បន្ទាយមានជ័យៈ អភិបាលខេត្ត​បន្ទាយមានជ័យ​សម្រេច​បើក​ច្រកព្រំដែន​កម្ពុជា-ថៃឡើងវិញ​ ដើម្បី​ទទួល​ពលករ​ដែល​វិលត្រឡប់​ចូល​ស្រុកកំណើត បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​សម្រេច​បិទបញ្ចប់​វិធានការ​បិទខ្ទប់​ខេត្ត​ជាប់​ព្រំដែន​រយៈពេល ១៤ ថ្ងៃ​កន្លងមក​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ស្តីពី​ដំណើរការ​បើក​ច្រកព្រំដែន​ឡើងវិញ ដែល​បាន​ផ្ញើជូន​អភិបាលខេត្ត​ស្រះកែវ​នៃ​ប្រទេស​ថៃ​ចុះ​ថ្ងៃទី​ ១២ ​ខែ សីហា បាន​ឱ្យ​ដឹងថា៖ « វិធានការ​បិទខ្ទប់​ខេត្ត ជាប់​ព្រំដែន​រយៈពេល​ ១៤ ​ថ្ងៃ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​មេរោគ​កូវីដ​ ១៩ ប្រភេទ​ដែលតា (Delta) ត្រូវ​បញ្ចប់​នៅ​ម៉ោង ២៣៖៥៩ នាទី ថ្ងៃទី​ ១២ ខែសីហា ឆ្នាំ​ ២០២១​។ ដូចនេះ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​សូម​ដំណើរការ​បើក​ព្រំដែន​ឡើងវិញ ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី​ ១៣ ខែ សីហា ឆ្នាំ ២០២១ តទៅ​»​។

ជាមួយ​គ្នា​នេះ​អភិបាលខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី និង​អភិបាលខេត្ត​ស្រះកែវ​នៅ​ថ្ងៃទី​ ១៣ ខែសីហា​នេះ ​បាន​ចុះ​ជួបពិភាក្សា​កិច្ចការងារ​មួយចំនួន​លើ​បញ្ហា​នេះ​។

លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ជួបជាមួយអភិបាលខេត្តស្រះកែវ​ ដើម្បីបើកព្រំដែន។ រូបថត រដ្ឋបាលខេត្តបន្ទាយមានជ័យ

ក្នុង​កិច្ចពិភាក្សា​នោះ​ភាគី​ទាំងពីរ​បាន​សន្យា​រួមគ្នា​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ ក្នុង​ការសម្របសម្រួល​ដោះស្រាយ​បញ្ហា​ផ្សេងៗ​នៅ​តាម​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង ២ ជាពិសេស​ការគ្រប់គ្រង​បងប្អូន​ពលករ និង​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​មេរោគ​ថ្មី Delta ចូល​ក្នុង​សហគមន៍​។

ក្នុង​ជំនួប​នោះដែរ លោក អ៊ុំ រាត្រី បាន​ស្នើ​អភិបាលខេត្ត​ស្រះកែវ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់មក​ទឹកដី​កម្ពុជា ទាំង​សុខភាព សុវត្ថិភាព​ពួកគាត់ និង​ស្នើសុំ​កុំឱ្យ​មាន​ការបញ្ជូន​ពលករ​ខ្មែរ​ទាំងនោះ​មកជា​គំហុក​។

លោក​ថា​៖ «​មាន​បញ្ហា​អ្វី​សូម​ផ្តល់ព័ត៌មាន​បន្ទាន់ មក​ភាគី​កម្ពុជា ដើម្បី​ត្រៀមលក្ខណៈ​ទទួល​បងប្អូន តាម​វិធាន​សុខាភិបាល​»៕