
រដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចបន្តអនុវត្តវិធានការរដ្ឋបាលរយៈពេល ៧ ថ្ងៃទៀត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។ រូបថត រដ្ឋបាលខេត្ត
ខេត្តពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចបន្តការអនុវត្តវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ សម្រាប់រយៈពេល ៧ ថ្ងៃបន្ថែមទៀត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។
យោងតាមលិខិតសម្រេចរបស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ កាលពីម្សិលមិញបានសម្រេចបន្តអនុវត្តន៍វិធានការរដ្ឋបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់រយៈពេល ៧ ថ្ងៃបន្ថែមទៀត ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ១៩ ខែសីហា។
ការបន្តវិធានការនេះ លោកអភិបាលខេត្តពោធិ៍សាត់បញ្ជាក់ថា គ្រប់រោងចក្រសហគ្រាសក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលការណ៍ណែនាំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នជំនាញពាក់ព័ន្ធថ្នាក់ជាតិ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
លោក ម៉ៅ ធនិន បានប្រាប់ទៅដល់រដ្ឋបាលក្រុង-ស្រុក និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការអនុវត្តការហាមឃាត់ រឹតបន្តឹងការត្រួតពិនិត្យ និងការរៀបចំរបៀបរៀបរយ និងសណ្តាប់ធ្នាប់នៅតាមកន្លែងដែលជាប្រភព ឬអាចមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ជាពិសេសផ្សារ និងកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងទីតាំងអាជីវកម្មផ្សេងទៀត ព្រមទាំងទីតាំងរៀបចំកម្មវិធីសាសនា កម្មវិធីប្រពៃណី និងកម្មវិធីកីឡាជាដើមផងដែរ។
លោកអភិបាលខេត្តពោធិ៍សាត់ បានប្រគល់ភារកិច្ចជូនគណៈកម្មការដឹកនាំការអនុវត្តច្បាប់ ចំណុះឱ្យគណៈកម្មការខេត្តប្រយុទ្ធជំងឺកូវីដ ១៩ ខេត្តពោធិ៍សាត់ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ គ្រប់ប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ ដើម្បីបន្តសហការចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាល។
លោកថ្លែងថា៖ «ករណីរកឃើញថា បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលបំពានវិធានការនេះ ត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយសាធារណៈចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ»៕