
លោក វ៉ា ថន អភិបាលខេត្តក្រចេះ។ រូបថត រដ្ឋបាលខេត្ត
រដ្ឋបាលខេត្តក្រចេះប្រកាសអនុញ្ញាតឱ្យបើកដំណើរការឡើងវិញទីតាំងផ្សារស្នួល និងផ្លូវព័ទ្ធជុំវិញផ្សារ ស្ថិតនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ចាប់ពីវេលាម៉ោង ១១ និង ៣០នាទីថ្ងៃទី ១៤ ខែសីហានេះតទៅ ប៉ុន្តែត្រូវបន្តអនុវត្តវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់។
យោងតាមលិខិតរបស់លោក វ៉ា ថន អភិបាលខេត្តក្រចេះ កាលពីម្សិលមិញបានសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញទីតាំងផ្សារស្នួល និងផ្លូវព័ទ្ធជុំវិញផ្សារ ដែលស្ថិតនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ចាប់ពីម៉ោង ១១ និង ៣០ នាទីថ្ងៃទី១៤ ខែសីហា តទៅ។ យ៉ាងណាក៏ដោយ អាជីវកម្ម និងអ្នកលក់ដូរក្នុងផ្សារនេះ ត្រូវបន្តអនុវត្តវិធានការសុខាភិបាលដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
លោកអភិបាលខេត្តបានសរសេរក្នុងលិខិតថា «គ្រប់អាជីវកម្ម អ្នកលក់ដូរក្នុងផ្សារស្នួល ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ជាអាទិ៍ ការពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល»។
លោក វ៉ា ថន បានប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុកស្នួល មន្ទីរពាណិជ្ជកម្មខេត្ត និងរដ្ឋបាលឃុំស្នួល ត្រូវសហការចុះត្រួតពិនិត្យ ក្នុងទីតាំងផ្សារស្នួល ដើម្បីធានាសុវត្ថិភាពឱ្យបានត្រឹមត្រូវ។
លោកថ្លែងថា៖ «ក្នុងករណីរកឃើញថា អ្នកវិនិយោគ ភាស៊ីផ្សារ ឬបុគ្គលណាម្នាក់មិនព្រមសហការ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ»៕