ភ្នំពេញៈ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​ដុំ​ពកស្បែក​គោក្របី​ ឬ LSD ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង ខណៈ​មន្ត្រី នៅតាម​បណ្តា​ខេត្ត​មួយចំនួន ចុះ​ចាក់​ថ្នាំ​ព្យាបាល​ជំងឺ​ដុំពក​នេះ​ដល់​សត្វ​គោ​របស់​ប្រជាកសិករ ដើម្បី​កាត់បន្ថយ​ការឈឺ​ងាប់​។

លោក តាន់ ផាន់ណារ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១២ ​សីហា បន្ទាប់ពី​ធ្វើការ​សិក្សា​ទៅលើ​ប្រភេទ​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​ជាច្រើន​កន្លងមក​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​ដុំពក​នេះ ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។

តាម​គម្រោង​វ៉ាក់សាំង​នេះ​នឹង​ត្រូវ​បញ្ចូន​មកដល់​កម្ពុជា​យ៉ាងយូរ​រយៈពេល ១ ទៅ ២ សប្តាហ៍​ខាងមុខនេះ ដើម្បី​បន្ត​យកមក​ចែកចាយ​ទូទាំង​ប្រទេស​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​ដុំ​ពក​ស្បែក​គោក្របី​។

លោក​បញ្ជាក់ថា​៖ «​ការចាក់ថ្នាំ​បង្ការ​ជំងឺ​ដុំពក យើង​កំពុង​ស្វះស្វែង​រក​ទិញ​ជា​បន្តបន្ទាប់​តាម​ផែនការ បន្ទាប់ពី​យើង​បាន​ប្រើ​រយៈពេល ២ ​សប្តាហ៍​ដើម្បី​ចរចា​ជាមួយ​ក្រុមហ៊ុន​។ អគ្គនាយកដ្ឋាន​បាន​ទាក់ទង​ទៅដល់​ក្រុមហ៊ុន​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​តែម្តង ដើម្បី​ទិញ​វ៉ាក់សាំង​ដែលមាន​គុណភាព​ល្អ​»​។

តាម​លោក តាន់ ផាន់ណារ៉ា កម្ពុជា ក្នុងដំណាក់កាល​ដំបូង​នេះ​បញ្ជា​ទិញ​វ៉ាក់សាំង​នេះ​ជា​ជំហាន​ទី​១ ចំនួន ២ ​ម៉ឺន​កម្រិត និង​លើក​ទី​២ ចំនួន ៥ ​ម៉ឺន​កម្រិត ហើយ​ក្នុងនោះ​ក្រសួង​នឹង​ពិចារណា​បញ្ជា​ទិញ​ជា​បន្តបន្ទាប់​ទៀត​នូវ​ប្រភេទ​វ៉ាក់សាំង​នេះ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​។

លោក​បាន​បញ្ជាក់ថា​៖ «​ម្យ៉ាងទៀត ការរីករាលដាល​នេះ​គឺ​វា​នៅតែ​ឆ្លង​រប៉េះរប៉ោះ (​ក្នុង​តំបន់​មួយចំនួន​) ​។ ដោយសារ​ការរាលដាល​នៃ​ជំងឺ​ដុំពក​នេះឯង បាន​យើង​ប្រឹងប្រែង​ណាស់​ក្នុង​ការរិះរក​វិធី ដើម្បី​យើង​ទិញ​ថ្នាំ​ការពារ​មកចាក់​ដល់​គោ-ក្របី​របស់​កសិករ​យើង​»​។

