ភ្នំពេញៈ លោក ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ឱ្យ​ដឹង​នៅ​ក្នុង​សារ​របស់​លោក​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែ​សីហានេះ​ថា នៅ​ក្នុង​ខែ​កក្កដា​កន្លង​មក សមត្ថកិច្ច​បង្ក្រាប​បាន​បទ​ល្មើស​គ្រឿង​ញៀន សរុប​ចំនួន ៣២៩ករណី គឺ​មាន​ការ​ថយចុះ ៤៨ ករណី និង​មាន​ជន​សង្ស័យ​សរុប​ចំនួន ៨៤៩​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន កើន ៤៧​នាក់​ស្មើ​នឹង ៥,២​ភាគរយ បើ​ធៀប​នឹង​ខែ​មិថុនា​ក្នុង​ឆ្នាំ ២០២១។

បទល្មើស​បង្ក្រាប​មាន ករណី​ជួញដូរ រក្សា​ទុក​ចំនួន ២៤២​ករណី ការ​ប្រើ​ប្រាស់​ចំនួន ៨៤ករណី ករណី​សំយោគ កែច្នៃ ១ករណី និងករណី​ដាំ​ដុះ ២ករណី។

ជន​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ ពាក់​ព័ន្ធ​នឹង​ករណី​ជួញដូរ និង​រក្សា​ទុក​គ្រឿង​ញៀន​ចំនួន ៥១០​នាក់ ករណី​ប្រើ​ប្រាស់​គ្រឿងញៀន ៣៣១នាក់ ករណី​សំយោគ និង​កែច្នៃ ៥​នាក់ និង​ករណី​ដាំដុះ ៣​នាក់។ ជន​សង្ស័យ​ទាំង​នោះ មាន​ខ្មែរ ៧៧៦​នាក់ និង​ជនបរទេស ៧៣​នាក់។ នេះ​បើ​តាម​សារ​លោក ស ខេង ដែល​ដាក់​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ល្ងាច​ថ្ងៃទី ១៣ ខែ​សីហានេះ។

ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ក្នុង​ខែ​កក្កដា ឆ្នាំ ២០២១​នេះ សមត្ថកិច្ច​បាន​ចាប់​យក​គ្រឿង​ញៀន សរុប​ចំនួន ២១៩​គីឡូក្រាម និង៤៦០,៧១​ក្រាម។

លោក ស ខេង បញ្ជាក់​ថា៖ «ថ្វី​ដ្បិត​ថា ការ​បង្ក្រាប​បទ​ល្មើស​មាន​ការ​ថយ​ចុះ បើ​ធៀប​នឹង​ខែ​មិថុនា​ក្តី ប៉ុន្តែ​ចំនួន​គ្រឿង​ញៀន​ដែល​សមត្ថកិច្ច បង្ក្រាប​បាន មាន​ការ​កើន​ឡើង​ដល់​ទៅ ៧៣ គីឡូក្រាម ដែល​ស្មើ​នឹង​ប្រមាណ​ជាង ៥០ ភាគរយ បើ​ធៀប​នឹង​ខែ​មុន»។

លោកបន្តថា គ្រឿង​ញៀន​ទាំង​នោះ រួម​មាន មេតំហ្វេតាមីន​ក្រាម​ម្សៅ(ICE) ជាង​ ៥៥ គីឡូក្រាម មេតំហ្វេតាមីន​គ្រាប់ (WY) ចំនួន១១៣,៣០​ក្រាម, អ៊ិចស្តាស៊ី (MDMA) ១០២ គីឡូក្រាម ៣៧៩,៩០ក្រាម កេតាមីន ២១ គីឡូក្រាម ២៣៧,៤០ក្រាម ហេរ៉ូអ៊ីន៥,១៦ក្រាម, កាទីណូន ៣៩ គីឡូក្រាម និង ៨៥៤ក្រាម ព្រម​ទាំង​សារធាតុគីមី​ផ្សំ​ចំនួន ១១២១ គីឡូក្រាម កញ្ឆា​ស្រស់ ១៥៦៥​ដើម និង​កញ្ឆាស្ងួត​ចំនួន ៣៦ គីឡូក្រាម និង ២២៧​ក្រាម។

