ទំនប់​ស្ទាក់​ទឹកតាក្រី ដែល​អាច​ស្ទុក​ទឹក​បាន​រាប់​លាន​ម៉ែត្រ​គុប សម្រាប់​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់ ស្ថិត​ក្នុង​ឃុំ​អូរដា និង ឃុំ តាក្រី ស្រុក កំរៀង ខេត្ត​បាត់ដំបង នឹង​ត្រូវ​សាង​សង់​បញ្ចប់​ក្នុង​ខែ​កញ្ញា ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក ងួន រតនៈ អភិបាល​ខេត្ត បាត់ដំបង។

ក្នុង​ពេល​ចុះ​ពិនិត្យ​ដំណើរ​ការ​កសាង​ទំនប់​ស្ទាក់ទឹក​នេះ កាល​ពី​ថ្ងៃទី​១៣ ខែសីហា លោក ងួន រតនៈ បាន​លើក​ឡើង​ថា សម្រាប់​គម្រោងសាង​សង់​ទំនប់​ស្ទាក់​ទឹក​នេះ គឺ​ជា​គម្រោង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម តាម​រយៈ​សំណើ​របស់​លោក ស ខេង រដ្ឋ​មន្រ្ដី​ក្រសួងមហាផ្ទៃ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ក៏​ដូចជា​អាជ្ញាធរ​មូល​ដ្ឋាន​មាន​ក្ដី​កង្វល់​អំពី​ប្រភព​ទឹក​ប្រើ​ប្រាស់ និង​ស្រោច​ស្រព​ដំណាំ​នា​រដូវប្រាំង។

លោក ងួន រតនៈ បាន​មាន​ប្រសាសន៍​ថា៖ «ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ឆ្លើយតប​យ៉ាង​លឿន​ទាន់​ពេល តាម​សំណើ​នេះ ហើយ​ក្រុម​ការងារ​បាន​ខិតខំ​កសាង​ដោយ​ប្រើ​រយៈពេល​ខ្លី ដោយ​ការ​កសាង​ទំនប់​ទឹក​នេះ នឹង​គ្រោង​បញ្ចប់​ការ​កសាង​នា​ខែ​កញ្ញា​ខាង​មុខ​នេះ ដែល​ទំនប់​ទឹក​នេះ​អាច​ស្ទុក​ទឹក​បាន​រាប់​លាន​ម៉ែត្រ​គុប សម្រាប់​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់​ផង​ដែរ»។

គួរបញ្ជាក់ថា ការ​ដ្ឋាន​សាង​សង់​ទំនប់​ស្ទាក់​ទឹ​កតាក្រី​នេះ​បាន​បើក​ដំណើរការ​កាល​ពី​ដើម​ខែ​មីនា​ឆ្នាំ ២០២១ កន្លង​មក​នេះ ដោយ​បាន​កំណត់ឈ្មោះ​ថា «ទំនប់​ស្ទាក់​ទឹក​តាក្រី» ដើម្បី​ធានា​នូវ​ការ​ស្រោច​ស្រព​លើ​ផ្ទៃ​ដី​ដំណាំ​កសិកម្ម ដែល​ភាគ​ច្រើន (ដំណាំ​ចម្ការ) ប្រមាណ​ជាង ២០០០ ហិកតា៕

វីដេអូ៖