ព្រះវិហារៈ មន្ត្រី​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​កាលពី​ថ្ងៃទី​ ១១ ​សីហា បាន​រាវ​គ្រាប់​មីនតោន​បាន​ ១១ ​គ្រាប់ បន្ទាប់ពី​ពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ភូមិ​តេជោបុស្បូវ ឃុំ​សាអែម ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ ហើយ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ដែនដី​។

លោក លិញ យុត អភិបាលរង​ស្រុក​ជាំក្សាន្ត​ទទួល​ការងារ​ដោះស្រាយ​អាវុធជាតិផ្ទុះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា គ្រាប់​មីនតោន​ ១១ ​គ្រាប់ ដែល​កប់​ក្នុង​ដី​ពី​សម័យ​សង្គ្រាម​នោះ ត្រូវបាន​មន្ត្រី​ជំនាញ​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​ដោះ​យកមក​រក្សាទុក​ដោយ​សុវត្ថិភាព​ហើយ​។

លោក​បន្តថា ការដោះ​គ្រាប់​មីនតោន​នេះ បន្ទាប់ពី​មាន​បុរស​កសិករ​ម្នាក់​បាន​ទៅ​កាប់ឆ្ការ​ស្មៅ​នៅ​ដីចម្ការ​កាលពី​ថ្ងៃ​ទី​ ១១ ​សីហា ហើយ​ប្រទះឃើញ​គ្រាប់​មីនតោន​ ១ ​គ្រាប់​។ ​នៅពេលនោះ​គាត់​បាន​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​ឃុំ​សាអែម​ហើយ​នគរបាល​បាន​រាយការណ៍​បន្ត​មក​មន្ត្រី​របស់​លោក​។

លោក លិញ យុត បាន​បន្តថា ក្រោយ​ទទួលបាន​សេចក្តីរាយការណ៍​ភ្លាម​គឺ​លោក​បាន​ជូនដំណឹង​ទៅ​មន្ត្រី​ CMAC ​ដែល​ឈរជើង​នៅ​ស្រុក​ជាំក្សាន្ត​ចុះ​ដាក់​ម៉ាស៊ីន​រាវរក​គ្រាប់មីន​តែម្តង​។

ដំបូង​ឡើយ មន្ត្រី​ជំនាញ​រាវ​យក​គ្រាប់មីន​បាន​ ១ ​គ្រាប់​ទេ ហើយ​ពេល​រាវ​បន្ត​ក៏​ឃើញ​គ្រាប់មីន​រហូតដល់​ ១១ ​គ្រាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​គ្រាប់មីន​ទាំងនោះ​នៅមាន​គុណភាព តែ​ខាង​ជំនាញ​គាត់​បន្សាប​ទៅជា​សំណល់​ដែល​មានតែ​សម្បក​គ្រាប់​ទេ​។ គាត់​ដោះ​គីប​ដោះ​ស្នូល​ចេញ​អស់ហើយ​។ វា​អត់​ផ្ទុះ​ទេ​»​។

លោក​បាន​រៀបរាប់ថា ស្រុក​ជាំក្សាន្ត គឺជា​អតីត​តំបន់​សមរភូមិ​ក្នុងសម័យ​សង្គ្រាម​ហើយ​ឃុំ​ទាំង​ ៨ ក្នុងស្រុក​ជាំក្សាន្ត​សុទ្ធតែ​សម្បូរ​គ្រាប់​មីនតោន​ដែល​ខ្មែរក្រហម​កប់​ដី ដើម្បី​ការពារ​បន្ទាយ​របស់​ពួកគេ​។ ​ប៉ុន្តែ​ដោយសារ​មាន​កងទី​ ៦ ​របស់​ CMAC អង្គការ​ដោះមីន​ហេឡូត្រាស់ និង​អង្គការ​ដោះមីន​កម្ពុជា បានមក​ឈរជើង​នៅក្នុង​ស្រុក​ជាំក្សាន្ត​គឺ​មន្ត្រី​ជំនាញ​ដោះ​គ្រាប់មីន​បាន​ចំនួន​ច្រើន​មកហើយ​។

លោក​បាន​ប្រាប់ថា​៖ «​កាលពី​ខែ​​ប្រាំង​គោយន្ត​កែច្នៃ​បាន​ជាន់​មីនតោន​ផ្ទុះ​ ១ ​គ្រាប់ និង​របួស​មនុស្ស​ម្នាក់​។ ​ក្នុង​ដើមឆ្នាំ​ ២០២១ មកទល់​ខែសីហា​នេះ​មាន​ករណី​ជាន់មីន​ផ្ទុះ​តែ​ ២ ​ទៅ​ ៣ ​ករណី​ និង​គ្មាន​អ្នកស្លាប់​ទេ​» ​ចំពោះ​គ្រាប់​មីនតោន​ ១១ ​គ្រាប់​នោះ នៅ​ឆ្ងាយ​ពី​ផ្លូវ​ប្រហែល​ ៦០០ ​ម៉ែត្រ​ឯណោះ​ស្ថិតនៅ​ក្នុងភូមិ​តេជោ​បុស​ស្បូវ និង​ឆ្ងាយ​ពី​ផ្ទះ​ពលរដ្ឋ​។

ទាក់ទង​នឹង​ករណី​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះដែរ លោក​ ហេង រតនា អគ្គនាយក​នៃ​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា​បាន​សរសេរ​សារ​លើ​ហ្វេសប៊ុក​របស់លោក​កាលពី​ម្សិលមិញ​ថា នៅ​ព្រឹក​ថ្ងៃទី​ ១២ ​សីហា កម្លាំង​ជំនាញ​អង្គភាព​ស៊ីម៉ាក់​បាន​បោសសម្អាត​គ្រាប់​ទម្លាក់​ពី​យន្តហោះ​ប្រភេទ​ MK-82 ​ទម្ងន់​ប្រមាណ​ ២៣០ ​គីឡូក្រាម បាន​ចំនួន​ ១ ​គ្រាប់​ដែល​ស្ថិតនៅ​ក្នុងភូមិ​បឹងគ្រើល សង្កាត់​ឪឡោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​៕