លោក​ឧបនាយក​រដ្ឋ​មន្ត្រី បាន​បញ្ជាក់​ទៀត​ថា៖ «ជា​ការ​កត់​សម្គាល់! ករណី​គ្រឿង​ញៀន​ចាប់​ពី​ ១ គីឡូក្រាម​ឡើង​ទៅ មាន​ចំនួន ៥ ករណី ស្មើ​នឹង ៥​ក្រុម ឃាត់​ខ្លួន​ជន​សង្ស័យ ១៣ នាក់ រួមមាន មេក្លោង ១ នាក់ និង​បណ្ដាញ ១២ នាក់ ក្នុង​នោះ​ជន​ជាតិ​ខ្មែរ ៨ នាក់ ជនជាតិចិន ១នាក់ ជនជាតិ​វៀតណាម ៤នាក់»។

សរុប​ករណី​ធំៗ​ទាំង ៥ នេះ មាន​គ្រឿង​ញៀន​សរុប​ដល់​ទៅ ២១៣ គីឡូក្រាម និង ៨៣៤,០៨ក្រាម និង​សាធាតុ​គីមី​ផ្សំ ៧ គីឡូក្រាម និង ៧៨២,៥៨ ក្រាម។

លោក ស ខេង មាន​ប្រសាសន៍​ថា៖ «ជន​រួម​ជាតិ​ជា​ទីគោរព! ក្នុង​នាម​សម្ដេច​តេជោ នាយក​រដ្ឋ​មន្រ្តី ក្នុង​នាម​ក្រសួង​មហាផ្ទៃ និង​ខ្លួន​ខ្ញុំផ្ទាល់ ខ្ញុំ​សូម​ផ្ញើ​នូវ​សេចក្ដី​កោត​សរសើរ និង​ការ​លើក​ទឹក​ចិត្ត​ខ្ពស់ ជូន​ចំពោះ​ថ្នាក់​ដឹក​នាំ និង​មន្រ្តី​ពាក់​ព័ន្ធ​ទាំងអស់ ទាំង​ស៊ីវិល នគរបាល និង​កង​រាជ​អាវុធហត្ថ ដែល​បាន​រួម​សហការ​គ្នា​យ៉ាង​ល្អ ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន ដើម្បី​រួម​ចំណែក​ការពារ​សន្តិសុខ សណ្ដាប់​ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ជូន​ជាតិ​និង​ប្រជាជន»។

ជាមួយគ្នានេះ លោក ស ខេង ក៏​បាន​ផ្ញើសារ​ជូន​ជន​រួមជាតិ គ្រប់​មជ្ឈដ្ឋាន​សង្គម និង​កម្លាំង​អនុវត្ត​ច្បាប់​ទាំង​អស់ សូម​ចូល​រួម​គាំទ្រ និង​អនុវត្ត​ពាក្យ​ស្លោកជាតិ ៣ការពារ ១រាយការណ៍។

លោក​គូស​បញ្ជាក់​ថា៖​«កុំ​ពាក់​ព័ន្ធ ៖ កុំ​ជួញដូរ កុំ​ចែក​ចាយ កុំ​ធ្វើ​ខ្នង​បង្អែក កុំ​ឃុបឃិត និង​កុំ​ប្រើប្រាស់​គ្រឿង​ញៀន។ កុំ​អន្តរាគមន៍ ៖ កុំរារាំង​ការ​រអនុវត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន​គ្រឿង​ញៀន ទោះ​បី​ជា​ក្រុម​គ្រួសារ សាច់ញាតិ ឬ មិត្តភក្តិ​ក៏​ដោយ។ កុំ​លើក​លែង ៖ កុំ​បន្ធូរ​បន្ថយការ​អនុត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន​គ្រឿង​ញៀន។ សមត្ថកិ​ចុច​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​អនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់ និង​ស្មោះត្រង់​វិជ្ជាជីវៈ​របស់​ខ្លួន ហើយ​ជន​គ្រប់​រូប​ត្រូវ​គោរព និង​អនុវត្ត​ច្បាប់»។

ចំណែក​មួយ​រាយការណ៍ គឺ​ត្រូវ​រាយការណ៍ ផ្តល់​ព័ត៌មាន ដល់​សមត្ថកិច្ច​អំពី​មុខ​សញ្ញា​ជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំង​កែច្នៃ​ផលិត និងទី​តាំង​ស្តុក​ទុក​គ្រឿង​ញៀន​ខុស​ច្បាប់​ដល់​សមត្ថកិច្ច ដើម្បី​អាច​បន្ត​រួម​កម្លាំង សាមគ្គីជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ដែល​ជា​សត្រូវ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ធនធាន​មនុស្ស ជាពិសេស ធនធាន​យុវជន ដែល​ជា​សសរ​ទ្រូង​ប្រទេស​ជាតិ៕