តាកែវៈ អាជ្ញាធរ​ស្រុក​បាទី ចុះ​អប់រំ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ ដែល​មក​កម្សាន្ត​រណ្ដៅ​ថ្ម​មួយកន្លែង ស្ថិតនៅ​ភ្នំ​ចំបាប់ ក្នុង​ឃុំ​ត្នោត ខេត្តតាកែវ និង​ប្រកាស​ហាមឃាត់ មិន​ឱ្យ​មក​កម្សាន្ត​នៅ​តំបន់​នេះ​ជា​បណ្ដោះអាសន្ន ដោយ​អះអាង​ថា ខុស​នឹង​បម្រាម​របស់​រដ្ឋាភិបាល ខណៈ​រណ្ដៅ​ទឹក​នេះ​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​។

លោក ឈន ទ្រឿន អធិការរង​ស្រុក​បាទី បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១១ សីហា​ថា កាលពី​ថ្ងៃទី​ ១០ សីហា អាជ្ញាធរ​ចម្រុះ​ស្រុក​បាទី បាន​ដឹកនាំ​កម្លាំង ចុះ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​បាននាំគ្នា​មក​កម្សាន្ត​នៅ​រណ្តៅ​ថ្ម​នេះ ជាមួយ​នឹង​អប់រំ​ណែនាំ អាជ្ញាធរ​ក៏បាន​ធ្វើការ​ហាមឃាត់ មិន​ឱ្យ​ប្រជាពលរដ្ឋ មកជួបជុំ​កម្សាន្ត​នៅ​តំបន់​នេះ​ផងដែរ ដោយ​សំអាង​ថា ផ្ទុយ​នឹង​បម្រាម​របស់​រដ្ឋាភិបាល ដែល​ប្រកាស​បិទ​រាល់​រមណីយដ្ឋាន និង​ការជួបជុំ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដើម្បី​បង្ការ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​អះអាង​ថា​៖ «​ក្រៅពី​ពួកគាត់​មក​កម្សាន្ត​នៅទីនេះ ផ្ទុយ​នឹង​បម្រាម​ហើយ រណ្តៅ​ទឹក​នេះ​ក៏មាន​គ្រោះថ្នាក់​ដល់​សុខភាព​របស់​ពួកគាត់​ផងដែរ ព្រោះ​វា​គឺ​កម្អែល​នៃ​គ្រាប់រំសេវ គីមី ដែល​គេ​បំផ្ទុះ​យក​ថ្ម​។ សំខាន់​គាត់​មក​កម្សាន្ត​កន្លែង​នេះ គឺ​សុទ្ធតែ​ប៉ះពាល់​នឹង​សុខភាព​របស់គាត់​ទាំងអស់ ដែល​យើង​ត្រូវតែ​ហាមឃាត់​»​។

បើតាម​លោក ឈន ទ្រឿន រណ្តៅ​នេះ គឺជា​រណ្តៅ​ដែល​ក្រុមហ៊ុន​ឯកជន ធ្វើការ​បំផ្ទុះ​យក​ថ្មភ្នំ ហើយ​វា​ត្រូវ​បាន​ក្រុមហ៊ុន​ទុកចោល ក្រោយ​រដ្ឋបាលខេត្ត​ប្រកាស​ផ្អាក​អាជីវកម្ម ដោយសារ​តែ​បង្ក​ផលប៉ះពាល់​ដល់​អ្នកស្រុក​ដែល​រស់​នៅ​ក្បែរនោះ​។ ក្រោយ​រណ្តៅ​នេះ​ទុកចោល​មួយរយៈ វា​កកើត​ជា​​ទឹក​ដក់​ថ្លា ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​​រស់នៅ​ក្បែរៗ​នោះ​ទៅ​កម្សាន្ត​លេង ដោយ​មិនដឹង​ពី​ផលប៉ះពាល់​។

លោក​ថ្លែងថា​៖ «​តាមរយៈ​គេ​ទុកចោល​នេះ ប្រជាពលរដ្ឋ​ផ្អើល​ទៅលេង​ប្រហែល ២ ​ឆ្នាំ​ហើយ​នៅ​រណ្តៅ​ទឹក​នេះ ហើយ​ពួកគាត់​មិនបាន​ដឹង​ពី​ផលប៉ះពាល់​នៃ​រណ្តៅ​ទឹក​នេះ​ទេ​។ ស្រប​ពេលនេះ​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​បិទ​រមណីយដ្ឋាន​ទូទាំង​ប្រទេស​ទៀត កុំឱ្យ​ប្រជាពលរដ្ឋ​ទៅ​ជុំគ្នា​ច្រើន​កុះករ យើង​ក៏​ដាក់​វិធានការ​នេះ​ទៅ​»​។

