
ទន្សោងមួយក្បាលត្រូវបានប្រទះឃើញដេកងាប់ ក្នុងតំបន់សហគមន៍ព្រៃឈើប្រាំបីមុម ២។ រូបថត សហការី
កំពង់ស្ពឺៈ សមាជិកសហគមន៍ព្រៃឈើប្រាំបីមុម២ បានដើរល្បាតប្រទះឃើញសត្វទន្សោងបាមួយក្បាលដេកងាប់ ក្នុងតំបន់សហគមន៍ព្រៃឈើប្រាំបីមុម២ ដែលស្ថិតក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែសីហា។
តំណាងសហគមន៍ព្រៃឈើប្រាំបីមុម២ លោក លីវ សារុំ ថ្លែងនៅរសៀលថ្ងៃទី១៤ ខែសីហានេះថា សមាជិកសហគមន៍ព្រៃឈើប្រាំបីមុម២ បានដើរល្បាត និងប្រទះឃើញសត្វទន្សោងបាមួយក្បាលដេកងាប់អស់ជាច្រើនថ្ងៃ បន្ទាប់ពីជាប់អន្ទាក់ដាច់ជើងមុខខាងឆ្វេង។
លោកថ្លែងថា៖ «វាស្លាប់ដោយសារជាប់អន្ទាក់ដាច់ជើង យើងបានឃើញស្នាមជាប់អន្ទាក់អ៊ីចឹងប្រហែលជាវារកចំណីមិនបានស្គមទៅៗ ហើយក៏ស្លាប់បាត់ទៅ។ ប៉ុន្តែវាបានរើដាច់ពីអន្ទាក់ហើយ និងបានមកដេកស្លាប់នៅក្នុងព្រៃ»។
បើតាមលោក សារុំ សហគមន៍ព្រៃឈើប្រាំបីមុម២ បានឃើញសត្វទន្សោងនេះក្នុងការមេរ៉ាសុវត្ថិភាពតាំងពីថ្ងៃទី៧ ខែឧសភា។ សមាជិកសហគមន៍បានដើរល្បាតនិងស្វែងរកសត្វទន្សោងនោះដើម្បីព្យាបាល ប៉ុន្តែរកមិនឃើញ។
លោកថ្លែងថា៖ «ទន្សោងហ្នឹងយើងឃើញវាក្នុងកាមេរ៉ាយូរហើយ ឃើញស្នាមជាប់អន្ទាក់មិនដឹងវាជាប់តាំងពីណាមកទេ វាជាប់អន្ទាក់ឃើញដាច់ជើងមួយ ហើយឃើញជើងមួយទៀតមានឈាមដំបៅហើយវាស្គម។ យើងខំដើរតាមរកវា ប៉ុន្តែរកអត់ឃើញ រហូតដល់ក្រោយមកយើងបានឃើញវាស្លាប់បាត់ទៅហើយ»។
លោក សារុំ បញ្ជាក់ថា ក្រៅពីទន្សោងឈ្មោល នៅមានអន្សោងញីមួយក្បាលទៀត ដែលមានរបួសដាច់ជើងខាងស្តាំផងដែរ។ ពេលនេះសមាជិកសហគមន៍ព្រៃឈើប្រាំបីមុម២ កំពុងស្វែងរកដើម្បី ធ្វើការជួយសង្គ្រោះ៕