ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​រៀបចំ​ផែនការមេ​បច្ចេកវិទ្យា​សម្រាប់​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ដែល​មន្ត្រី​រំពឹងថា ផែនការ​មេនេះ​នឹង​ជួយ​ឱ្យ​ការគ្រប់គ្រង​ការងារ​របស់​ក្រសួង កាន់តែ​មាន​ប្រសិទ្ធភាព​នាពេល​អនាគត​។

ក្រុម​ការងារ​បច្ចេកទេស​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ជួប​ពិភាក្សាគ្នា​ជាមួយ​ក្រុមហ៊ុន VIETTEL ដែលជា​ក្រុមហ៊ុន​ផ្តល់​ការប្រឹក្សា​ផ្នែក​បច្ចេកវិទ្យា កាលពី​ថ្ងៃទី​ ៦ ខែសីហា ក្នុង​កម្រិត​ក្រុមបច្ចេកទេស តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ឱ្យ​កាន់តែច្បាស់​អំពី​ការរៀបចំ​ផែនការមេ​បច្ចេកវិទ្យា​នេះ​។

លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង ទំនាក់ទំនង​សាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្ទៃ​ក្នុងនេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ ខែសីហា​ថា កិច្ចពិភាក្សា​នេះ​គឺ​ត្រៀមលក្ខណៈ​ក្នុង​ការសហការ​គ្នា ដើម្បី​ប្រមូល​ធាតុ​ចូល​ដែល​ពាក់ព័ន្ធ​ទៅនឹង​តម្រូវការ​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា នៅក្នុង​អង្គភាព​នីមួយៗ​នាពេល​បច្ចុប្បន្ន​ក៏​ដូចជា​ពេលអនាគត​សម្រាប់​ការរៀបចំ​ផែនការមេ​បច្ចេកវិទ្យា​សម្រាប់​រយៈពេល​ ១០ ​ឆ្នាំ​ខាងមុខ​។

ការរៀបចំ​ផែនការ​មេនេះ ក៏​ដោយសារ​តែ​កន្លងមក​ការងារ​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ហាក់​មិនទាន់​មាន​ភាពស៊ីចង្វាក់​គ្នា​ឱ្យ​បានល្អ​នោះទេ បើទោះជា​ក្រសួង​បាន​វិវឌ្ឍ​ខ្លួន​មកប្រើប្រាស់​បច្ចេកវិទ្យា​ខ្លះៗ​ក៏ដោយ ការងារ​ខ្លះ គឺ​នៅ​ដាច់​ដោយ​ដុំៗ ដែល​ត្រូវ​ទាមទារ​ឱ្យ​មាន​ការរៀបចំ​ផែនការមេ ដើម្បី​បញ្ចូល​ការងារ​ទាំងនោះ​ឱ្យ​ស៊ីចង្វាក់​គ្នា តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​។

លោក​បាន​បញ្ជាក់​ទៀតថា​៖ «​យើង​នឹង​យក​បច្ចេកវិទ្យា​ក្នុង​វិស័យ​សាធារណការ​នេះ​ជួយ​កាត់បន្ថយ​ចំណាយ កាត់បន្ថយ​ធនធានមនុស្ស បង្កើន​ប្រសិទ្ធភាព​ការងារ​។ វា​មិន​ត្រឹមតែ​ជួយ​ដល់​រដ្ឋបាល​ផ្ទៃក្នុង​នោះទេ គឺ​ជួយ​ទៅដល់​វិស័យ​ឯកជន ដើម្បី​ងាយស្រួល​ក្នុងការ​វិនិយោគ​»​។

