ក្រុម​គ្រូពេទ្យ​បាន​កំពុង​តែ​ធ្វើ​ការ​យក​សំណាក​អាជីវករ និង​អ្នក​ពាក់ព័ន្ធ​ចេញ​ចូល​ក្នុង​ផ្សារ​ដេប៉ូ និង​បាន​សម្រេច​បិទ​ជា​បណ្តោះ​អាសន្ន​ផ្សារ​នេះ​ នា​ព្រឹក​ថ្ងៃទី ១៤ ខែ​សីហា​នេះ បន្ទាប់​ពី​មាន​អ្នក​ជំងឺ​កូវីដ ១៩ បាន​ចូល​ទិញ​ម្ហូប​ក្នុង​ផ្សារ​នេះ​ជា​ញឹកញាប់។

ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​ធីតា និង​គណៈបញ្ជាការ​ខណ្ឌ​ទួលគោក បាន​បិទ​បរិវេណ​ជុំវិញ​ផ្សារ ដើម្បី​យក​សំណាក​ពី​អាជីវករ​ផ្សារ​ដេប៉ូ​នេះ។

អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ ១៩ បាន​ធ្វើ​ការ​អំពាវនាវ​ទៅ​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​ធ្លាប់​ចេញ​ចូល​ផ្សារ​ដេប៉ូ​នេះ ត្រូវ​មក​ធ្វើ​សំណាក​ជា​បន្ទាន់។

អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ ១៩ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា៖ «សូម​អាជីវករ និង​ប្រជាពល​រដ្ឋ​ទាំង​អស់ ដែល​បាន​ចេញ-ចូល​ផ្សារ​ដេប៉ូ​ញឹកញាប់ សូម​អញ្ជើញ​មក​យក​សំណាក​ធ្វើ​តេស្ដ​រក​វីរុស​កូវីដ ១៩ ចាប់​ពី​ពេល​នេះ​តទៅ​ នៅ​ខាង​មុខ​ផ្សារ​ដេប៉ូ»។

លោក ឯក ឃុនឌឿន អភិបាល​ខណ្ឌ​ទួលគោក បាន​ចុះ​ធ្វើ​ការ​ពិនិត្យ​ទីតាំង​ផ្សារ​ដេប៉ូ ដែល​ក្រុម​គ្រូពេទ្យ​កំពុង​តែ​ធ្វើ​ការ​យក​សំណាក​អាជីវករ និង​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ករណី​នេះ បាន​ស្នើសុំ​ដល់​អាជីវករ និង​អតិថិជន​ទាំង​អស់​ដែល​បាន​ចេញ-ចូល​ក្នុង​ផ្សារ​ដេប៉ូ ត្រូវ​មក​យក​សំណាក​នៅ​ផ្សារ​ដេប៉ូ​ចាប់​ពី​ព្រឹក​ថ្ងៃ​នេះ​តទៅ។

រដ្ឋបាល​ខណ្ឌ​ទួលគោក ក៏​បាន​ប្រកាស​ផង​ដែរ​ថា៖ «ករណី​បងប្អូន​អាជីវករ​ដែល​មិន​ចូល​រួម​យក​សំណាក​នោះ​ទេ ហើយ​គ្មាន​ក្រដាស​វាយត្រា​បញ្ជាក់​អំពី​ការ​យក​សំណាក​ពី​គណៈកម្មការផ្សារ នឹង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​បើក​តូប​នោះ​ទេ»៕