បើ​ទោះបី​ជា​​យុទ្ធនាការ​ផ្សព្វផ្សាយ​ក្រោម​ប្រធានបទ «រួមគ្នា​ទទួល​ខុស​ត្រូវ​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូវីដ ១៩» មិន​ទាន់​បាន​ប្រកាស​ដាក់​អនុវត្ត​ជា​ផ្លូវ​ការ​ក៏​ដោយ ប៉ុន្តែ​រដ្ឋបាល​ខេត្ត​ព្រះវិហារ​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​នេះ ក្នុង​ភូមិសាស្រ្ត​ខេត្ត​របស់​ខ្លួន​ហើយ កាល​ពី​ថ្ងៃទី ១៣ ខែ​សីហា ម្សិលមិញ។

រដ្ឋបាល​ខេត្ត​ព្រះវិហារ ដែល​មាន​មន្ទីរ​សុខាភិបាល​ជា​សេនាធិការ បាន​ប្រារព្ធ​ពិធី​ហែ​ក្បួន​រថយន្ត​យុទ្ធនាការ​ជាតិ​ស្តីពី​ជំងឺ​កូវីដ ១៩ ដោយ​មា​នកា​រចូលរួម​ពី​បណ្តា​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត សេវា​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា​ធ្វើ​ការ​ផ្សព្វផ្សាយ និង​អប់រំ​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ ចូលរួម​ទប់​ស្កាត់​នូវ​ជំងឺ​កូវីដ ១៩។

រដ្ឋបាល​ខេត្ត​ព្រះវិហារ​បាន​ឱ្យ​ដឹង​ថា យុទ្ធនាការ​នេះគឺ​ធ្វើ​ការ​អប់រំ ផ្សព្វផ្សាយ និង​បណ្តុះ​បណ្តាល​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​អំពីគ្រោះ​ថ្នាក់​នៃ​វីរុស​កូវីដ ១៩ និង​ដើម្បី​ជំរុញ​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល គ្រួសារ សហគមន៍ ស្ថាប័ន​ពាក់ព័ន្ធ សេវាឯកជន អាជ្ញាធរ​មូលដ្ឋាន រួមគ្នា​ទទួល​ខុស​ត្រូវ​ខ្ពស់ ក្នុង​ស្មារតីភាព​ ដើម្បី​កាត់​ផ្តាច់​ខ្សែ​ចម្លង​វីរុស​កូវីដ ១៩ ដើម្បី​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូវីដ ១៩ ចូល​ក្នុង​សហគមន៍ ជាពិសេស​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ Delta កំពុង​ឆ្លង​រាលដាល​ក្នុង​សហគមន៍។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស បាន​ឱ្យ​ដឹង​ផង​ដែរ​ថា អាជ្ញាធរ​នៅ​តាម​ភូមិ-ឃុំ​ទាំង​អស់​ ត្រូវ​រៀបចំ​ចាត់ចែង​ដោយ​ធ្វើ​ការ​ចាក់​ផ្សាយ និង​បិទ​បដា​នៅ​តាម​គ្រប់​ទីកន្លែង ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​នេះ​ទាំង​អស់​គ្នា។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «ពេល​នេះ ការ​រួម​គ្នា​នូវ​មុំ​ទាំង ៣ គឺ ជំរុញ​នូវ​ការ​អប់រំ, ការ​គ្រប់គ្រង​នៃ​បុគ្គល​ដែល​ចល័ត ការ​ព្យាបាល និង​ការ​ធ្វើ​តេស្ត​រហ័ស​ឱ្យ​បាន​ទូលំទូលាយ និង​ការ​ចាក់​វ៉ាក់សាំង។ ដូចនេះ បើ​យើង​រុញ​មុំ​ទាំង ៣ នេះ​ឱ្យ​ទៅ​ជាមួយ​គ្នា​តែ​មួយ នោះ​យើង​សង្ឃឹម​ថា នឹង​អាច​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​ជំងឺ​នេះ ពិសេស គឺ​ប្រភេទថ្មី​ដែលតា​នេះ»។

គួរ​បញ្ជាក់​ថា នាពេល​ថ្មីៗ​កន្លង​មក​នេះ ប្រមុខ​រាជរដ្ឋាភិបាល​បាន​រៀបចំ​បន្ថែម​នូវ​សេចក្តី​ណែនាំ​ដល់​អភិបាល​រាជធានី-ខេត្ត អនុវត្ត​នូវ​យុទ្ធនាការ​ជាតិ​ស្តីពី​ជំងឺ​កូវីដ ១៩ ក្នុង​គោល​បំណង គឺ​ដើម្បី​លើក​កម្ពស់​តម្លៃ​សង្គម និង​សាមគ្គីភាព​សង្គម ក្នុង​ការ​រួម​ចំណែក​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩៕