
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយមន្ត្រីរាជការកាលពីពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ក្នុងម្នាក់ទឹកប្រាក់ ៥ ម៉ឺនរៀលទៅដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ប្រមាណ ៥០ ម៉ឺននាក់នៅខែកញ្ញាខាងមុខ ដែលសរុបទឹកប្រាក់ខ្ទង់ ៨ លានដុល្លារ។
លិខិតជូនដំណឹងស្តីពីការបើកផ្តល់បៀវត្សរ៍ជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាសម្រាប់ខែកញ្ញា ឆ្នាំ ២០២១ របស់ក្រសួងមុខងារសាធារណៈដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញបានឱ្យដឹងថា ក្រសួងនឹងធ្វើការដាក់បញ្ចូលដោយស្វ័យប្រវត្តិនូវប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ចំនួនទឹកប្រាក់ ៥ ម៉ឺនរៀល (ប្រាំម៉ឺន) របស់រាជរដ្ឋាភិបាល ទៅក្នុងតារាងទូទាត់ប្រាក់បៀវត្សរ៍មន្ត្រីរាជការស៊ីវិល និងតារាងប្រាក់ឧបត្ថម្ភមន្ត្រីជាប់កិច្ចសន្យា។
ការផ្តល់ជូននេះធ្វើឡើងដោយយោងតាមអនុក្រឹត្យលេខ ៤១ ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ក្នុង ២០២១ នេះ។
លិខិតសរសេរថា៖ «ការបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ គឺត្រូវរៀបចំអនុវត្តក្នុងពេលជាមួយគ្នានៃការបើកផ្តល់ប្រៀវត្សរ៍លើកទី ២ ក្នុងខែកញ្ញា ឆ្នាំ ២០២១»។
យោងតាមអនុក្រឹត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី ១៩ ខែមីនា គឺបានសម្រេចផ្តល់ប្រាក់ឧបត្ថមក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៥០ ០០០ រៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីរាជការនៃអាជ្ញាធរសវនកម្មជាតិ មន្ត្រីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មន្ត្រីខុទ្ធការល័យដូចមានក្នុងអនុក្រឹត្យលេខ ១១ ចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី។
តាមរយៈអនុក្រឹត្យនោះលោកនាយករដ្ឋមន្ដ្រីបញ្ជាក់ថា ក្នុងមន្ដ្រីរាជការម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភ ៥ ម៉ឺនរៀល សម្រាប់ពិធីចូលឆ្នាំថ្មីហើយ ៥ ម៉ឺនរៀលទៀតសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ។ លោកបានថ្លែងថា៖ «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នសាមីត្រូវសហការ និងចាត់ចែងរៀបចំការបើកផ្តល់ជាបុរេប្រទានសម្រាប់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឱ្យដល់សមីជនម្នាក់ៗ នៅក្នុងពេលបើកបៀវត្សរ៍មុនពិធីបុណ្យភ្ជុំបិណ្ឌ» ។
លោក យក់ ប៊ុនណា អ្នកនាំពាក្យក្រសួងមុខងារសាធារណៈថ្លែងពីម្សិលមិញថា ស្ថានភាពកូវីដ ១៩ ធ្វើឱ្យរដ្ឋាភិបាលប្រឈមនឹងការដោះស្រាយបញ្ហាជាច្រើន ប៉ុន្តែយ៉ាងណាក៏ដោយរដ្ឋាភិបាលនៅតែគិតគូរទៅដល់ជីវភាពរបស់មន្ត្រីរាជការ និវត្តជន និងអ្នកដែលបានចូលរួមផ្តល់សេវាសាធារណៈទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកថ្លែងថា៖ «ថវិកាភ្ជុំបិណ្ឌខាងមុខនេះយើងគ្រោងចំណាយខ្ទង់ ៨ លានដុល្លារ សម្រាប់ទាំងមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យានិវត្តជនមន្ត្រីនៅក្នុងក្រុមប្រឹក្សារហូតទៅដល់ភូមិ ឃុំ។ គ្រួសាររបស់អតីតយុទ្ធជនក៏រដ្ឋាភិបាលឧបត្ថម្ភដែរ គឺគ្រួសារអតីតយុទ្ធជនដែលពិការ ឬមរណភាពដែលមានក្នុងប្រព័ន្ធរបស់យើង។ បើសរុបចំនួនមនុស្សប្រហែល ៥០ ម៉ឺននាក់»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាថ្លែងពីម្សិលមិញថាការធ្វើតុល្យភាពផ្នែកហិរញ្ញវត្ថុជារឿងសំខាន់ណាស់ ព្រោះត្រូវការចំណាយច្រើនទាក់ទង និងវិបត្តិជំងឺឆ្លងកូវីដ ១៩ ប៉ុន្តែយ៉ាងណាការឧបត្ថម្ភថវិកានេះជារឿងល្អសម្រាប់មន្ត្រីរាជការ។ បើតាមលោក ពិសី ការបើកប្រាក់ឧបត្ថម្ភដល់មន្ដ្រីរាជការ នាពេលបច្ចុប្បន្ន គឺមិនសូវមានភាពមិនប្រក្រតីដូចពីច្រើនឆ្នាំមុនទេ ព្រោះប្រើប្រាស់តាមប្រព័ន្ធធនាគារ។
លោកថ្លែងថា៖ «លើកលែងតែមន្ត្រីគាត់មានការស៊ុមគ្រលំជូន ឬឱ្យសាគុណតាមវិធីណាមួយ អាហ្នឹងជារឿងរបស់គាត់ ប៉ុន្តែការកាត់លុយផ្តេសផ្តាស គឺលែងមានទៀតហើយបើតាមអ្វីដែលខ្ញុំបានដឹង។ មួយទៀតដោយសារយើងមានប្រព័ន្ធអនឡាញហ្នឹងគឺមានន័យថា អត្តសញ្ញាណរបស់មន្ត្រីគឺជាមន្ត្រីពិតលែងមានមន្ត្រីខ្មោចដូចមុនទៀតហើយ»៕
វីដេអូ៖