តាកែវៈ ​សមត្ថកិច្ច​ស្រុក​គិរីវង់​កំពុង​ស្វែង​រកមុខ​អ្នក​លួច​ដាំ​ដើម​កញ្ឆា​នៅ​ឃុំ​តាអូរ ស្រុក​គិរីវង់ ខេត្តតាកែវ បន្ទាប់ពី​បាន​កាប់បំផ្លាញ​ដំណាំ​កញ្ឆា​ក្នុង​ភូមិសាស្ត្រ​នេះ​ចំនួន​ ៥ ​ទីតាំង និង​​បំផ្លាញ​អាង​ស្តុក​ទឹក​ចំនួន​ ៤ ​ក្នុង​​ផ្ទៃដី​ដាំដុះ​ប្រមាណ ៣ ១៨៩ ​ម៉ែត្រការ៉េ ពីថ្ងៃ​ទី​ ១១ ខែសីហា​។

នេះ​បើតាម​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

យោងតាម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បានបញ្ជាក់​ពី​​ម្សិលមិញ​ថា សមត្ថកិច្ច​ស្រុក​គិរីវង់​បាន​បន្តការ​ចុះ​ជាប្រចាំ​ក្នុង​ការបង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស​ដំណាំ​កញ្ឆា​ខុសច្បាប់​ដូច​ភ្លៀងរលឹម ជាពិសេស​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​។ ​

ជាក់ស្ដែង​នៅ​ថ្ងៃទី​ ១១ ​សីហា នគរបាល​ស្រុក​បាន​បំផ្លាញ​ដើម​កញ្ឆា​នៅ​ទីតាំង​ ៥ ​កន្លែង និង​អាង​ស្តុក​ទឹក​ចំនួន​ ៤ នៅ​ឃុំ​តាអូរ ស្រុក​គិរីវង់ លើ​ផ្ទៃដី​ប្រមាណ ៣ ១៨៩ ​ម៉ែត្រការ៉េ​។

យ៉ាងណាក្ដី​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​មិនបាន​បញ្ជាក់​ពី​​ចំនួន​ដើម​កញ្ឆា​ដែល​បាន​បំផ្លាញ​​នោះទេ ប៉ុន្តែ​បានឱ្យដឹងថា បច្ចុប្បន្ន​​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ទីតាំង​ជា​អ្នក​ដាំ​ដំណាំ​កញ្ឆា​ខាងលើ​ ដើម្បី​យក​​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។

លោក ភឿង សារុន នាយការិយាល័យ​គ្រឿងញៀន​ខេត្តតាកែវ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា អ្នក​ដែល​លួច​ដាំ​ដើម​កញ្ឆា​នេះ ត្រូវបាន​សង្ស័យថា​ជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ព្រោះ​ដំណាំ​កញ្ឆា​នេះ​ប្រើពេល​តែ​ ៣ ​ខែ និង​ទទួលបាន​ផល​ច្រើនជាង​ការធ្វើ​ស្រែចម្ការ​។

លោក​បន្តថា ការចុះទៅ​បង្ក្រាប​​នេះ​សមត្ថកិច្ច​មាន​ផលលំបាក​​ខ្លាំង ព្រោះ​ពលរដ្ឋ​បាន​លួច​ដាំ​នៅលើ​ភ្នំ ជ្រលង​ភ្នំ និង​ជ្រលង​អូរ​ជាដើម ជាពិសេស​គឺ​ពួកគាត់​លួច​ដាំ​នៅ​កន្លៀត​ថ្មភ្នំ ដែល​ពិបាក​ក្នុង​ការចុះទៅ​បង្ក្រាប​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​បង្ក្រាប​នៅ​ខាងលិច ពួកគាត់​ទៅ​លួច​ដាំ​នៅ​ខាងកើត ព្រោះ​តំបន់​នេះ​នៅ​ជាប់​ព្រំប្រទល់​ខ្មែរ-វៀតណាម​។ ពួកគាត់​ចេះ​តែ​ឆ្លៀតឱកាស យើង​ចេះតែ​​បន្ត​បង្ក្រាប​។ ម្យ៉ាង​យើង​នៅ​មូលដ្ឋាន​មាន​ការងារ​ច្រើន មិនបាន​មើល​ដិតដល់ គាត់​ក៏​លួច​ទៅ​ដាំ​»​។

បើតាម​លោក ភឿង សារុន នៅពេលដែល​ទទួលបាន​ផលដំណាំ​កញ្ឆា​នេះ ពលរដ្ឋ​បាន​យកទៅ​ចែកចាយ​ឱ្យ​ឈ្មួញ​បន្តទៀត ប៉ុន្តែ​លោក​មិនបាន​ដឹងថា ពួកគាត់​ចែកចាយ​ឱ្យទៅ​ឈ្មួញ​នៅទីណា និង​ឈ្មួញ​យកទៅ​កែច្នៃ​ទៅជា​អ្វី​នោះទេ ព្រោះ​កញ្ឆា​នេះ​តាមច្បាប់​មិនត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដាំដុះ និង​ធ្វើ​អាជីវកម្ម​នោះទេ​។

លោក ភឿង សារុន ឱ្យដឹង​​ទៀតថា កន្លងមក​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ផ្សព្វផ្សាយ និង​អប់រំ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នេះ​មិន​ឱ្យ​មាន​ការលួច​ដាំ​ដំណាំ​កញ្ឆា​នោះទេ ព្រោះ​វា​ប៉ះពាល់​ដល់​ផ្លូវច្បាប់ និង​ប្រឈម​​ទោសទណ្ឌ​។ បន្ទាប់ពី​ការផ្សព្វផ្សាយ និង​អប់រំ​មក ករណី​លួច​ដាំ​ដំណាំ​កញ្ឆា​ពី​សំណាក់​ប្រជាពលរដ្ឋ​បាន​ធ្លាក់ចុះ​ពី ៦០ ទៅ ៧០ ​ភាគរយ​៕