លោក ហ៊ាង សុទ្ធាយុត្តិ បាន​អះអាងថា បើទោះជា​ការងារ​បច្ចេកទេស​ទាក់ទង​វិស័យ​សាធារណៈ​ទាំងនេះ​ត្រូវ​បាន​ការសហការ​ជាមួយ​វិស័យ​ឯកជន ប៉ុន្តែ​ជាក់ស្តែង​រាល់​សេចក្តីសម្រេច និង​ការងារ​លម្អិត​នានា គឺ​នៅតែ​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រសួង​ដដែល ហើយ​វិស័យ​ឯកជន​ទាំងនេះ គឺ​គ្រាន់តែ​ចូលរួម​ជាមួយ​ក្រសួង​ក្នុង​ការផ្តល់​ជា​ការប្រឹក្សា និង​ផ្នែក​បច្ចេកទេស​ប៉ុណ្ណោះ​។

លោក​បាន​រៀបរាប់ថា​៖ «​យើង​រៀបចំ​ផែនការមេ​បច្ចេកវិទ្យា ឱ្យ​ដំណើរការបាន​ទៅដោយ​រលូន និង​ជា​ប្រយោជន៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឱ្យបាន​ទាន់​ឱ្យ​បាន​ស្របតាម​គោលនយោបាយ​ឌីជីថល​របស់​រាជរដ្ឋាភិបាល​កម្ពុជា ២០២១-២០៣០ ឱ្យទទួល​បាន​ជោគជ័យ​ក្នុង​រយៈពេល ១០ ​ឆ្នាំ​នេះ​»​។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​លើកឡើងថា ការចាប់យក​យុទ្ធសាស្ត្រ​ផ្តល់​សេវា​តាម​ប្រព័ន្ធ​ឌីជីថល គឺជា​រឿង​មួយ​ដែល​ល្អ សម្រាប់​ក្រសួង​សាធារណការ និង​វិស័យ​សាធារណៈ​ទូទៅ ព្រោះ​វា​ជា​ជំហាន​មួយ​ត្រឹមត្រូវ ដើម្បី​ចំណេញ​ពេលវេលា ថវិកា ធនធានមនុស្ស ជាពិសេស​គឺ​កាត់បន្ថយ​អំពើ​ពុករលួយ​។

លោក​បន្តថា​៖ «​កិច្ចការ​នេះ ធ្វើបាន​ជោគជ័យ គឺ​ទាល់តែ​យើង​មាន​ផែនការមេ​មួយ មាន​ន័យថា ក្រសួង​នីមួយៗ​គឺ​ត្រូវតែ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​តែមួយ​ក្នុង​ការទទួល​ព័ត៌មាន និង​ក្នុង​ការឆ្លើយតប​ព័ត៌មាន​ឱ្យទាន់​ពេលវេលា ទៅដល់​អ្នក​ប្រើប្រាស់​។ យើង​ត្រូវមាន​ប្រព័ន្ធគ្រប់គ្រង​ច្បាស់លាស់ និង​ក្បាលម៉ាស៊ីន​បញ្ជា ហើយ​ការរៀបចំ​ពីដំបូង​ទៅ គឺ​ត្រូវមាន​ផែនការមេ​ជាក់លាក់ ហើយ​ការអញ្ជើញ​អ្នកជំនាញ​មក​ធ្វើ​កិច្ចការងារ​នេះ គឺជា​រឿង​ចាំបាច់​»​។ ​

ជាមួយ​នឹង​ការរៀបចំ​ផែនការ​លោក ប៉ិច ពិសី លើកទឹកចិត្ត​ឱ្យ​អ្នកជំនាញ​យកចិត្តទុកដាក់​លើ​ប្រសិទ្ធភាព​នៃ​ការទទួល​បាន​សេវា​ដល់​អ្នកប្រើប្រាស់ បន្ទាប់ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងនេះ​ដំណើរការ ព្រោះ​បើ​អ្នក​ប្រើប្រាស់​មិនអាច​ប្រើប្រាស់​ប្រព័ន្ធ​ទាំងនេះ​បាន​ដោយ​រលូន ពួកគេ​នឹង​ទៅរក​សេវា​ឯកជន​៕