អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសរកឃើញលោកតាអាចារ្យម្នាក់ដែលប្រចាំនៅទីសក្ការៈព្រះអង្គដងកើមានវិជ្ជមានវីរុសកូវីដ១៩ បន្ទាប់ពីអ្នកជំងឺកូវីដ១៩ បំប្លែងថ្មីប្រភទ ដែលតា (Delta) បានទៅកាន់ទីតាំងនេះ។

យោងតាមគេហទំព័ររបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី១៤ ខែសីហានេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅកាន់ទីសក្ការៈព្រះអង្គដងកើ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ១៤ ខែសីហា ត្រូវតាមដានសុខភាព និងទៅធ្វើតេស្ដប្រសិនបើសង្ស័យ នៅទីតាំងយកសំណាក ដែលនៅជិតបំផុត។

គួរបញ្ជាក់ផងដែរថា វីរុសបំប្លែងថ្មីប្រភេទ ដែលតា (Delta) ដែលបានឆ្លងចូលក្នុងប្រទេសកម្ពុជាចាប់តាំងពីចុងខែមីនាឆ្នាំ ២០២១ មកដល់ពេលនេះ បានឆ្លងរាលដាលទៅដល់រាជធានីខេត្តចំនួន ២២ ហើយ គឺនៅសល់តែ ៣ ខេត្តតែប៉ុណ្ណោះ គឺខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ ដែលមិនទាន់រកឃើញមានវីរុសប្រភេទនេះ ដែលសរុបអ្នកឆ្លងមានជិតដល់ ៥០០ នាក់ហើយ។

កាលពីយប់ថ្ងៃទី១៣ ខែសីហា ក្រសួងសុខាភិបាល បានប្រកាសរកឃើញវីរុសប្រភេទនេះ ចំនួន ៦៥ ករណីបន្ថែមទៀត ដែលក្នុងនោះមានទាំងអ្នកដំណើរមកពីបរទេស ពលករខ្មែរមកពីប្រទេសថៃ បុគ្គលិកសុខាភិបាល មន្រ្តីរាជការ និងប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ផងដែរ៕