កំពង់ចាមៈ យ៉ាងហោចណាស់​មាន​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​ជាង​ ២ ៦០០ ​ហិកតា ក្នុងស្រុក​ចំនួន​ ៤ ​នៃ​ខេត្ត​កំពង់ចាម​បាន​រង​ផលប៉ះពាល់​ ដោយសារ​ភាពរាំងស្ងួត​កាលពីដើម​រដូវវស្សា ប៉ុន្តែ​មិន​បង្ក​ឱ្យ​ខូចខាត​ទាំងស្រុង​ទេ បន្ទាប់ពី​ភ្លៀង​បានចាប់ផ្ដើម​ធ្លាក់​នៅ​ចុង​សប្ដាហ៍​ទី​ ២ ​នៃ​ខែកក្កដា ធ្វើឱ្យ​ស្រូវ​ទាំងនោះ​ដុះ​លូតលាស់​ឡើងវិញ​។ ​នេះ​បើតាម លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​កាលពី​ថ្ងៃ​អង្គារ លោក ចាន់ដា បាន​លើកឡើងថា ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ក្នុង​ខេត្តកំពង់ចាម​នៅ​ឆ្នាំនេះ​មាន​ភាពរស់រវើក​ជាង​ឆ្នាំមុនៗ​។ ​ប៉ុន្តែ​កាលពី​ដើមរដូវ​មាន​ភាពរាំងស្ងួត ជាពិសេស​នៅ​ចុងខែ​មិថុនា​ និង​ដើមខែ​កក្កដា​បាន​ធ្វើឱ្យ​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​ជាង​ ២ ៦០០ ​ហិកតា​ ក្នុង​ស្រុក​ចំនួន​ ៤ ​រួមមាន ស្រុក​បាធាយ ស្រុក​ព្រៃឈរ ស្រុក​ជើងព្រៃ និង​ស្រុក​ស្ទឹងត្រង់​រង​ផលប៉ះពាល់​ ដោយសារ​គ្មាន​ប្រភពទឹក​គ្រប់គ្រាន់​។

លោក​បាន​បញ្ជាក់ថា​៖ «​ប៉ុន្តែ​នៅ​ចុង​សប្តាហ៍​ទី​២ នៃ​ខែកក្កដា​កន្លងមកនេះ ឥទ្ធិពល​នៃ​ព្យុះ​ទី​៦ និង​ទី​៧ ព្រមទាំង​វិសម្ពាធ​​ទាប​បានធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ធ្វើឱ្យ​ដំណាំ​ស្រូវ​ដែល​រង​ផលប៉ះពាល់​ទាំង​នោះ​បាន​ដុះ​លូតលាស់​ស្រស់បំព្រង​ឡើងវិញ​។ ប៉ុន្តែ​បងប្អូន​ប្រជាកសិករ​បាន​អះអាងថា ទិន្នផល​របស់​វា​បាន​ធ្លាក់ចុះ​ចន្លោះ​ពី​ ៣០-៤០ ​ភាគរយ ​បើ​ធៀប​ទៅនឹង​ស្រូវ​ដែលមាន​ទឹក​ស្រោចស្រព​គ្រប់គ្រាន់​តាំងពី​ដំបូង​មក​»​។

ជាមួយ​គ្នា​នេះ លោក ចាន់ដា បាន​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះជួយ​អន្តរាគមន៍​ផ្ដល់​ប្រឹក្សា​បច្ចេកទេស​នៃ​ការប្រើប្រាស់​ជី​និង​ថ្នាំ​កសិកម្ម​ដល់​ប្រជាកសិករ​ ដើម្បី​ឱ្យ​ដំណាំ​របស់​ពួកគាត់​បាន​ទិន្នផល​ខ្ពស់​​ និង​មាន​សុវត្ថិភាព​ដល់​អ្នក​បរិភោគ​។

ជុំវិញ​ករណីនេះ លោក ស៊ឹម ថាវីរៈ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ខេត្ត​កំពង់ចាម បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា គិត​ត្រឹម​ថ្ងៃទី​ ១១ ខែសីហា ការ​បង្កបង្កើនផល​ស្រូវវស្សា​ក្នុង​ខេត្ត​នៅ​ឆ្នាំ​​នេះ​បានសម្រេច​លើស​ផែនការ​។

