កំពង់ស្ពឺៈ មន្ត្រីនគរបាល​ចរាចរណ៍​ ​និង​មន្ត្រី​ (​ប.ស.ស) បាន​អះអាងថា​យ៉ាងហោចណាស់​មាន​កម្មករ-កម្មការិនី​ចំនួន​ ៤ ​នាក់​បាន​ស្លាប់ និង​ ២៥ ​នាក់​ទៀត​បាន​រងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ឥដ្ឋ​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​កម្មករ​នៅ​​លើផ្លូវ​ជាតិ​លេខ​ ៤១ ​ក្នុង​ភូមិ​សំរោង ឃុំ​ត្រពាំង​គង ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ​កាលពី​ព្រលប់​ថ្ងៃទី​ ១១ ខែសីហា ឆ្នាំនេះ​។

លោក តាប់ លន ស្នងការរង​នគរបាល​ខេត្តកំពង់ស្ពឺ​ទទួលបន្ទុក​ផ្នែក​ចរាចរណ៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បណ្ដាលឱ្យ​បុរស​ម្នាក់​ឈ្មោះ គង់ ហួត អាយុ​ ៣១ ​ឆ្នាំ​មាន​លំនៅ​ក្នុង​ភូមិ​ត្រពាំងរកា ឃុំ​ពេជមុន្នី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និង​ជា​កម្មករ​រោងចក្រ​ Berry Apparel (Cambodia) Co., Ltd ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។

រីឯ​អ្នក​រួមការងារ​របស់​គាត់​ ២ ​នាក់​ទៀត​រួមមាន អ្នកស្រី ជឺ ជានីម អាយុ​ ៣១ ​ឆ្នាំ និង អ្នកស្រី ណុប ណារ៉ា អាយុ​ ២៩ ​ឆ្នាំ​ដែល​អ្នក​ទាំង​ ២ មាន​លំនៅ​ក្នុងភូមិ​ស្រះស្រង់ ឃុំ​សែនដី ស្រុក​សំរោងទង បាន​ស្លាប់​នៅ​ពាក់​កណ្ដាលផ្លូវ​ពេល​កំពុង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ ចំណែក​កម្មករ-កម្មការិនី ២៥ ​នាក់​ទៀត ដែល​រួម​ដំណើរ​លើ​រថយន្ត​ដឹក​កម្មករ​នោះបាន​រងរបួសធ្ងន់ និង​ស្រាល​ហើយ​ត្រូវ​​បាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ដើម្បី​ពិនិត្យ និង​ព្យាបាល​របួស​។

លោក​បាន​បញ្ជាក់ថា​៖ «​យោងតាម​សាក្សី និង​ការវាស់វែង​ភាពជាក់ស្ដែង​នៅ​កន្លែង​កើតហេតុ ព្រមទាំង​ភ័ស្ដុតាង ស្លាកស្នាម​ដាន​កង់​រថយន្ត​នៅលើ​គន្លង​ផ្លូវ បង្ហាញថា អ្នកបើកបរ​រថយន្ត​ដឹក​ឥដ្ឋ​ជា​អ្នក​បង្កហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​»​។

បើតាម​លោក តាប់ លន នៅ​មុនពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ដឹក​ឥដ្ឋ​ឈ្មោះ យ៉ុន ចន្ថា អាយុ​ ៣១ ​ឆ្នាំ​បាន​បើក​វ៉ា​ជែង​អ្នកជិះ​ម៉ូតូ​ ១ ​គ្រឿង​ក្នុងទិសដៅ​ស្របគ្នា​ពី​ត្បូង​ទៅ​ជើង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ហើយ​បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ដឹក​កម្មករ​ ១ ​គ្រឿង​ដែល​បើកបរ​ដោយ​ឈ្មោះ អ៊ឹម លន អាយុ​ ៤៥ ​ឆ្នាំ ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​បណ្ដាលឱ្យ​ស្លាប់​ម្នាក់​នៅនឹងកន្លែង និង​រងរបួស​ធ្ងន់​ ១៧ ​នាក់ ក្នុងនោះ​មាន​ស្រី​ ១៥ ​នាក់ និង រងរបួស​ស្រាល​ ៨ ​នាក់ ក្នុងនោះ​ស្រី​ ៧ ​នាក់​។ ​