ជំងឺ​ដុំពក​ស្បែក​គោក្របី គឺជា​ជំងឺ​ម្យ៉ាង​ដែល​អាច​បង្ក​ទៅជា​ក្រមរ ហើយ​អាច​បង្ក​ទៅជា​ដំបៅ​ចំពោះ​សត្វ​ឈ្មោល​អាច​បាត់បង់​សមត្ថភាព​បង្ក​កំណើត និង​មេផើម​អាច​រលូត​កូន ខណៈ​មេរោគ​នេះ​អាច​ឆ្លង​ពី​សត្វ​មួយ​ទៅ​សត្វ​មួយ​តាម​ការប៉ះពាល់​ផ្ទាល់ ឬ​ពី​សត្វ​ទៅ​សត្វ ដោយ​ប្រយោល​តាម​ភ្នាក់ងារ​ចម្លង​ផ្សេងៗ​។ ជំងឺ​នេះ​អាច​ធ្វើឱ្យ​សត្វ​គោក្របី​របស់​អ្នកស្រុក​មាន​អត្រា​ឈឺ​ពី ៥-៤៥ % ​និង​អត្រា​ងាប់​តិចជាង​ ១០ %​។

ជាមួយ​គ្នា​នេះ មន្ត្រី​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ស្ទឹងត្រែង​កាលពី​ថ្ងៃទី​ ១១ សីហា​បាន​ចុះ​ចាក់​ថ្នាំ​ព្យាបាល​ជំងឺ​ដុំពក​សត្វគោ​ក្នុង​ក្រុង​ស្ទឹងត្រែង ខណៈ​តំបន់​នេះ​កំពុង​កើតមាន​ជំងឺ​ដុំពក​នេះ​លើ​គោ​អ្នកស្រុក​ជាច្រើន​។

លោក​ ទុំ នីរ៉ូ ​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ និង​នេសាទ​ខេត្ត​ស្ទឹងត្រែង និយាយថា ការចុះ​ចាក់ថ្នាំ​ព្យាបាល​ដល់​សត្វ​គោ​របស់​ប្រជាកសិករ គឺ​ដើម្បី​កាត់បន្ថយ​ការឈឺ​ងាប់ ការខាតបង់​ផលប្រយោជន៍​របស់​កសិករ​។

ក្នុង​ករណី​បើ​មាន​គោក្របី​កើត​ជំងឺ​នេះ​លោក​ស្នើឱ្យ​មន្ត្រី​បសុព្យាបាល​នៅតាម​មូលដ្ឋាន​សូម​រួសរាន់​ជួយ​ចាក់​ថ្នាំ​ព្យាបាល ឬ​ផ្តល់​ប្រឹក្សា​ដល់​ម្ចាស់​គោ ដើម្បី​ធ្វើ​ចំណាត់ការ​ភ្លាមៗ​ក្នុង​ការទប់ស្កាត់​នូវ​ជំងឺ​ដុំ​ពក​នេះ​កុំ​ឱ្យមាន​ការរីករាលដាល​ទៅលើ​គោក្របី​ផ្សេងទៀត​។

បន្ទាប់ពី​មាន​ការផ្ទុះ​នូវ​ជំងឺ​ដុំពក​ស្បែក​គោក្របី​នៅ​ដើមខែ​មិថុនា ឆ្នាំ​ ២០២១ ដែល​ករណី​ដំបូង​កើត​មាននៅ​ខេត្ត ព្រះវិហារ និង​ឧត្តរមានជ័យ​ និង​បន្ទាប់​មកដល់​ខេត្ត​ជាប់​ព្រំដែន​ថៃ​មួយចំនួនទៀត​ក្រសួងកសិកម្ម ឱ្យដឹងថា មាន​គោ​ឈឺ​ចំនួន ៦ ៨០៤ ករណី​ ក្នុង​នោះ​បានជា​សះស្បើយ​ចំនួន ៦៥% និង​កំពុង​ឈឺ​នៅឡើយ​មាន​ ៣៥% និង​បាន​ងាប់​ចំនួន ១% (​ភាគច្រើន​លើ​កូន​គោ​)​។ នេះ​បើតាម​តួលេខ​គិតពី​ដើមខែ​មិថុនា​ដល់​ថ្ងៃ​ ២៩ ​កក្កដា​៕