លោក​បាន​បញ្ជាក់ថា​៖ «​តាម​ផែនការ​​ដាំដុះ​ស្រូវ​រដូវវស្សា​របស់​យើង​ក្នុងឆ្នាំនេះ ៨៦ ៥០០ ​ហិកតា ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃទី​ ១១ ​ខែសីហា កសិករ​យើង​បាន​ដាំ​កើន​ដល់ ៩០ ០០០ ​ហិកតា លើសពី​ផែនការ​ដែល​បាន​គ្រោងទុក​រហូតដល់​ ២ ៥០០ ​ហិកតា​»​។

បើតាម​លោក ថាវីរៈ មកទល់ពេលនេះ​មាន​ប្រភេទ​ស្រូវស្រាល​មួយចំនួន​​ដែល​ប្រជាកសិករ​បាន​ដាំដុះ​ពី​ដើម​រដូវវស្សា​បាន​ប្រមូលផល​បណ្ដើរៗ​ហើយ​បើទោះជា​តំបន់​ខ្លះ​ជួប​គ្រោះរាំងស្ងួត​ក្ដី​។

លោក​បាន​បន្តថា ពេល​មាន​កូន​រដូវប្រាំង​កើតឡើង​កន្លងទៅ មាន​ស្រូវស្រាល​ជាង ២ ៦០០ ​ហិកតា​ក្នុង​ស្រុក​ព្រៃឈរ​ស្រុក​ជើងព្រៃ ស្រុក​បាធាយ និង​ស្រុក​ស្ទឹងត្រង់​បាន​រង​ផលប៉ះពាល់ ខណៈ​ស្រូវ​កំពុង​បែក​គុម្ព​ និង​ចេញ​ផ្កា​។ ក្នុងនោះ ស្រុក​ជើងព្រៃ​ប៉ះពាល់​ច្រើនជាងគេ​រហូតដល់​ជាង ១ ០០០ ​ហិកតា​។ ប៉ុន្តែ​ក្រោយ​មាន​ភ្លៀង​ធ្លាក់​នៅ​ចុង​សប្ដាហ៍​ទី​ ២ ​ខែកក្កដា ស្រូវ​ទាំងនោះ​ក៏បាន​ដុះ​លូតលាស់​ឡើងវិញ ប៉ុន្តែ​ទិន្នផល​បាន​ធ្លាក់​ចុះមក​នៅ​ចន្លោះ​ពី​ ២,៨ ​តោន​ទៅ​ ៣ ​តោន​ក្នុង​ ១ ​ហិកតា ដែល​តាម​ធម្មតា​វា​ឱ្យ​ផល​មធ្យម​ពី​ ៤ ​តោន ទៅ​ ៥ ​តោន​ក្នុង​ ១ ​ហិកតា​។

ស្រដៀង​គ្នា​នេះ លោក អ៊ុំ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​​ខេត្តកំពង់ចាម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការបង្កបង្កើន​ផល​របស់​ប្រជាកសិករ​ក្នុងស្រុក​ទាំង​ ៤ ​ខាងលើនេះ គឺ​ពឹង​ផ្អែកលើ​របប​ទឹកភ្លៀង របប​ទឹកទន្លេ​មេគង្គ និង​ទន្លេសាប ដូច្នេះ​ការធ្វើ​ស្រូវស្រាល​របស់​ប្រជាកសិករ​តែង​ជួបនឹង​បញ្ហា​ខ្វះ​ទឹក​ក្នុងអំឡុង​មានកូន​រដូវប្រាំង​កើតឡើង​។

លោក​ថ្លែងថា​៖ «​ក្រុមការងារ​យើង​បាន​ណែនាំ​ឱ្យ​ពួកគាត់​រង់ចាំ​ការដាំដុះ​ក្នុងអំឡុង​​ខែ​សីហា ដែលជា​ទូទៅ​មាន​ទឹកភ្លៀង​​ទៀងទាត់​ល្អ​សម្រាប់​ដំណាំ​គ្រប់​ប្រភេទ ពិសេស​ដំណាំ​ស្រូវ​។ តែ​ពួកគាត់​ចង់​ធ្វើឱ្យបាន​ ២ ​ដង​ក្នុង​ ១ ​រដូវ គឺ​ធ្វើ​ស្រូវស្រាល​​នា​ដើមរដូវ​វស្សា​ម្ដង​ និង​ស្រូវកណ្ដាល ដែល​ចាប់ផ្ដើម​ពី​ចុងខែ​កក្កដា ដល់​ខែតុលា​​ម្ដងទៀត​។ ​ស្រូវ​ដែល​ជួប​បញ្ហា​ខ្វះ​ទឹក​នោះ​​គឺ​ស្រូវ​ដើមរដូវ​វស្សា​នេះឯង ព្រោះ​ក្នុង​តំបន់​ទាំងនោះ​គ្មាន​ប្រភពទឹក​នោះទេ​ សូម្បី​​តែ​បុក​អណ្ដូង​ក៏​មិន​ចេញ​ទឹក​ដែរ​»​។

