កំពង់ឆ្នាំងៈ គិត​ចាប់ពី​ឆ្នាំ ២០១៩ រហូតដល់​បច្ចុប្បន្ននេះ អាជ្ញាធរ​ស្រុក​បរិបូណ៌​បាន​ចាប់បញ្ជូន​ជនសង្ស័យ​ចំនួន ២៤ ​នាក់​ទៅ​តុលាការ ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការលបលួច​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​លិចទឹក ដែលមាន​ទំហំ​ផ្ទៃដី​សរុប​ជាង ១៩០ ​ហិកតា​។

លោក ឈឹម វ៉ាន នាយ​ខណ្ឌ​ជលផល​ស្រុក​បរិបូណ៌​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១១ ខែសីហា ឆ្នាំ​ ២០២១ ​ថា ទោះជា​យ៉ាងណា មនុស្ស​ហាក់​មិនមាន​ការខ្លាច​រអា​បន្តិច​ណា​ឡើយ បន្ទាប់ពី​ជនសង្ស័យ​ទាំងនេះ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​យ៉ាងណាក្តី ដោយ​នៅតែមាន​អ្នកប្រព្រឹត្ត​លបលួច​ឈូសឆាយ​ព្រៃ​លិច​ទឹក​នេះ​ដដែល​ទៀត​។

លោក​បន្តថា ក្នុងករណី​បន្ត​លបលួច​ឈូសឆាយ​ដីព្រៃ​លិចទឹក​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​បរិបូណ៌​នេះ​អាជ្ញាធរ​នឹង​ធ្វើ​កំណត់ហេតុ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី​បន្ថែមទៀត​។ អាជ្ញាធរ​ស្រុក មិន​ព្រងើយកន្តើយ​ឡើយ​ចំពោះ​ករណីនេះ ព្រោះ​វា​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ទីតាំង​ជម្រក​ត្រី​ពងកូន​នៅពេលដែល​រដូវ​ទឹកឡើង​មក​ដល់​។

លោក​ថ្លែងថា​៖ «​អាជ្ញា​ធរមាន​សមត្ថកិច្ច តែងតែ​ចុះ​ល្បាត​ជាប្រចាំ ហើយ​ឱ្យតែ​ឃើញ​កន្លែង​ណា​មាន​ករណី​កាប់​ទន្ទ្រាន​ ឬ​ឈូសឆាយ​ថ្មី យើង​នឹង​ស្រាវជ្រាវ​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​តុលាការ​ហើយ​។ កន្លងមក យើង​បាន​បញ្ជូន​ករណី​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នេះ ដូចជា​ករណី​នៅ​ឃុំ​ខុន​រ៉ង ឃុំ​ដំរី​ស្លាប់ ឃុំ​ឆ្នុកទ្រូ និង​ទីតាំង​ផ្សេងទៀត​ទៅ​តុលាការ​ដើម្បី​អនុវត្ត​ច្បាប់​»​។

បើតាម​លោក ឈឹម វ៉ាន អ្នក​ដែល​លបលួច​ឈូសឆាយ​ដីព្រៃ​លិច​ទឹក នៅក្នុង​ភូមិសាស្ត្រ​ស្រុក​បរិបូណ៌​ភាគច្រើន​គឺជា​ប្រជាពលរដ្ឋ​ដែលមាន​ដីស្រែ​នៅជាប់​ទីនោះ​។ ប្រជាពលរដ្ឋ​ទាំងនេះ លបលួច​ឈូសឆាយ​ដីព្រៃ​លិចទឹក​ធ្វើជា​កម្មសិទ្ធិ​ក្នុង​គោលបំណង​ពង្រីក​ដី​កសិកម្ម​របស់​ពួកគេ ដោយ​មិនបាន​គិតដល់​ជម្រក​ត្រី​ពងកូន​ឡើយ​។

លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ ខែសីហា​ថា ករណី​លបលួច​ឈូសឆាយ​ដីព្រៃ​នេះ សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បាន​ទទួល​ច្រើន​ករណី និង​បាន​អនុវត្ត​ទៅតាម​នីតិវិធី​។ ដោយឡែក​ចំពោះ​ករណី​នៅ​ស្រុក​បរិបូណ៌ សាលាដំបូង​ខេត្ត​ក៏បាន​ទទួល​សំណុំរឿង​ច្រើន​ករណី​ដែរ ហើយ​ករណី​មួយចំនួន​ក៏​សមត្ថកិច្ច​កំពុងតែ​កសាង​សំណុំរឿង​បញ្ជូនមក​ដែរ​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ បន្ទាប់ពី​មាន​ការផ្សព្វផ្សាយ​ពី​ករណី​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក ស្ថិតនៅក្នុង​ឃុំ​ ១ ​កន្លែង​តាម​បណ្តាញ​សង្គម រដ្ឋបាល​ស្រុក​បរិបូណ៌ កាលពី​ថ្ងៃទី​ ៩ ខែសីហា បានចេញ​សេចក្តី​បំភ្លឺ​មួយ​ដោយ​ទទួលស្គាល់ថា ពិតជា​មាន​ការលបលួច​ឈូស​ទន្ទ្រាន​ដីព្រៃ​លិចទឹក​ពេលយប់ នៅ​តំបន់​ត្រពាំងត្រស់​ជាប់​ព្រំប្រទល់​ភូមិ​ល្បើក និង​ភូមិ​កំពង់អូរ ឃុំ​ខុនរ៉ង​ពិតប្រាកដ​មែន​។

សេចក្តីបំភ្លឺ​ដដែល​បន្តថា កម្លាំង​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ស្រុក និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះទៅពិនិត្យ និង​ចុច GPS លើ​ផ្ទៃដី​ខូចខាត​ទំហំ​ប្រហែល ២៥ ​ហិកតា ដោយបាន​បោះ​ស្លាក​ហាមឃាត់​ចំនួន ៦ ​ស្លាក និង​កំណត់​មុខសញ្ញា​ជនល្មើស​ចំនួន ៤ ​នាក់ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូនទៅ​តុលាការ​រួចរាល់​អស់ហើយ ។

សេចក្តី​បំភ្លឺ​ដដែល​បន្តថា កន្លងមក គណៈ​អភិបាលស្រុក​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ជលផល និង​ទោស​បញ្ញត្តិ​ផ្សេងៗ​ជូន​ដល់ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ឃុំ ពិសេស​តែងតែ​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ពិនិត្យមើល​ព្រៃ​លិច​ទឹក​ជាប់​ជាប្រចាំ​នៅ​គ្រប់​តំបន់​ទាំងអស់​ធ្វើយ៉ាងណា​រួមចំណែក​ថែរក្សា​ការពារ​ព្រៃ​លិច​ទឹក​ ដែល​ជា​ដែន​ជម្រក​ត្រី​ពង​កូន​ឱ្យ​ខាង​តែ​បាន​ជា​ដាច់ខាត ទោះបី​មិនបាន​ទាំងស្រុង​ក៏ដោយ​៕