
លោកអធិការស្រុកបសេដ្ឋ ដែលមន្ត្រីក្រោមឱវាទប្ដឹង។ រូបថត ហ្វេសប៊ុក
កំពង់ស្ពឺៈ ស្នងការនគរបាលខេត្តកំពង់ស្ពឺលោក សម សាមួន នៅថ្ងៃទី ១២ សីហានេះ បានសម្រេចដកបញ្ឈរជើងលោកអធិការនគរបាលស្រុកបសេដ្ឋ ដើម្បីស៊ើបអង្កេត បន្ទាប់ពីបានទទួលព័ត៌មានថា អធិការរង នាយផ្នែក នាយរងផ្នែក និងនាយប៉ុស្តិ៍បានប្តឹងចោទលោកអធិការថា ពាក់ព័ន្ធអំពើពុករលួយ គ្មានសមត្ថភាពដឹកនាំអង្គភាព និងគ្មានក្រមសីលធម៌។
លោក អៀង អុល ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងនៅថ្ងៃទី១២សីហាថា ស្នងការនគរបាលខេត្តកំពង់ស្ពឺលោក សម សាមួន បានសម្រេចចេញលិខិតបង្គាប់ការឲ្យលោក អ៊ុំ ចំរើន អធិការនគរបាលស្រុកបសេដ្ឋមកបម្រើការនៅការិយាល័យបុគ្គលិកមួយរយៈ ដើម្បីបន្តការស៊ើបអង្កេត បន្ទាប់ពីទទួលព័ត៌មានថា មន្ត្រីក្រោមឱវាទរបស់លោកអធិការប្តឹងចោទប្រកាន់ថា មានពាក់ព័ន្ធនឹងអំពើពុករលួយ គ្មានសមត្ថភាពដឹកនាំអង្គភាព គ្មានក្រមសីលធម៌ និងចំណុចផ្សេងៗជាច្រើនទៀត។
លោកថ្លែងថា៖ «នៅព្រឹកថ្ងៃទី ១២ ខែសីហានេះ ខ្ញុំបានចុះទៅប្រជុំផ្សព្វផ្សាយ និងអញ្ជើញគាត់ឲ្យមកការិយាល័យបុគ្កលិក ដើម្បីសួរនាំ ហើយឥឡូវនេះយើងកំពុងបន្តការស៊ើបអង្កេតថែមទៀត។
យោងតាមលិខិតរួមរបស់អធិការរង នាយផ្នែក នាយរងផ្នែក និងនាយប៉ុស្តិ៍ ចុះថ្ងៃទី ៣១ ខែឧសភា ដាក់ជូនទៅស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចោទប្រកាន់ទៅលោក អ៊ុំ ចំរើន អធិការនគរបាលស្រុកបសេដ្ឋថា អនុម័តការងារ គ្មានការប្រជុំក្រមប្រឹក្សាវិន័យ ដើម្បីស្នើសុំការតែងតាំង និងផ្លាស់ប្តូរការងារមន្ត្រីក្រោមឱវាទ។
លិខិតដដែលបានចោទលោក អ៊ុំ ចំរើន ថា គិតតែផលប្រយោជន៍ខ្លួន គ្មានការកសាងអង្គភាពឲ្យមានហេដ្ឋារចនាល្អប្រសើរ គ្មានភាពរីកចម្រើនជូនអង្គភាព។មិនឲ្យតម្លៃកូនចៅ គ្មានក្រមសីលធម៌ ដឹកនាំគ្មានការទទួលខុសត្រូវ ។ចរិតឫកពា មិនសមជាថ្នាក់ដឹកនាំ ជេរប្រមាថ មើលងាយកូនចៅក្រោមឱវាទ មិនស្គាល់ចាស់ក្មេង អំនួតក្អេងក្អាងជាដើម។
ក្នុងលិខិតសរសេរទៀតថា«ក្នុងនាមជាមេអង្គភាព មិនដាក់ការងារឲ្យកូនចៅធ្វើការ បែរជានាំកូនចៅលេងល្បែងស៊ីសងនៅក្នុងកន្លែងការងារដែលផ្ទុយពីបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ។ពាក់ពន្ធនឹងលុយភូមិឃុំមានសុវត្ថិភាពដែលរដ្ឋផ្តល់ឲ្យអង្គភាព។ ចាប់តាំងពីបានកាន់តំណែង លោកអធិការបានយកលុយទៅចាយបុគ្គលខ្លួនឯង(គ្មានវិក្កយបត្រត្រឹមត្រូវ)»។
លើសពីនេះលោក អ៊ុំ ចំរើន មិនបានអនុវត្តនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់កុំឲ្យរីករាលដាលជំងឺកូវីដ ១៩ នោះទេ។ លិខិតដដែលសរសេរថា «បុគ្គលនេះបានប្រើអំណាចតួនាទីបញ្ជាកូនចៅក្រោមឱវាទឲ្យបើកឡានជូនគាត់ទៅក្រុងកំពង់សោម ស្រុកព្រៃនប់ ជួបបនភឿនដើម្បីផឹកស៊ីស្រីញីសប្បាយគ្មានគិតពីតួនាទីភារកិច្ចរបស់ខ្លួនឡើយ» ។
តាមរយៈលិខិតនេះបានសំណូមពរដល់ លោកសម សាមួន ស្នងការនគរបាលខេត្តជួយពិនិត្យមើលការដឹកនាំរបស់លោក អ៊ុំ ចំរើន អធិការនគរបាលស្រុកបសេដ្ឋ និងសុំឲ្យមានការផ្លាស់ប្តូរតួនាទីចេញពីអធិការនគរបាលស្រុកបសេដ្ឋ ព្រោះពុំមានសមត្ថភាពដឹកនាំ។
យ៉ាងណាក្ដីនៅក្នុងរឿងនេះ លោក អ៊ុំ ចំរើន អធិការនគរបាលស្រុកបសេដ្ឋ បានបំភ្លឺថា លោកមិនមានការពាក់ព័ន្ធ ឬប្រព្រឹត្តដូចការចោទប្រកាន់របស់មន្ត្រីក្រោមឱវាទមួយចំនួននោះទេ។លោកថា មានមន្ត្រីមួយក្តាប់តូចបង្កើតព័ត៌មានក្លែងក្លាយដើម្បីមួលបង្កាច់ទៅលើរូបលោកសូម្បីតែស្នាមមេដៃក៏ក្លែងក្លាយផងដែរ។
លោកថ្លែងថា៖ «គេសុទ្ធតែដាក់ថា យើងពុករលួយ ហើយខ្ញុំមានអីត្រូវពុករលួយ លុយភូមិឃុំសុវត្ថិភាពក៏អត់ លុយការិយាល័យបោះឆ្នោតក៏អត់ ហើយលុយប្រាក់ខែកូនចៅ គេបើកតាមធនាគាររបស់គេ អ៊ីចឹងមកថាខ្ញុំពុករលួយយ៉ាងម៉េច? ហើយអគារអន្តរាគមន៍ក្រោយហ្នឹងខ្ញុំ ធ្វើរោងបាយខ្ញុំធ្វើ នៅចោទថាខ្ញុំអត់កសាង អត់រីកចម្រើនអីឯណា»៕
វីដេអូ៖