ភ្នំពេញៈក្រសួង​សុខាភិ​បាល​បាន​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី ១៥​ ខែសីហា​នេះ​ថា​ មនុស្ស​ចំនួន​ ១៧ ​នាក់​បន្ថែម​ទៀត​បាន​ស្លាប់ ​ដោយ​សារ​ជំងឺ​កូវីដ​១៩​ និង​រកឃើញ​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​បន្ថែម​ទៀត ជិត ​៦០០​ នាក់ ខណៈ​មាន​អ្នក​ជា​សះ​ស្បើយ​ជាង​៧០០​នាក់​ផង​ដែ​រ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាលបាន​ឱ្យដឹង​ថា ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ ចំនួន ៥៨៨​ នាក់​ទៀត និង​មាន​អ្នក​ជា​សះស្បើ​យ​ចំនួន​ ៧៤២​ ដែល​អ្នក​រក​ឃើញ​ថ្មី​នេះ​មាន​ឆ្លង​ក្នុង​សហគម​ន៍​ចំនួន ៣៩៥ ​នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន ១៩៣​នាក់​។

សម្រាប់​ប្រទេស​កម្ពុជា គិត​ត្រឹម​ព្រឹក ថ្ងៃទី​១៥ ​ខែសីហា ឆ្នាំ២០២១នេះ​ ​មាន​អ្នក​កើត​ជំងឺ​កូ​វីដ១៩​សរុប​រហូត​ដល់ ៨៥ ៤៤៨​ នាក់ អ្នកជា​សះ​ស្បើយ​សរុប​ចំនួន ​៨០ ៣៩៦​ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​ដល់ ១៦៨៣​ នាក់៕