កំពង់​ឆ្នាំងៈមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បា​នប​ញ្ចូ​ន​សំណាកសាច់​ជ្រូក​បង្កក​ចំនួន០៣ធុង​ក្លាសេ យកមក​ធ្វើ​តេស្ត​រក​មេរោគ​នៅ​មន្ទីរ​​ពិសោធ​ន៍ ​នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​មន្ត្រី​ជំនាញ ស្ទាក់ចាប់​រថយន្ត​ដែលដឹក​​​សាច់​ជ្រូក​ទាំងនេះ ពី​ប្រទេស​ថៃ ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង បម្រុង​យកទៅ​ចែកចាយ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១៥ សីហា​ថា សត្វ​ជ្រូក​បង្កក​ចំនួន០៣ធុង​ក្លាសេ​នេះ គឺ ស្មើនឹង​ ៦៥ ​ក្បាល មាន​ទម្ងន់​ ៤២០ គីឡូក្រាម និង​គ្រឿង​ក្នុង ​៣០​ គីឡូក្រាម ដែលជា​ប្រភេទ​ពូជ​ជ្រូក​កណ្តុរ។

ជ្រូក​ទាំងនេះ ត្រូវ​ដឹក​តាម​រថយន្ត​មួយគ្រឿង មាន​ម៉ាក HYUNDAI ពណ៌សលាយ​ក្រហម ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ​ចំណុះ ២,៥ តោន ពាក់​ស្លាក​លេខ​ចង្កូត​ស្ដាំ​ PSHN 0319 ។

លោក បាន​បញ្ជាក់ថា៖«ត្រូវបាន​ក្រុមការងារ​អន្តរា​គម​ន៌​បង្ក្រាប​បទល្មើស​ចរាចរ​សត្វ សហការ​ជាមួយ​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចរាចរ​សត្វ ​របស់​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត ស្ទាក់​ចាប់បាន​កាលពី​វេលា​ម៉ោង០៥ ព្រឹក ថ្ងៃទី ១៥ ខែសីហា​ឆ្នាំ នៅ​ចំណុច​ភូមិ​អូររូង ឃុំ​ឈូកស ស្រុក​កំពង់​ត្រឡាច»។

បន្ថែម​ពីនេះ ប្រធាន​មន្ទីរ​កសិកម្ម​ ​រូបនេះ ក៏បាន​ឲ្យ​ដឹង​ទៀតថា នេះ​ជា​ករណី​ទី១ ដែល​មន្ត្រី​ជំនាញ​ខេត្តកំពង់ឆ្នាំង បាន​ស្ទាក់​ចាប់​បាន​ប្រភេទ​សត្វ​ជ្រូក​កណ្តុរ​បង្កក​ទាំងនេះ​នៅក្នុង​ខេត្ត។

លោក​បន្តថា គោលដៅ​នៃ​ក្រុម​ឈ្មួញ គឺ​នាំ​​សាច់​ជ្រូក​បង្កក​នេះ​ទៅ​លក់​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ តាម​រថយន្ត​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា​តាម​ច្រករបៀង ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង ដោយ​ពុំមាន​លិខិត​អនុញ្ញាត​អ្វី​ទាំង​អស់។

លោក បាន​បញ្ជាក់ថា៖«បន្ទាប់ពី​បង្ក្រាបបាន ក្រុមការងារ បា​នប​ញ្ចូ​ន​សំណាក​សត្វ​ជ្រូក​ទៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃអាទិត្យ​នេះ​ផងដែរ ដើម្បី​ធ្វើ​ពិសោធន៍​រក​ជំងឺ ហើយ​បើ​ភស្តុតាង​ត្រូវ​រកឃើញថា មាន​ជំងឺ នោះ​ក្រុម​ជំនាញ នឹង​ដុត​កម្ទេច​ចោល»។

យ៉ាង​ណា លោក ងិន ហ៊ុន បាន​សង្កត់​ធ្ងន់​ថា ចំពោះ​ចំណាត់​ការបន្ត​យ៉ាង​ណា​ទៀត​នោះ គឺ​រង់ចាំ​លទ្ធផល​សំណាកនៃ​សាច់​ជ្រូក​ជាមុនសិន ខណៈ​ក្រុមការងារ​បាន​បញ្ជូន​វ​ត្ថុ​តាង​និង​បទល្មើស​ខាងលើនេះ ទៅ​រក្សាទុក​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​សត្វ ​របស់​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ នៃ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កពង់​ឆ្នាំង៕