
ពលរដ្ឋដែលល្មើសនឹងបម្រាមគោចរ ក្នុងការបង្ការកូវីដ១៩ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ១៤ សីហា នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រូបថត រដ្ឋបាលខណ្ឌសែនសុខ
ភ្នំពេញ/កណ្តាល/បាត់ដំបង ក្នុងរយៈពេល ១៤ ថ្ងៃក្នុងខែសីហានេះ សមត្ថកិច្ចបានចាប់បញ្ជូនមនុស្សជិត៨០នាក់ទៅតុលាការ និងធ្វើការអប់រំពិន័យចំនួនជាង ២ ម៉ឺននាក់ ឃាត់យានយន្តជាង ១ ម៉ឺនគ្រឿង ពាក់ព័ន្ធករណីល្មើសវិធានការច្បាប់ នៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេស។
តាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩(គ.អ.ក.) ចាប់តាំងពីដើមខែសីហា រហូតដល់ថ្ងៃទី១៤ ខែសីហានេះ លទ្ធផលអនុវត្តវិធានការច្បាប់នៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅទូទាំងប្រទេស សមត្ថកិច្ចបានចាប់បញ្ជូនមនុស្ស៧៦នាក់ទៅតុលាការ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល និងបានធ្វើការឃាត់យានយន្តចំនួន ១០ ៤៤២ គ្រឿង ធ្វើការអប់រំពិន័យមនុស្សចំនួន ២៤ ៦៥៤ នាក់។
ក្នុងសេចក្តីជូនដំណឹងបានឲ្យដឹងថា សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ១៣ ០៦៤ ករណី ទៅលើទីតាំងចំនួន ១៦ ២១៤ និងពិន័យជាប្រាក់បានចំនួន ៥៥៤ ៦០០ ០០០ រៀល។
លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងនាថ្ងៃនេះថា សម្រាប់នៅរាជធានីភ្នំពេញ មានការញែកដាច់ជា២ក្នុងការអនុវត្តវិធានច្បាប់។ ក្នុងនោះវគ្គដំបូងគឺចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី១២ ខែសីហា ដែលធ្វើការឃាត់យានយន្តបាន ១ ៩៦០ គ្រឿង ក្នុងនោះមានរថយន្តចំនួន៥៨០គ្រឿង ធ្វើការផាកពិន័យរួចរាល់ចំនួន ៥២៥ គ្រឿង។ ក្រៅពីនោះយកទៅរក្សាទុកនៅតាមបណ្តាខណ្ឌ។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស ៩៥ នាក់ និងបញ្ជូនទៅតុលាការ៣៧នាក់ផងដែរ។
លោកសុខសីហាបញ្ជាក់ថា ដោយឡែកក្នុងការអនុវត្តវិធានការច្បាប់ក្នុងវគ្គទី២ តាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺអនុវត្តចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៩ ខែសីហា ដែលមានរយៈពេល ១ សប្តាហ៍។
លោកថ្លែងថា៖«២ថ្ងៃដំបូងដែលយើងអនុវត្តវគ្គទី២នេះយើងឃាត់យានយន្តល្មើសបាន៦៤គ្រឿង ក្នុងនោះមានរថយន្ត១៧គ្រឿង ហើយធ្វើការផាកពិន័យរួចរាល់ចំនួន ២២ គ្រឿង ក្នុងនោះមានរថយន្ត ៦ គ្រឿង។ ក្រៅពីនោះសមត្ថកិច្ចបានឃាត់មនុស្សចំនួន ៨៩ នាក់ ផាកពិន័យចំនួន ៥៩ នាក់ និងបញ្ជូនទៅតុលាការចំនួន ១៤ នាក់»។
លោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងនាថ្ងៃនេះថា កម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្តាលបានធ្វើការអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ជាមួយគ្នាទាំងព្រម។ ក្នុងពេលថ្មីៗនេះ បានកសាងសំណុំរឿងបញ្ជូនមនុស្សម្នាក់ទៅតុលាការពាក់ព័ន្ធករណីលួចបើកហាងផឹកស៊ីផងដែរ។ ដោយឡែកភ្ញៀវដែលចូលទៅទទួលទាននៅទីនោះគឺសមត្ថកិច្ចធ្លាប់ធ្វើការផាកពិន័យ។
លោកថ្លែងថា៖«យើងនៅតែបន្តធ្វើជាប្រចាំ បើសិនជាក្នុងករណីមានកន្លែងណាប្រមូលផ្តុំ យើងធ្វើការត្រួតពិនិត្យនិងឃាត់ ហើយបើម្ចាស់ទីតាំងយើងបញ្ជូនទៅតុលាការ។ ដោយឡែកសម្រាប់អ្នកដែលល្មើសក្នុងកម្រិតមួយដែលត្រូវអនុវត្តវិធានការពិន័យតាមច្បាប់កូវីដ អាហ្នឹងយើងពិន័យចន្លោះពី ១ លានទៅ ៥ លានរៀល»។
លោកសុចិត្ត បញ្ជាក់ថា ប្រជាពលដ្ឋមានការចូលរួមច្រើនក្នុងការអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ខុសគ្នាកាលពីពេលមុនដែលពលរដ្ឋមានការប្រសេចប្រសាចច្រើន។ សូម្បីនៅក្នុងក្រុងតាខ្មៅកន្លែងហាងមួយចំនួនមានការបិទ និងមិនមានការលួចបើកដូចមុនទៀតទេ។ ទោះយ៉ាងណាលោកទទួលស្គាល់ថា មានកន្លែងមួយចំនួននៅតែមានការលួចជួបជុំមិត្តភក្តិ មិនចូលរួមការពារជំងឺកូវីដ ១៩ ផងដែរ។
លោកសាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ថ្លែងនាថ្ងៃនេះដែរថា សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង់នៅតែបន្តអនុវត្តវិធានការច្បាប់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ លោកថា កម្លាំងសមត្ថកិច្ចនៅគ្រប់គោលដៅ បានបែងចែកគ្នាល្បាតត្រួតពិនិត្យ និងអប់រំផ្សព្វផ្សាយ ណែនាំបន្ថែមដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩។
លោកថ្លែងថា៖«យើងនៅតែអនុវត្តជាប្រចាំ លើកលែងតែសភាពការណ៍កូវីដហ្នឹងស្ងប់ស្ងាត់ឡើងវិញ ហើយអាជ្ញាធរ គាត់មានគោលការណ៍ថ្មីទៀត យើងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។ យ៉ាងណាឥឡូវកម្លាំងនៅមូលដ្ឋាន និងប៉ុស្តិ៍រដ្ឋបាល ទាំងអធិការដ្ឋាន គឺអនុវត្តជាប្រចាំគ្រប់ទីកន្លែង»៕