ព្រះសីហនុ បុរស​ជនជាតិ​វៀតណាម​ម្នាក់ ​ដែល​សង្ស័យ​ក្នុង​ការជួញដូរ​គ្រឿងញៀន ​ទម្ងន់​ ១៦៩,៦៨ ក្រាម ​ត្រូវបាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ នា​ថ្ងៃទី ១៥ ​សីហា ​និង​ត្រូវបាន​តុលាការ​ចោទ​ពីបទ​ជួញ​ដូរ​គ្រឿងញៀន ​បន្ទាប់ពី​ឃាត់ខ្លួន ​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី១៣​ សីហា​ នៅ​ភូមិ-​សង្កាត់៣ ​ក្រុង​-ខេត្ត​ព្រះសីហនុ។

អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នា​ថ្ងៃនេះ​ថា ​ជន​ឈ្មោះ​ដូង ប្រុស ​ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ក្នុង​បទ​ជួញដូរ​គ្រឿង​ញៀន។ លោក​ថ្លែងថា​៖«បុរស​វៀតណាម​ម្នាក់​នេះ ​ចោទបទ​ជួញដូរ​គ្រឿងញៀន ​និង​រក្សាទុក​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន។ ជន​នេះ​ត្រូវចោទ​តាម​មាត្រា​ ៤០ ច្បាប់​ស្តីពី​ការត្រួត​ពិនិត្យ​គ្រឿង​ញៀន»។

លោក​តាក់ សារិទ្ធ​ ស្នងការរង​ទទួល​ផែនន​គរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ​ប្រាប់ ​ពី​ម្សិលមិញ ​ថា ​បុរស​សង្ស័យ​ជាជន​ជាតិ​វៀត​ណាម​ឈ្មោះ​ដូង ប្រុស ​អាយុ​ ៤៦ ឆ្នាំ ​មុខរបរ ​មិន​ពិតប្រាកដ ​រស់នៅ ​ភូមិ​-សង្កាត់៣ ​ក្រុង​-ខេត្ត​ព្រះសីហនុ។

លោក​ថ្លែងថា​៖«ជន​ម្នាក់នេះ​ពី​ម្សិលមិញ ​[ថ្ងៃទី ១៤​ សីហា] ​ខ្ញុំ​ដឹក​ទៅ​តុលាការ​ម្តង​ហើយ​ តែ​ដោយ​ខាង​តុលាការ​ លោក​ចាត់ចែង​មិនទាន់​ក៏​ផ្ញើ​ទុក​នៅ​ការិយាល័យ​ខ្ញុំ​ ១ យប់​សិន។ ថ្ងៃ​នេះ​ [ថ្ងៃទី ១៥ ​សីហា] ​ទើប​ខ្ញុំ​បញ្ជូន​គាត់​ទៅ​តុលាការ​ម្តង​ទៀត»។​

លោក​ប្រាប់ថា ​បុរស​ជាមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់នេះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ របស់​លោក​តាម​អង្កេត​យូរ​ថ្ងៃ​ហើយ​ បន្ទាប់ពី​មាន​ការ​ចង្អុល​បង្ហាញ​ពី​លោក​ជួន ណារិន្ទ ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ។​ លុះ​នៅ​វេលា​ម៉ោង​ជាង ​១២ យប់​ឈាន​ចូល​ថ្ងៃទី ១៣​ សីហា ​ស្រាប់តែ​ជន​សង្ស័យ​ចេញ​ធ្វើសកម្មភាព​ជួញដូរ ​ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​របស់​លោក​ធ្វើការ​ឃាត់ខ្លួន​បានតែ​ម្តង​នៅ​ភូមិ​-សង្កាត់៣​ ក្រុង​ព្រះសីហនុ។​

លោក​ប្រាប់ថា ​ដើម្បី​អនុវត្ត​គោល​នយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព ​និង​ដើម្បី​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បានល្អ ​គឺ​លោក​ជួន ណារិន្ទ ​បានដឹក​នាំ​កម្លាំង ​ឬ​ចាត់ចែង​ដល់​មន្រ្តី​សមត្ថកិច្ច​ចុះ​យាម​ល្បាត​ជា​ប្រចាំ។​

ការងារ​ល្បាត​នេះ​ត្រូវបាន​អនុវត្ត​ទាំង​ថ្ងៃ​ទាំង​យប់​តែ​ម្តង។ ចំពោះ​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ខាងលើ​ ក្រោយពី​ឃាត់​ខ្លួន​ សមត្ថកិច្ច​ដក​ហូត​បាន​វត្ថុតាង ​រួមមាន ​ម្សៅ​ក្រាម​ពណ៌ស​ថ្លា ​សង្ស័យ​សារធាតុ​ញៀន​ម៉ាទឹកកក​ (ICE)​ ៤៦ កញ្ចប់​ធំ ​និង ​១៧ កញ្ចប់​តូច​សរុប​ទម្ងន់ ​១៦៩,៦៨ ​ក្រាម។ ទូរស័ព្ទ​៣គ្រឿង ​ជញ្ជីង​ថ្លឹង​១គ្រឿង ​សម្ភារ​វេចខ្ចប់ ​មួយ​ចំនួន​ទៀត។

គួរ​បញ្ជាក់ថា ​កាលពី​ថ្ងៃទី៣ ​សីហា ​ខេត្ត​ព្រះសីហនុ ​និង​ខេត្ត​កំពត ​បានដុត​បំផ្លាញ​គ្រឿងញៀន ​រួមគ្នា ​ដែល​ជាវត្ថុតាង​នៅតាម​សាលា​ដំបូង​ខេត្ត​ទាំង ២ ​សរុប​ចំនួន​២០៥សំណុំ​រឿង​ព្រហ្ម​ទណ្ឌ។ នេះ​បើ​តាម​ លោក​សៀង សុខ ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ៕