ភ្នំពេញៈមន្ត្រី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​និង​ប៉ូលិស​អន្តោប្រវេ​សន៍​នៃ​ប្រទេស​នេះកាល​ថ្ងៃ​ទី ១៥​ ខែសីហា ​បានបញ្ជូន​ពលករ​នេសាទ​ខ្មែរ​ម្នាក់​ឱ្យមក​កាន់​កម្ពុជា​វិញ ​​បន្ទាប់ពី​ជួយ​សង្គ្រោះគា​ត់ពី​ការលោត​ចូល​ក្នុង​សមុទ្រ​ដើម្បី​គេច​ពី​ការប៉ុន​ប៉ង​ប្រព្រឹត្ត​មិន​ល្អ​ពី​ក្រុម​ពលករ​បរទេស​ដែលធ្វើ​ការលើ​ទូក​នេសាទ​ជាមួយ​គ្នា​។នេះ​បើតាម​សេចក្ដី​ជូនដំណឹង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​ចុះថ្ងៃទី​១៥​ សីហា ​ពលករ​ខ្មែររូ​បនេះ​ ​ឈ្មោះ ​ប៉ិ ពឿ​ន អាយុ៤១ឆ្នាំ មាន​លំនៅ​ក្នុង​ភូមិ​ត្រឡាច​ស ឃុំ​ត្របែក ស្រុក​កំចាយ​មារ​ ខេត្ត​ព្រៃ​វែង ។ គាត់​បាន​ទៅធ្វើ​ការ​នៅលើ​ទូក​នេសាទ​ដោយ​ខុស​ច្បាប់​នៅ​តំបន់ Panchor​ នៃរដ្ឋ Perak របស់​ម៉ាឡេ​ស៊ី​ តាម​រយៈ ​មេខ្យល់ កាលពី​ដើមឆ្នាំ​២០២០​។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​នេះ​ លោក ​កុយ គួ​ង អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិ​បត្តិ​ការ​អន្ត​រជាតិ​បាន​បញ្ជាក់​ថា៖​«ដោយ​មាន​អារម្មណ៍​ថា​ពលករ​បរទេស​ផ្សេង​ទៀត​ដែល​ធ្វើការ​លើ​ទូក​នេ​សាទ​ជាមួយ​គ្នា​មាន​បំណង​ធ្វើ​បាប​ គាត់​ក៏បាន​សម្រេច​ចិត្ត​លោត​ពីលើ​ទូក​ដោយ​បណ្តែត​ខ្លួន​ជាមួយ​ពោង​រយៈ​ពេល​៤ថ្ងៃ ​នៅលើ​ផ្ទៃសមុទ្រ​ ទើបត្រូវ​ប៉ូលិស​ជើង​ទឹក​ប្រចាំ​តំបន់​Lumut រដ្ឋ​Perak ជួយ​សង្គ្រោះ ​នៅ​ថ្ងៃទី​ ២៦​ ខែមិថុនា ឆ្នាំ ​២០២១»​។

បើតាម​លោក ​កុយ គួ​ង បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នោះ ក្រុម​ការងារ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ​ក៏បាន​សហការ​ជា​មួយ​មន្ត្រី​ប៉ូលិស​ជើង​ទឹក​ប្រចាំ​តំបន់ ដោយ​បាន​ណែនាំ​ឱ្យ​ក្រុម​ភ្នាក់ងារ​ស្ម័គ្រចិត្ត​នៅ​រដ្ឋ​ Perak ទៅ​ទទួល​ពលករ​រងគ្រោះ​ពី​ការិយា​ល័យ​ប៉ូលិស​ជើង​ទឹកនិង​ផ្តល់​ការ​ហូប​ចុក កន្លែង​ស្នាក់នៅ​ជា​បណ្តោះ​អា​សន្ន​នៅ​រដ្ឋ Penang ជាប់​ព្រំប្រទល់​រដ្ឋ Perak។ ទោះ​យ៉ាង​ណា ពលករ​រងគ្រោះ​នោះ​មិន​មាន​ព័ត៌មាន​អ្វី​ទាំង​អស់​ពាក់ព័ន្ធ​នឹង​ថៅកែ​ទូក​ ហើយ​ស្នើសុំ​ស្ថាន​ទូត ជួយ​អន្ត​រាគមន៍​ឱ្យបាន​ត្រឡប់​ទៅ​កម្ពុជា​វិញ​។

លោក ​គួ​ង បាន​បន្ថែម​ថា តាមរយៈ​កម្មវិធី Repatriation Recalibration Plan លោក ប៉ិ ពឿ​ន​ត្រូវ​បាន​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​​ចេញ​លិខិត​ធ្វើដំណើរ​បណ្តោះ​អាសន្ន ​និង​សម្រប​សម្រួល​ជាមួយ​មន្ត្រី​អន្តោ​ប្រវេសន៍​ម៉ាឡេស៊ី ​ជួយ​ចាត់​មន្ត្រីជូន​ដំណើរ​​ទៅកាន់​អាកាស​យានដ្ឋាន​អន្ត​រជាតិ ​KLIA ដើម្បី​ឱ្យ​គាត់​វិល​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ជើង​យន្ត​ហោះ ​អាកាសចរណ៍​សិង្ហបុរី​លេខ SQ158 ដែល​ត្រូវ​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជា​តិ​ភ្នំពេញ​នៅម៉ោង​ ៥:៣០ នា​ទី​ល្ងាច​ថ្ងៃទី​១៥ ខែសី​ហា ឆ្នាំ ២០២១​៕