ប៉ុន្តែ​នៅពេល​កម្លាំង​​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ដឹក​អ្នករងរបួស​ទាំងអស់​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ និង​ព្យាបាល​របួស​នោះ កម្មការិនី​ ២ ​នាក់ ដែល​រងរបួស​ធ្ងន់​បាន​ស្លាប់​នៅ​ពាក់​កណ្ដាលផ្លូវ ។

លោក​បាន​បន្តថា ក្រោយ​ការវាស់វែង និង​ធ្វើ​កំណត់ហេតុ​ចប់សព្វគ្រប់ កម្លាំង​សមត្ថកិច្ច​បាន​នាំយក​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ២ ​គ្រឿង​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ឃុំ​ត្រពាំងគង ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។

ជុំវិញ​ករណី​នេះដែរ លោក ម៉ូវ រដ្ឋា ប្រធាន​សាខា​បេឡា​ជាតិ​​សន្តិសុខ​សង្គម​ (​ប.ស.ស) ​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ជនរងគ្រោះ​ម្នាក់ទៀត គឺ​កម្មការិនី​ឈ្មោះ ជី ដា អាយុ​ ៤១ ​ឆ្នាំ​ដែល​មាន​លំនៅ​ក្នុងភូមិ-ឃុំ រលាំងក្រៀល ស្រុក​សំរោងទង ដែល​រងរបួស​ធ្ងន់​ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ​បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី ​១២ ខែសីហា ឆ្នាំ​ ២០២១​។

លោក​បាន​ថ្លែងថា​៖ «​នៅពេល​នេះ​ចំនួន​អ្នកស្លាប់​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើន​ដល់​ ៤ ​នាក់​ហើយ ខណៈ​អ្នករងរបួស​ធ្ងន់​ ៨ ​នាក់​ទៀត កំពុង​បន្ត​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នៅឡើយ ក្នុងនោះ​ ៤ ​នាក់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ និង​ ៤ ​នាក់​ទៀត​នៅ​មន្ទីរពេទ្យ​ឯកជន​ឈ្មោះ សុខ លាង ក្នុង​ស្រុក​សំរោងទង​»​។

លោក​ រដ្ឋា ​បាន​ប្រាប់ឱ្យដឹង​​ផងដែរ​ថា រថយន្ត​ដឹក​កម្មករ​នោះ​មាន​ផ្ទុក​កម្មករ-កម្មការិនី​សរុប​ ៣៥ ​នាក់ ក្នុងនោះ​ ៣២ ​នាក់​ជា​ស្ត្រី​ដែល​មកពី​រោងចក្រ​កាត់ដេរ​ចំនួន​ ៣ រួមមាន រោងចក្រ​ Berry Apparel (Cambodia) Co., Ltd រោងចក្រ​ Top Summit Garment Inc. និង រោងចក្រ Ocean Garment co.,ltd​។ នៅពេលនេះ​ក្រុម​ការងារ​របស់លោក​កំពុង​បន្ត​ចុះទៅ​កាន់​លំនៅឋាន​នៃ​សព​ជនរងគ្រោះ ដើម្បី​ផ្ដល់​ថវិកា​សម្រាប់​រៀបចំ​ពិធី​បុណ្យសព និង​ពិនិត្យ​អំពី​ស្ថានភាព​នៃ​គ្រួសារ​នៃ​សព​ ដើម្បី​នឹង​ផ្ដល់ជូន​​របប​គោលនយោបាយ​ទៅ​តាម​​លក្ខខណ្ឌ​ដែល​បានកំណត់​៕