
វ៉ាក់សាំងបង្ការវីរុសកូវីដ ៣ លានដូសដឹកមកដល់ម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទស៊ីណូវ៉ាក់ចំនួន ៣ លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលបញ្ជាទិញពីចិនបានដឹកមកដល់កម្ពុជានៅថ្ងៃទី ១២ សីហា ខណៈគិតចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី ១១ ខែសីហា កម្ពុជាបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបានជាង ៨,៥ លាននាក់។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងក្នុងពេលធ្វើជាអធិបតីទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ថា រាជរដ្ឋាភិបាលបានសម្រេចផែនការជោគជ័យក្នុងការបញ្ជាទិញវ៉ាក់សាំង បង្ការជំងឺកូវីដ ១៩ ហើយវ៉ាក់សាំងបានដឹកមកដល់ផ្គត់ផ្គង់ការចាក់ជូនប្រជាពលរដ្ឋតាមផែនការជាបន្តបន្ទាប់មិនដែលអាក់ខានឡើយ។
លោកស្រីថ្លែងថា៖ «វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ថ្ងៃនេះ (១២ សីហា) មកដល់ ៣ លានដូស យើងនៅសល់ប្រហែល ២ លានដូសទៀតនឹងដឹកមកដល់នៅសប្ដាហ៍ទី ៣ ឬដើមសប្ដាហ៍ទី ៤ នៃខែសីហានេះដើម្បីគម្រប់ចំនួន ១៦ លាន ៥ សែនដូសនៃវ៉ាក់សាំងស៊ីណូវ៉ាក់»។
សរុបវ៉ាក់សាំងទាំងអស់ដែលកម្ពុជាទើបទទួលបាន ៣ លានដូសទៀតនេះ កម្ពុជាបានទទួលវ៉ាក់សាំងជាង ២៤ លានដូសរួចហើយ តាមរយៈការបញ្ជាទិញ និងជំនួយពីបណ្ដាប្រទេសអភិវឌ្ឍន៍។
លោកស្រីថ្លែងថា តាមរយៈវ៉ាក់សាំងទាំងនេះបានជួយឱ្យកម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ ឆ្នាំឡើងបានចំនួនជាង ៨ លាននាក់ហើយ នៃប្រជាជនគោលដៅ ១០ លាននាក់។ ចំណែកការឱ្យចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចាប់ពី ១២ ឆ្នាំទៅក្រោម ១៨ ឆ្នាំ បានចាក់ជាង ៣៥ ម៉ឺននាក់ក្នុងចំណោមប្រមាណ ២ លាននាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនក្មេង និងយុវវ័យអាយុចាប់ពី ១២ ឆ្នាំដល់ក្រោម ១៨ ឆ្នាំ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ១ ខែសីហា ថា ក្នុងខែសីហានេះកម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ៧,៦ លានដូសបន្ថែមទៀត ដែលគិតមកត្រឹមខែសីហានេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងសរុបប្រមាណ ២៦,៥ លានដូស។
លោកស្រី យក់ សម្បត្តិ ថ្លែងថា ចំពោះការសម្រេចរបស់លោកនាយករដ្ឋមន្ដ្រីដែលថា ជាគោលការណ៍ឱ្យចាក់វ៉ាក់សាំងដូសទី ៣ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបានប្រជុំគ្នា ២ ដងរួចហើយ ក្នុងការស្វែងរកប្រទេសមួយចំនួន ដើម្បីកម្ពុជាអាចបញ្ជាទិញវ៉ាក់សាំងអាស្ត្រាហ្សេនេកា។
ចំពោះមុខនេះយើងកំពុងតែធ្វើការជាមួយទូតរបស់យើងនៅប្រទេសជប៉ុននៅប្រទេសឥណ្ឌា និងនៅប្រទេសកូរ៉េ និងកំពុងប្រឹងប្រែងធ្វើការជាមួយប្រទេសអង់គ្លេសផងដែរ ដើម្បីព្យាយាមចរចានៅតាមបណ្ដាប្រទេសទាំងនេះក្នុងការផ្គត់ផ្គង់វ៉ាក់សាំងមកប្រទេសកម្ពុជា ដោយរាជរដ្ឋាភិបាលនឹងការបញ្ជាទិញ។
លោកស្រីថ្លែងថា៖ «យើងកំពុងធ្វើការងារនេះហើយ យើងមិនដឹងថាក្នុងសប្ដាហ៍នេះ ឬសប្ដាហ៍ក្រោយ យើងនឹងបានទទួលដំណឹងតាមរយៈស្ថានទូតប្រទេសយើង នៅប្រចាំតាមប្រទេសទាំងនោះ»។
កម្ពុជាត្រូវបានអង្គការសុខភាពពិភពលោក និងអង្គការសហប្រជាជាតិ ចាត់ទុកជាប្រទេសក្នុងតំបន់ និងពិភពលោកមួយដែលបានចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋបានច្រើនជាងគេ ជូនដល់គ្រូបង្រៀន ប្រជាពលរដ្ឋពេញវ័យ និងកុមារ។ បច្ចុប្បន្នកម្ពុជាកំពុងបន្តផែនការ ចាក់វ៉ាក់សាំងដូសទី៣ ជូនក្រុមគ្រូពេទ្យ និងមន្ដ្រីជួរមុខ រួមនឹងអ្នកប្រតិបត្តិការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅជួរមុខក៏ដូចជាជនអាទិភាពតាមក្រសួងស្ថាប័ននានាផងដែរ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលពីម្សិលមិញបានចេញលិខិតមួយជម្រាបជូនទៅគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ថ្នាក់រាជធានី-ខេត្តថា ផ្អែកតាមការវិវត្តនៃស្ថានការណ៍ថ្មីៗ និងដើម្បីពង្រឹងការងារបង្ការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ បំប្លែងថ្មីដែលតា ឱ្យមានប្រសិទ្ធភាពសំដៅកាត់បន្ថយការចម្លងឱ្យស្ថិតក្នុងកម្រិតអប្បបរមា បានធ្វើការណែនាំលើចំណុចមួយចំនួនដូចជា ទី១ ការគ្រប់គ្រងការធ្វើចត្តាឡីស័កពលករ និងអ្នកប៉ះពាល់ជាមួយនឹងអ្នកជំងឺកូវីដ ១៩ ប្រភេទដែលតា ក្នុងសហគមន៍ (ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ)។
អ្នកប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដ ១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល ២១ ថ្ងៃ (យ៉ាងតិច) នៅក្នុងមណ្ឌលចត្តាឡីស័កនៅខេត្តជាប់ព្រំដែន។ អ្នកប៉ះពាល់មិនផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដ ១៩ អាចត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល ២១ ថ្ងៃ (យ៉ាងតិច) នៅក្នុងមណ្ឌលចត្តាឡីស័កក្នុងរាជធានី-ខេត្តសាមី៕