The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គ.វ.ក-១៩ ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​និង​ពលករ ដែល​មាន​អាយុ ១៨ ឆ្នាំ​ឡើង​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង រួស​រាន់​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩ ឱ្យ​បាន​គ្រប់​គ្នា




គ.វ.ក-១៩ ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​និង​ពលករ ដែល​មាន​អាយុ ១៨ ឆ្នាំ​ឡើង​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង រួស​រាន់​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩ ឱ្យ​បាន​គ្រប់​គ្នា

Content image - Phnom Penh Post
ប្រជាពលរដ្ឋ​​ទទួល​​វ៉ាក់​​សាំង​បង្ការ​ជំងឺ​កូវីដ ១៩ នៅ​ខេត្ត​បន្ទាយមានជ័យ។ រូបថត ហ្វេសប៊ុក

គ.វ.ក-១៩ ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​និង​ពលករ ដែល​មាន​អាយុ ១៨ ឆ្នាំ​ឡើង​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង រួស​រាន់​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩ ឱ្យ​បាន​គ្រប់​គ្នា

គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩ ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​និង​ពលករ​ដែល​មាន​អាយុ ១៨ ឆ្នាំឡើង​ទាំង​អស់​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់​សាំង​រួស​រាន់​ទៅ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩ ឱ្យ​បាន​គ្រប់​គ្នា ស្រប​ពេល​ជាមួយ​រដ្ឋបាល​រាជធានីខេត្ត កំពុង​តែ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ទូទាំង​ប្រទេស​នៅ​ឡើយ។

អ្នក​នាំ​ពាក្យ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូវីដ​១៩ ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស លោកស្រី ឱ វណ្ណឌីន បាន​ចេញ​សេច​ក្តី​ជូន​ដំណឹង​មួយ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា​នេះ ស្តីពី​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដល់​ប្រជាពលរដ្ឋ និង​ពលករ ដែល​នៅ​សេសសល់​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ​១៩។

លោកស្រី​ថា គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូវីដ​១៩ ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស (គ.វ.ក-១៩) បាន​និង​កំពុង​បើក​យុទ្ធនាការ​ចាក់​វ៉ក់​សាំង​កូវីដ១៩ ជូន​ដល់​ប្រជាពលរដ្ឋ និង​ពលករ ដែល​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង នៅ​ទូ​ទាំង​ប្រទេស ដោយ​មាន​ការ​ចូល​រួម​ពី​បង​ប្អូនប្រជាពលរដ្ឋ​ក្នុង​ការ​មក​ចាក់​វ៉ាក់សាំង បាន​យ៉ាង​ផុស​ផុល។

លោកស្រី ឱ វណ្ណឌីន បាន​បន្ត​ថា៖ «រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គ.វ.ក-១៩ សង្កេត​ឃើញ​ថា នៅ​មាន​ប្រជាពលរដ្ឋ និង​ពលករ​មួយ​ចំនួនមិន​ទាន់​បាន​មក​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅ​ឡើយ ដោយ​មូល​ហេតុ​ផ្សេងៗ ដូចជា​ពលករ ឬ​ប្រជាពលរដ្ឋ ឬ​និស្សិត​ដែល​បាន​វិល​ត្រឡប់​មក​ពីបរទេស ហើយ​ទើប​បាន​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក ស្ត្រី​ទើប​សម្រាល​កូន​រួច និង​មូលហេតុ​ផ្សេងៗ​ទៀត»។

គួររំឫកថា គ.វ.ក-១៩ បាន​រៀប​ចំ​ទីតាំង​នៃ​មន្ទីរពេទ្យ​ចំនួន ២ កន្លែង គឺ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង និង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក (ពេទ្យជប៉ុន) សម្រាប់​ចាក់​វ៉ាក់​សាំង​កូវីដ​១៩ ដល់​បង​ប្អូន​ទាំង​ជន​ជាតិ​ខ្មែរ រួម​ទាំង​ពលករ និង​ជន​បរទេស ដែល​នៅ​សេស​សល់​មិន​ទាន់​បានចាក់​វ៉ាក់​សាំង​កូវីដ១៩ ហើយ​កំពុង​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

ទន្ទឹមនឹងនេះ សម្រាប់​ប្រជាពលរដ្ឋ និង​ពលករ ដែល​កំពុង​រស់​នៅ​តាម​បណ្តា​ខេត្ត​នានា អាច​ទៅ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩ នៅ​តាម​ទីតាំង​ដែលកំពុង​ធ្វើ​យុទ្ធនាការ ដោយ​ភ្ជាប់​ទៅ​ជាមួយ​នូវ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លង​ដែន ឬ​សៀវភៅ​គ្រួសារ។

លោកស្រី ឱ វណ្ណឌីន បាន​សង្កត់​ធ្ងន់​ថា ៖ «គ.វ.ក-១៩ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ពលករ​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង ទាំងអស់ ដែល​នៅ​សេសសល់​មិន​ទាន់​បាន​ចាក់​វ៉ាក់​សាំង​កូវីដ​១៩ សូម​រួស​រាន់​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ឱ្យ​បាន​គ្រប់​គ្នា ស្រប​ពេល​ជាមួយ​រដ្ឋ​បាល​រាជធានី​ខេត្ត កំពុង​តែ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​កូវីដ១៩ នៅ​ទូទាំង​ប្រទេស»៕

អត្ថបទគួរចាប់អារម្មណ៍