ភ្នំពេញ៖ ក្រសួង​សុខាភិបាល បាន​ប្រកាស​រក​ឃើញ​អ្នក​មាន​វិជ្ជមាន​វីរុស​កូវីដ ១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៦៥ ករណី​ទៀត ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី ១៣ ខែ​សីហា ឆ្នាំ ២០២១។

តាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ដែល​ទើប​ចេញ​នៅ​យប់​នេះ​បាន​ឱ្យដឹង​ថា យោង​តាម​លទ្ធផល​នៃ​ការ​ធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូវីដ១៩ ដែល​បំប្លែង​ថ្មី​ប្រភេទ​ ដែលតា នៅ​ក្នុងប្រទេស​កម្ពុជា មក​ពី​បរទេស តាម​ជើង​ហោះហើរ​ចំនួន ៤ នាក់ (ស្រី ១នាក់) ពលករខ្មែរ​ត្រលប់​ពី​ប្រទេស​ថៃ ចំនួន ១៧​នាក់ (ស្រី ៩​នាក់) បុគ្គលិក​សុខាភិបាល ចំនួន ៤ នាក់ (ស្រី ៣​នាក់) មន្ត្រីរាជការ​ចំនួន ៤ នាក់ និង​ប្រជាជន​អ្នក​ភូមិ​នៅក្នុង​សហគមន៍ ចំនួន ៣៦ នាក់ (ស្រី ២១​នាក់)។

គិតចាប់​ពី​ថ្ងៃ​ទី ៣១ ខែ មីនា ឆ្នាំ២០២១ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ​ ២០២១ កម្ពុជា បាន​រក​ឃើញ​អ្នក​មាន​វិជ្ជមាន​វីរុសកូវីដ​១៩ ប្រភេទ ដែលតា លើ​ពលករត្រលប់​ពី​ប្រទេសថៃ និង ប្រទេសវៀតណាម អ្នក​ដំណើរ​មក​តាម​ជើង​ហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រី​រាជការ និង អ្នក​ភូមិ​នៅ​ក្នុង​សហគមន៍ សរុប​ទាំង​អស់​ ចំនួន ៤៩៤ នាក់ (ស្រី ២៤៣នាក់) និង បាន​ប៉ះពាល់​ដល់ ២២ រាជធានី-ខេត្ត ហើយ​គិត​ត្រឹមថ្ងៃ​ទី ១៣ ខែសីហានេះ លើក​លែង​តែ ៣ ខេត្ត​ប៉ុណ្ណោះ​គឺ ខេត្ត កែប ខេត្តតាកែវ និង ខេត្តក្រចេះ នៅ​មិន​ទាន់​រក​ឃើញ​ករណី​ ដែលតា នៅ​ឡើយ៕