ភ្នំពេញៈ តាម​ការប៉ាន់ប្រមាណ​ពី​ទិន្នន័យ​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​នៅ​ឆ្នាំ​ ២០២០ កម្ពុជា​មាន​អ្នកផ្ទុកមេរោគ​អេដស៍​ថ្មី ១ ១០០ ​នាក់ និង​អ្នកស្លាប់​ដោយ​ជំងឺ​នេះ​មាន​ ១ ២០០ ​នាក់​។

មន្ត្រី​បញ្ជាក់ថា អត្រា​ឆ្លង និង​ស្លាប់​ក្នុងប្រទេស គឺ​ស្ថិតក្រោម​ការគ្រប់គ្រង​បាន ដោយ​សម្រេចបាន​តាម​គោលដៅ​របស់​អង្គការ​សហប្រជាជាតិ​។

កាលពី​ដើម​ខែសីហា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​សហការ​ជាមួយ​អង្គការ​ យូអិន-អេដស៍ (UNAIDS) សម្រេច​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​សង្ខេប​ឆ្នាំ​ ២០២០ អំពី​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​។

ទិន្នន័យ​សង្ខេប​ឆ្នាំ​ ២០២០ ​នេះ​បាន​ឲ្យ​ដឹងថា ចំនួន​ប៉ាន់ស្មាន​អ្នក​ផ្ទុកមេរោគ​អេដស៍​សរុប​ក្នុង​ឆ្នាំ​ ២០២០ គឺមាន​ប្រមាណ ៧៥ ០០០ ​នាក់ ក្នុងនោះ អ្នកមក​ទទួល​សេវា​ប្រឆាំង​មេរោគ​អេដស៍​មាន​ចំនួន​ ៦២ ៣១០ ​នាក់​ដោយ​អត្រា​ប្រេវ៉ាឡង់​អ្នក​ផ្ទុក​មេរោគ​អេដស៍​អាយុ​ចាប់ពី ១៥ ​ឆ្នាំ ដល់​ ៤៩ ​ឆ្នាំមាន​ចំនួន ០,៥៤%​។

ទិន្នន័យ​សង្ខេប​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​៖ «​សម្រាប់​ឆ្នាំ ២០២០ ​កន្លងមកនេះ ការប៉ាន់ប្រមាណ​គឺ​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ១ ១០០ ​នាក់​ក្នុង​នោះ​ករណី​ស្លាប់​ដោយ​មេរោគ​អេដស៍ គឺមាន​ចំនួន ១ ២០០ ​នាក់ ហើយ​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី គឺមាន​អាយុ​លើសពី​ ១៥ ​ឆ្នាំ​»​។

ទិន្នន័យ​សង្ខេប​នេះ​ក៏បាន​ឱ្យដឹង​ដែរ​ថា ក្នុងចំណោម​អ្នក​ផ្ទុកមេរោគ​អេដស៍​ និង​ជំងឺអេដស៍ ទាំង​ជាង ៧ ​ម៉ឺន​នាក់​នេះ គឺ​កើត​ចំពោះ​អ្នកប្រើប្រាស់​គ្រឿងញៀន ៥,៧ ​ភាគរយ អ្នក​ចាក់​គ្រឿងញៀន​មាន​ ១៥,២ ​ភាគរយ បុរស​រួមភេទ​ជាមួយ​បុរស​មាន ៤ ​ភាគរយ និង​ក្រុម​ស្ត្រី​បំប្លែង​ភេទ មាន ៩,៦ ​ភាគរយ​។

លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១២ សីហា​ថា​យោងតាម​ទិន្នន័យ​ដែល​បាន​រកឃើញ​ថ្មី​នេះ គឺ​មានន័យថា ក្នុង​ឆ្នាំ ២០២០ កម្ពុជា​បន្ត​បាន​លទ្ធផល​ល្អ​ក្នុង​គោលដៅ ៩០-៩០-៩០ របស់​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​។

លោក​បន្តថា ក្នុង​ឆ្នាំ ២០២០ កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​ ៩០ ទី​ ១ គឺ​បាន ៨៤ ​ភាគរយ ចំពោះ​អ្នក​ដែល​ដឹង​ស្ថានភាព​មេរោគ​អេដស៍​។

