​ដល់​គ្រូបង្រៀន ប្រជាពលរដ្ឋ​ពេញវ័យនិង​កុមារ។ ម្យ៉ាង​ទៀត​បច្ចុប្បន្ន​កម្ពុជាក៏កំពុង​បន្ត​ផែនការចាក់​វ៉ាក់សាំង​ដូ​ស​ទី៣ ជូន​ក្រុមគ្រូពេទ្យ និង​មន្ដ្រី​ជួរមុខ រួម​នឹង​អ្នកប្រតិបត្តិ​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ១៩ ជួរមុខ​ ក៏ដូចជា​ជន​អាទិភាព​តាម​ក្រសួង​ស្ថាប័ន​នានា​ផងដែរ៕