ភ្នំពេញ៖ យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ សម្រាប់​មនុស្ស​អាយុ​ចាប់​ពី ១២ ឆ្នាំ​ដល់​ក្រោម​ ១៨​ឆ្នាំ សម្រាប់​ដូស​ទី​១ ដែល​មាន​រយៈពេល ១៤ ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៤ ខែ​សីហា​នេះ ប៉ុន្តែ​ក្នុង​ករណី​មណ្ឌល​ចាក់​វ៉ាក់​សាំង​ណា​ដែល​​នៅ​តែ​មានអ្នក​មក​ចាក់​ទៀត គឺ​នឹង​នៅ​តែ​បន្ត​ទទួល​ចាក់​រហូត​បាន​គ្រប់​គ្នា។

លោក ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា មក​ដល់​ថ្ងៃទី​១៤ ខែ​សីហា​នេះ​ ក្រុម​មនុស្ស​ដែល​មាន​អាយុ​ពី ១២ ឆ្នាំ​ដល់​ក្រោម ១៨ ឆ្នាំ ចំនួន​ជាង ១៧៦ ២០០​នាក់ បាន​ទទួល​ការ​ចាក​វ៉ាក់​សាំង​រួច​ហើយ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​អាច​ធ្វើ​ការ​ពន្យារ​សម្រាប់​មណ្ឌក​ចាក់​វ៉ាក់​សាំង​ណា​ដែល​នៅ​តែ​មាន​អ្នក​មក​ចាក់។ ដំណើរការ​នៃ​ការ​ចាក់​វ៉ាក់សាំង​គឺ​ចប់​នៅ​ថ្ងៃ​ទី ១៤​នេះ តែ​បើ​នៅ​មាន​អ្នក​មក​ចាក់​គឺ​យើង​នឹង​បន្ត​នៅ​ថ្ងៃ​ស្អែក​ទៀត ហើយ​បើ​នៅ​ថ្ងៃ​ស្អែក​មិន​ទាន់​ចប់ យើង​បន្ត​ពន្យា​រនៅថ្ងៃ​ខាន​ស្អែក​ទៀត​រហូត​ទាល់​តែ​មាន​អ្នក​បាន​ចាក់​គ្រប់​គ្នា»។

លោក ងី មានហេង បាន​បន្ត​ធ្វើ​ការ​អំពាវនាវ​ទៅ​ដល់​មាតា​បិតា​ឬ​អាណា​ព្យាបាល​នាំ​យក​កូន​មក​ចាក់​វ៉ាក់សាំង ប្រសិន​បើ​មិន​ទាន់​ទទួល​បានការ​ចាក់​ដូស​ទី​១ នៅ​ឡើយ។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ក្នុង​ក្រប​ខ័ណ្ឌ​ទូ​ទាំងប្រទេស បាន​ឱ្យ​ដឹង​ផង​ដែរ​ថា នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា គបក-១៩ បាន​ធ្វើ​ការ​បែង​ចែក​វ៉ាក់​សាំង​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស សម្រាប់​រៀប​ចំ​ចាក់​ដល់​ក្រុម​អាយុ​ពី ១២ ដល់​ក្រោម ១៨ ឆ្នាំ បន្ទាប់​ពី​ទទួល​បាន​វ៉ាក់​សាំង​ ស៊ីណូវ៉ាក់ ចំនួន ៣ លាន​ដូស​ដែល​ជា​ការ​បញ្ជា​ទិញ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា៖ «កន្លង​មក​នេះ យើង​ធ្វើ​បាន​មួយ​ចំនួន​ហើយ​ដោយ​សារ​យើង​រង់​ចាំ​វ៉ាក់សាំង​មក​ដល់ ហើយ​ពេល​នេះ​វ៉ាក់សាំង​បាន​មក​ដល់​ហើយ ហើយ​យើង​មិន​បាន​ទុក​វ៉ាក់​សាំង​នេះ​មួយ​កន្លែង​ទេ​ គឺ​យើង​ចាត់​ចែង​ចែក​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​តែ​ម្តង»។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​យប់​ថ្ងៃ​ទី​១៣ ខែ​សីហា ក្រុម​មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី ១២ ដល់​ក្រោម ១៨ ឆ្នាំ​សរុប​ចំនួន​ជិត ៤៩ ម៉ឺន​នាក់​បាន​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ១៩ នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន៕