ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (​ក.ប.ប.) បង្ក្រាបបាន​អាល់កុល​ក្លែងក្លាយ ប្រភេទ​មេតាណុល​បាន​ជាង ៩៦ តោន ​ក្នុង​រយៈពេល​ ៧ ​ខែ​ ក្នុង​ឆ្នាំ​ ២០២១ ដែល​ឈ្មួញ​បានដាក់​ឱ្យ​ចរាចរ​តាម​ទីផ្សារ​នៅក្នុង​ប្រទេស​។ យោងតាម​ការ​ឱ្យដឹងពី​របាយការណ៍​អគ្គនាយកដ្ឋាន ក.ប.ប. កាលពី​ថ្ងៃទី​ ១១ ខែសីហា ឆ្នាំ​ ២០២១​។

របាយការណ៍​នេះ​បន្តថា ការដាក់លក់​អាល់កុល​ក្លែងក្លាយ (​មេតាណុល​) តាម​ទីផ្សារ​សម្រាប់​បាញ់សម្លាប់​មេរោគ គឺជា​ការបំពាន​ទាំងស្រុង​ទៅលើ​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់ ដែល​ធ្វើឱ្យ​ខាតបង់​ផលប្រយោជន៍ សេដ្ឋកិច្ច និង​ជាពិសេស​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព សុវត្ថិភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​។ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ទង្វើ​នេះ​ក៏បាន​រាំងស្ទះ​ដល់​វិធានការ​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ផងដែរ ព្រោះ​អាល់កុល​មេតាណុល​ពុំមាន​ប្រសិទ្ធភាព​ក្នុង​ការសម្លាប់​មេរោគ​ឡើយ មិនតែ​ប៉ុណ្ណោះ​វា​នឹង​ធ្វើឱ្យប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​។

លោក ឌឹម ថេង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. ​ថ្លែងថា បច្ចុប្បន្ន​ដោយសារ​ស្ថានភាព​មេរោគ​កូវីដ​បាន​រាលដាល​ខ្លាំង​ជាហេតុ​នាំឱ្យ​តម្រូវការ​នៃ​អាល់កុល​មាន​ការកើនឡើង​ខ្ពស់​ធ្វើឱ្យ​ការផ្គត់ផ្គង់​ទៅលើ​ទីផ្សារ​មិន​គ្រប់គ្រាន់ និង​មានតម្លៃ​ថ្លៃ​។ និន្នាការ​នេះ​នាំឱ្យមាន កំណើន​នៃ​ការធ្វើ​ពាណិជ្ជកម្ម​លួចលាក់ តាមរយៈ​ការនាំចូល​អាល់កុល​ក្លែងក្លាយ ឬ មេតាណុល​ដោយ​បន្លំ ថា​ប្រភេទ​ទំនិញ​ជា​អាល់កុល​ធម្មតា ក្នុង​គោលបំណង​កេងចំណេញ​សេដ្ឋកិច្ច​ខ្ពស់​។ មេតាណុល​អាច​មាន​តម្លៃ​ទាប​ជាង​ ២ ​ទៅ​ ៣ ​ដង​បើ​ធៀប​ទៅនឹង​តម្លៃ​អាល់កុល​ធម្មតា​៕