លោក អូត ឈាងលី អភិបាលស្រុក​ជើងព្រៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការពិត​កាលពីដើម​រដូវវស្សា ដំណាំ​ស្រូវ​​ស្រាល​របស់​ប្រជាកសិករ​ជាង​ ១ ២០០ ​ហិកតា នៅ​ឃុំ​ត្រពាំងគ​,​ឃុំ​ស្រម៉​,​ឃុំ​សំពងជ័យ​,​ឃុំ​ព្រីងជ្រំ​,​ឃុំ​ស្ដើងជ័យ និង​ឃុំ​គោករវៀង បាន​ជួប​គ្រោះរាំងស្ងួត​ដែល​ស្ទើរតែ​ខាតបង់​ទៅហើយ ដោយសារ​គ្មាន​ប្រភពទឹក​សម្រាប់​សង្គ្រោះ​។

ប៉ុន្តែ​ពេលនេះ​ស្រូវ​ដែល​ជួប​បញ្ហា​ទាំងនោះ​ប្រជាកសិករ​បាននិង​កំពុង​ប្រមូលផល​​ និង​រៀបចំ​ដាំដុះ​នៅ​ជំហាន​ទី​ ២ ទៀត​។

លោក​ថ្លែងថា​៖ «​ស្រូវ​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​កន្លង​ទៅនោះ វា​បានផ្ដល់​ផល​ប្រមាណ​ ៦០ ​ភាគរយ ឬ​ប្រមាណ​ជាង​ ២ ​តោន​ក្នុង​ ១ ​ហិកតា​។ បើទោះជា​ទិន្នផល​របស់​វា​បាន​ធ្លាក់ចុះ​បន្តិច​ក្ដី ប៉ុន្តែ​វា​បាន​ជួយ​សម្រួល​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​យើង​ផងដែរ ជាពិសេស​បាន​ពូជ សម្រាប់​ដាំដុះ​នៅក្នុង​ជំហាន​ទី​ ២ ​នេះ​បន្តទៀត​»​។

បើតាម​លោក ឈាង លី ពេលនេះ​ប្រជាកសិករ​មួយចំនួន​កំពុង​មមាញឹក​ក្នុង​ការដាំដុះ​ស្រូវកណ្ដាល ដែល​អាច​ប្រមូល​ផល​ក្នុង​រយៈពេល​ជាង​ ១០០ ​ថ្ងៃ ដែល​ស្រូវ​ទាំងនោះ​ជា​ពូជស្រូវ​ក្រអូប រួមមាន ស្រូវ​ផ្កាម្លិះ សែន​ពិដោរ ផ្ការំដួល និង​នាងខុន​។

ដោយឡែក​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​វិញ​ក៏មាន​គ្រោះរាំងស្ងួត​បង្ក​ផលប៉ះពាល់​ដល់​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​នៅ​ភូមិ​គោកពង្រ​ និង​ភូមិ​ស្រែប្រាំង​នៃ​ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ជាង​ ៣០០ ​ហិកតា​ផងដែរ​។

ប៉ុន្តែ​កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន ក្រុមការងារ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត បាន​បញ្ជូន​គ្រឿងចក្រ ម៉ាស៊ីនបូមទឹក​កម្លាំង ៦៥ ​សេះ ចំនួន​ ២ ​គ្រឿង និង​ម៉ាស៊ីន​ខ្នាតតូច​របស់​ប្រជាកសិករ​ចំនួន​ ១២ ​គ្រឿង ចុះជួយ​បូមទឹក​សង្គ្រោះ​ដំណាំ​ស្រូវ​ទាំងនោះ​ឡើងវិញ​។ នេះ​បើតាម​ការអះអាង​របស់​លោក ញើន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ឧត្តរមានជ័យ​កាលពី​ថ្ងៃទី​ ១១ សីហា​៕