លោក ឈន ទ្រឿន បាន​អះអាងថា ចាប់​ពីថ្ងៃ​ប្រកាស​ហាមឃាត់​នេះ​តទៅ បើសិន​ជា​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ទៅ​កម្សាន្ត​កន្លែង​រណ្តៅ​ថ្ម​នេះ​ទៀត នោះអាជ្ញាធរ​នឹង​អនុវត្ត​វិធានការ​ពិន័យ​ជា​អន្តរការណ៍ ស្របច្បាប់​ស្តីពី​ការគ្រប់គ្រង​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ដោយ​គ្មាន​លើកលែង​។

កាលពី​ឆ្នាំ​ ២០១៩ អាជ្ញាធរ​ស្រុក​បាទី បាន​ចុះ​ពិនិត្យ និង​បានបញ្ជាក់​ហើយ​ថា ទឹក​ស្អាង​ភ្នំ​ចំបាប់ គឺ​មាន​ផ្ទុក​សារធាតុ​រំសេវ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​មកលេង​ទឹក​នៅ​តំបន់​នេះ ប៉ុន្តែ​បច្ចុប្បន្ន​នៅតែ​មាន​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​ខេត្ត​នានា​ទៅ​កម្សាន្ត ដោយ​មិន​ខ្វល់​ពី​គ្រោះថ្នាក់​នោះទេ​។

លោកស្រី តាន់ រស្មី អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​នវានុវត្តន៍​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ហៅ​កាត់​ថា តិចណូ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ សីហា​ថា ជាទូទៅ​រណ្តៅ​រំសេវ​ដែល​បន្សល់​ពី​ការបំផ្ទុះ​យក​ថ្មភ្នំ គឺ​ផ្ទុក​ទៅដោយ​ជាតិ​កំបោរ និង​សារធាតុ តេអិនតេ (TNT)​។

ប៉ុន្តែ​លោកស្រី ពន្យល់ថា គ្រប់​រណ្តៅ​ទាំងនោះ​គឺ​មិន​អាច​សន្និដ្ឋាន​ឱ្យ​ប្រាកដ​បានទេ​ថា ផលប៉ះពាល់​នៃ TNT នេះ​មាន​កម្រិតណា លុះត្រា​តែមាន​ការចុះ​ពិសោធ ឬ​ធ្វើតេស្ត​រក​សារធាតុ​ទាំងនេះ​នៅក្នុង​ទឹក​។

លោកស្រី​ថ្លែងថា​៖ «​សារធាតុ TNT គឺជា​គ្រឿងផ្ទុះ​ម្យ៉ាង​ដែល​មាន​ការបំផ្ទុះ​អាច​បណ្តាល​ឱ្យមាន​របួស​រាងកាយ​ធ្ងន់ធ្ងរ​រួមទាំង​ការស្លាប់​ផងដែរ​។ ហើយ​សំណល់​នៃ​សារធាតុ​នេះ​គឺ​អាច​បណ្តាល​ឱ្យ​មាន​ភាពមិន​ប្រក្រតី​នៃ​ប្រព័ន្ធ​សរសៃប្រសាទ រួមទាំង​ឈឺក្បាល និង​វិលមុខ​»​។ ដើម្បី​ងាយស្រួល​យក​ថ្មភ្នំ រ៉ែ ឬ​ការបង្កើត​ផ្លូវ​ក្រោម​ដី កាត់​ភ្នំ​។​ល​។ ​នោះ បច្ចុប្បន្ន​ការប្រើ​គ្រាប់​បែក​បំផ្ទុះ​គឺជា​វិធីសាស្ត្រ​មួយ​ក្នុង​ចំណោម​វិធីសាស្ត្រ​ជាច្រើន ហើយ​គ្រាប់បែក​ទាំងនោះ​ផ្ទុក​ទៅដោយ​សារធាតុ​ TNT​។

ក្រោយពី​បំផ្ទុះ​យក​ថ្ម ឬ​រ៉ែ​ជាទូទៅ​ការដ្ឋាន​ទាំងនោះ​បន្សល់​នូវ​ណ្ដៅ​ជ្រៅៗ ដែល​មិនមាន​ចរន្ត​ហូរ​ចេញចូល ហើយ​ទឹក​ដែល​ដក់​ក្នុង​រណ្ដៅ​ទាំងនោះ គឺ​ពោរពេញ​ទៅ​​ដោយសារ​ធាតុគីមី​ជាច្រើន រួមទាំង​ តេអិនតេ ​ផងដែរ​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​ចេញ​ដោយ អាយឡូ (ILO) និង អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​ត្រូវបាន​គេ​បកប្រែ និង​ចែកចាយ​បន្ត​គ្នា​៕

វីដេអូ៖