គោលដៅ​ ៩០ ​ទី​ ២ ទទួលបាន​រហូតដល់​ ៩៩ ​ភាគរយ​ចំពោះ​អ្នក​ដែល​ដឹង​ពី​ស្ថានភាព​មេរោគ​អេដស៍ ហើយ​ទទួលបាន​សេវា​ប្រឆាំង​មេរោគ​អេដស៍ និង​គោលដៅ​ ៩០ ​ទី​ ៣ ​ទទួល​បាន ៩៧ ​ភាគរយ​ចំពោះ​អ្នក​ដែល​ដឹង​ហើយ​ទទួលបាន​ការព្យាបាល និង​ទទួលបាន​ប្រសិទ្ធភាព​។

លោក​រៀបរាប់ថា​៖ «​នៅក្នុង​ការរីករាលដាល​ជំងឺអេដស៍ មេរោគ​អេដស៍ នៅ​ប្រទេស​កម្ពុជា​នេះ គឺ​ស្ថិត​ក្នុង​ការគ្រប់គ្រង​បាន​។ ជាពិសេស​យើង​បានសម្រេច​បាន​នូវ​គោលដៅ​របស់​អង្គការ​សហប្រជាជាតិ ដែល​បានកំណត់​»​។

លោក​បញ្ជាក់ថា​៖ «​បើសិន​នៅក្នុង​តំបន់ គឺ​យើង​ទទួល​បាន​ជោគជ័យ​ខ្ពស់​ជាងគេ ដោយ​បាន​ការទទួលស្គាល់​ពី​អង្គការ​សហប្រជាជាតិ​ចាប់តាំងពី​ឆ្នាំ​ ២០១៧»​។

ជាមួយ​នឹង​ភាពជោគជ័យ​នេះ លោក​ ឃិន ដារ៉េត បានឱ្យដឹងថា សម្រាប់​គោលដៅ​បន្ត​ដល់​ឆ្នាំ​ ២០២៥ កម្ពុជា​ប្តេជ្ញា​ឱ្យសម្រេចបាន​នូវ​គោលដៅ ៩៥-៩៥-៩៥ ដើម្បី​លុបបំបាត់​ការឆ្លង​រីករាលដាល​ជំងឺអេដស៍ និង​មេរោគ​អេដស៍​នៅក្នុង​ប្រទេស​។

លោក​បាន​គូសបញ្ជាក់ថា ការសម្រេចបាន​គោលដៅ​ទាំងនេះ គឺ​ត្រូវការ​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ក្នុង​ពេលនេះ​។

កាលពី​ថ្ងៃទី​ ៨ ខែមិថុនា ឆ្នាំ ២០២១ កម្ពុជា និង​ប្រទេស​ដទៃទៀត​នៅ​ជុំវិញ​ពិភពលោក​បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​ថ្លែងការណ៍​នយោបាយ​ស្តីពី​មេរោគ​អេដស៍ និង​ជំងឺអេដស៍​ «​ការបញ្ចប់​វិសមភាព និង​ការឈាន​ទៅ​រក​ការបញ្ចប់​ជំងឺ អេដស៍​ត្រឹម​ឆ្នាំ​ ២០៣០»​។

សេចក្តី​ថ្លែងការណ៍​នយោបាយ និង​គោលដៅ​សកលលោក ឆ្នាំ​ ២០២៥ ក៏​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ផងដែរ ដល់​សមាជិក​ពេញសិទ្ធិ​របស់​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ តាមរយៈ កិច្ចប្រជុំពេញអង្គ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​។

ក្នុងនោះ​ក៏​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ ដែល​មកពី​ក្រសួង​នានា អភិបាល​រាជធានី-ខេត្ត ២៥ ​រាជធានី-ខេត្ត អង្គការ​សង្គម​ស៊ីវិល​អ្នកជំនាញ​ពាក់ព័ន្ធ និង​ប្រជាជន​គន្លឹះ​កាលពី​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០២១ ​ផងដែរ​៕