គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​សៀមរាប​បាន​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ជីក្រែង គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ក្រឡាញ់ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ស្រីស្នំ មន្ទីរ-អង្គភាព អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្តការ​ដាក់​ទីតាំង​ត្រួត​ពិនិត្យ​សុខភាព​បឋម ដើម្បី​ស្រង់​ព័ត៌មាន និង​ស្កេន QR Code ទប់ស្កាត់​កូវីដ ១៩ ដោយ​អនុវត្ត​ចាប់​ពី​ថ្ងៃទី ១៦ ខែ​សីហា​តទៅ។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​នៅ​ថ្ងៃទី ១៣ ខែ​សីហា បាន​ឱ្យ​ដឹង​ថា ការ​ដាក់​ទីតាំង​ត្រួត​ពិនិត្យ​សុខភាព​បឋម​នេះ មាន​នៅ​ចំណុច​ព្រំប្រទល់​ខេត្ត​សៀមរាប​ចំនួន ៣ ទីតាំង រួមមាន ព្រំប្រទល់​ស្រុក​ជីក្រែង-ស្រុក​ស្ទោង​ នៃ​ខេត្ត​កំពង់ធំ ព្រំប្រទល់​ស្រុក​ក្រឡាញ់-ស្រុក​ព្រះនេត្រព្រះ​ នៃ​ខេត្ត​បន្ទាយមានជ័យ និង​ព្រំប្រទល់​ស្រុក​ស្រីស្នំ-ស្រុក​ចុងកាល់ នៃ​ខេត្ត​ឧត្តរមានជ័យ។

រដ្ឋបាល​ខេត្ត​សៀមរាប​បាន​បញ្ជាក់​ថា ការ​បន្ត​ត្រួត​ពិនិត្យ​សុខភាព​បឋម​នេះ គឺ​ដើម្បី​អនុវត្ត​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក្រសួង​សុខាភិបាល ព្រម​ទាំង​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​ទូទាំង​ប្រទេស។

រដ្ឋបាល​ខេត្ត​បាន​លើក​ឡើង​ថា៖ «ការ​ពិនិត្យ​សុខភាព​បឋម​នេះ ក្នុង​គោល​បំណង​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ចូល​សហគមន៍​ក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​មន្ត្រី​ជំនាញ​ក្នុង​ការ​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ ១៩។ ដូច​នេះ សូម​មេត្តា​ចូល​រួម​ផ្តល់​កិច្ច​សហការ និង​ផ្តល់​ព័ត៌មាន​ជូន​ដល់​ក្រុម​ការងារ​ប្រចាំ​ការ​នៅ​ទីតាំង​ទាំង ៣ គោល​ដៅ​នេះ»។

ជាមួយ​គ្នា​នេះ​ដែរ សាធារណ​ជន​អាច​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អនឡាញ​ដែល​មាន​តំណ​ភ្ជាប់​តាម​វេបសាយ srprovince.com/login ជា​មុន ដើម្បី​សម្រួល​ដល់​ការ​ត្រួតពិនិត្យ និង​ចំណេញ​ពេលវេលា៕