កណ្តាលៈ តុលាការ​ខេត្តកណ្តាល​ពីថ្ងៃ​ទី​ ១១ សីហា បានសម្រេច​ឃុំខ្លួន​យុវជន​ម្នាក់​នៅ​ពន្ធនាគារ​ខេត្ត​ក្នុង​រឿង​រួមភេទ​ជាមួយ​ប្អូនស្រី​ជីដូនមួយ​វ័យ ១២ ​ឆ្នាំ​ប្រព្រឹត្ត​នៅ​ឃុំ​ពញាឮ ស្រុក​ពញាឮ កាលពីពេល​ថ្មីៗ​នេះ​។

លោក រស់ សារិន នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តកណ្តាល​ប្រាប់​នៅ​ថ្ងៃទី​ ១២ ​សីហា​ថា ជន​ត្រូវ​ចោទ​ឈ្មោះ​ ឈួន ណាន់ ហៅ ម៉ី អាយុ ១៩ ​ឆ្នាំ​ជា​កម្មករ​រោងចក្រ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ ខេត្តកណ្តាល ចេញ​ដីការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ហើយ​។

លោក​ថ្លែងថា​៖ «​គាត់​ត្រូវ​ចោទ​ពាក់ព័ន្ធ​បទ​រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​ ១៥ ​ឆ្នាំ តាម​មាត្រា​ ៤២ ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​»​។ ពាក់ព័ន្ធ​បទ​ចោទ​មាត្រា​ ៤២ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​នេះ​បើ​តុលាការ​រកឃើញថា ជន​ត្រូវ​ចោទ​ពិតជា​ប្រព្រឹត្ត​មែន​នោះ ត្រូវ​ប្រឈម​ទោស​ដាក់ពន្ធនាគារ​ពី​ ៥ ​ទៅ​ ១០ ​ឆ្នាំ​។

ពាក់ព័ន្ធ​អង្គហេតុ​នេះ​ត្រូវបាន​លោក​ ពេញ វុទ្ធី នាយផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ពញាឮ​ឱ្យដឹង​នៅ​ថ្ងៃទី​ ១២ ​សីហា​ថា ក្មេងស្រី​រងគ្រោះ​មាន​ឈ្មោះ​ ស.ល អាយុ ១២ ​ឆ្នាំ​មាន​លំនៅ​ភូមិ-ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល​។ ក្មេងរងគ្រោះ ក៏​ត្រូវជា​បងប្អូនជីដូន​មួយ​របស់​ជនល្មើស​ដែរ​។

លោក​ថា​៖ «​រឿងនេះ​ទាំង​ជនរងគ្រោះ ទាំង​ជនល្មើស​ប្រាប់​សមត្ថកិច្ច​ដូចគ្នា គឺ​រួមភេទ​បាន​ ៣ ​ដង​។ នេះ​ជា​ចម្លើយ​ស៊ីចង្វាក់​គ្នា​របស់​ពួកគេ​»​។ លោក វុទ្ធី បាន​រំឭក​តាម​សម្តី​ម្តាយ​ក្មេងស្រី​ថា ផ្ទះ​របស់គាត់ និង​ផ្ទះ​ឪពុកម្តាយ​របស់​ជនសង្ស័យ​នៅក្នុង​ភូមិ​ជាមួយ​គ្នា ហើយក៏​នៅ​មិនឆ្ងាយ​ពីគ្នា​ប៉ុន្មាន​ដែរ​។ ប៉ុន្តែ​គាត់​ក៏​មិនបាន​ចាប់អារម្មណ៍​ថា កើតមាន​ហេតុការណ៍​អាក្រក់​បែបនេះ​ដែរ ព្រោះ​ពួកគេ​ជា​បងប្អូន​ជីដូនមួយ​ជាមួយ​គ្នា​។

លោក​បាន​ស្រង់​សម្តី​ស្ត្រី​ជា​ម្តាយ​ក្មេងរងគ្រោះ​ថា​៖ «​បងប្អូន​ជីដូនមួយ ប្រៀបដូចជា​បងប្អូន​បង្កើត​អ៊ីចឹង​ដែរ​។ តែ​ហេតុអ្វី​បានជា​ធ្វើ​ទៅរួច​»​។ ករណីនេះ គឺ​ម្តាយ​ក្មេងស្រី​រងគ្រោះ​កាលពី​ថ្ងៃទី​ ៩ ​សីហា​ដោយ​សង្កេតឃើញ​អាការៈ​របស់​កូនស្រី​គាត់ ខុស​ប្រក្រតី​ក៏​ហៅ​សួរ​។ បន្ទាប់ពី​សួរ​កូន​ដឹង​រឿងហេតុ​អស់ គាត់​ក៏បាន​មកប្តឹង​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពញាឮ នៅ​ថ្ងៃទី​ ៩ ​សីហា​។ បន្ទាប់មក​លោក​អធិការ ស្រុក​ពញាឮ ដួង តេង បាន​ជូនដំណឹង​ទៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្តកណ្តាល និង​អយ្យការ​សាលាដំបូង​ខេត្តកណ្តាល​។

ក្រោយ​ទទួលបាន​បញ្ជា​ពី​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​មក កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃទី​ ៩ ​សីហា​តែម្តង​។

បើតាម​លោក​ វុទ្ធី ក្រោយ​ឃាត់ខ្លួន​គឺ​ជនសង្ស័យ​បាន​សារភាពថា រូបគេ​ពិតជា​បាន​រួមភេទ​ជាមួយ​ជនរងគ្រោះ​បាន​ ៣ ​ដង​ពិតមែន​។ ចំណែក​ក្មេងស្រី​រងគ្រោះ​ក៏បាន​និយាយប្រាប់​សមត្ថកិច្ច​ដែរ​ថា ឈ្មោះ​ ឈួន ណាន់ បាន​លួង​លោមនាង​រួមភេទ​បាន​ ៣ ​ដង​មែន​៕